165 / 365 នៃមេរៀនជីវិតរីករាយ

14 Jun 2025
165 / 365 នៃមេរៀនជីវិតរីករាយ

“គាត់ឥឡូវប្លែកម្លេះ? គាត់ខុសពីមុនខ្លាំងណាស់។ កាលពីមុនគាត់មិនងាយខឹង មិនឆេវឆាវចឹងទេ?”
ទាំងនេះគឺជាពាក្យដែលអ្នកអាចនិយាយខ្លួនឯងផ្ទាល់ ឬក៏អ្នកដទៃនិយាយពីអ្នក។ ជាញឹកញយណាស់ដែលយើងតែងតែគិតថា អ្នកដទៃប្លែកខុសពីមុន ហើយយើងមិនដែលគិតថា ខ្លួនឯងប្លែកនោះឡើយ។ ពាក្យថាប្លែកមានន័យថា ខុសពីអ្វីដែលយើងធ្លាប់បានឃើញធ្លាប់បានស្គាល់។ តែយើងប្រហែលជាបានភ្លេចនូវច្បាប់ធម្មជាតិមួយដែលថា៖ គ្រប់យ៉ាងតែងតែប្រែប្រួល។ គាត់ប្រែប្រួល យើងក៏ប្រែប្រួល គ្រប់គ្នាគឺសុទ្ធតែប្រែប្រួល។ ការប្រែប្រួលនៅក្នុងរឿងមួយនេះមានដូចជា៖

  • ការលើកដាក់សម្លេងរបស់យើងកាលពីមុន ខុសពីឥឡូវនេះ ដូច្នេះហើយ ពាក្យដដែលដែលយើងនិយាយ ក៏អាចធ្វើឲ្យទទួលបានអារម្មណ៍ផ្សេងគ្នាបានដែរ។
  • ទំនាក់ទំនងយើង និងគាត់កាលពីមុន ប្រហែលខុសពីឥឡូវនេះ (អាចស្និទ្ធស្នាល ឬឃ្លាតឆ្ងាយជាងមុន)
  • ទំនួលខុសត្រូវរបស់គាត់កាលពីមុន ប្រហែលជាតិចជាងឥឡូវនេះ។
  • គាត់កាលពីមុនប្រហែលមានសុខភាពល្អជាងឥឡូវនេះ (ទាំងផ្លូវកាយ និងផ្លូវចិត្ត)

ដូច្នេះ ភាពប្លែករបស់ពួកយើង គឺជារឿងធម្មតាទេនៅក្នុងដំណើរជីវិតមួយនេះ។ បើយើងកំពុងខកចិត្តនឹងនរណាម្នាក់ដោយសារយល់ថាគាត់ប្លែកជាងពីមុននោះ អ្វីដែលយើងគួរធ្វើ គឺត្រូវព្រមទទួលយកច្បាប់ធម្មជាតិនៃការប្រែប្រួលនេះ ហើយគួរតែស្វែងយល់ពីគាត់ ថាតើភាពប្លែករបស់គាត់នេះមកពីអ្វី? មកពីទំនួលខុសត្រូវរបស់គាត់ច្រើនជាងមុន មកពីសុខភាពផ្លូវចិត្តរបស់គាត់កំពុងចុះខ្សោយ ឬមួយគាត់កំពុងជួបបញ្ហាផ្ទួនៗគ្នាច្រើនជាងមុន? ហើយបើដូចនេះ តើអ្នកគួរតែអន់ចិត្តនឹងគាត់ ខឹងគាត់ ឬក៏គួរតែអាណិតគាត់។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ