240 / 365 នៃមេរៀនជីវិតរីករាយ

28 Aug 2025
240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។

អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

239 / 365 នៃមេរៀនជីវិតរីករាយ

239 / 365 នៃមេរៀនជីវិតរីករាយ

អ្នកមិនអាចបញ្ឈប់អ្នកដទៃកុំឱ្យវាយតម្លៃមកលើអ្នកបាននោះឡើយ តែអ្នកត្រូវចាំថា តម្លៃរបស់អ្នកក៏មិនធ្លាក់ចុះឬប្រែប្រួលទៅតាមពាក្យសម្តីនិងការយល់ឃើញរបស់ពួកគាត់ដែរ។ ហើយបើអ្នកខឹងឬអន់ចិត្តដែលពួកគាត់វាយតម្លៃអ្នក ចូរអ្នកគិតដល់ហេតុផលពីរយ៉ាងនេះ។ ហេតុផលទី១៖ គាត់ឱ្យតម្លៃអ្នកទៅតាមសមត្ថភាពរបស់គាត់តែប៉ុណ្ណោះ វាដូចជាអ្នកទិញដែលមានប្រាក់តិចតួចព្យាយាមបន្ទាបតម្លៃអ្វីដែលគាត់ចង់បាន។ ហេតុផលទី២៖ គាត់ឱ្យតម្លៃអ្នកទៅតាមអ្វីដែលជាគាត់ វាដូចសត្វមាន់នឹងជ្រើសរើសយកគ្រាប់ស្រូវជាជាងដុំពេជ្យមួយដុំដូច្នោះដែរ។ ដូច្នេះ ចូរអ្នកបន្តអភិវឌ្ឍ បន្តរស់នៅជាខ្លួន និងបន្តធ្វើល្អតទៅទៀត ព្រោះទង្វើទាំងអស់នេះហើយដែលធ្វើឱ្យអ្នកកាន់តែមានតម្លៃ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ