166 / 365 នៃមេរៀនជីវិតរីករាយ

15 Jun 2025
166 / 365 នៃមេរៀនជីវិតរីករាយ

គ្រួសារខ្ញុំមិនមានទេ។ កាលនៅតូចៗ ពួកយើងរកបានព្រឹកខ្វះល្ងាច។ ស្របគ្នានោះដែរ ដោយសារខ្ទមកំសត់របស់ពួកយើងទ្រុឌទ្រោមខ្លាំងពេក ទើបឪពុកម្តាយខ្ញុំត្រូវធ្វើផ្ទះថ្មីមួយ។ ទោះគ្មានប្រាក់យ៉ាងណា ក៏ពួកគាត់ចាប់ផ្តើមសន្សំទិញឈើម្តងបន្តិចៗ។ ពេលខ្លះក៏ដូរឈើជាមួយស្រូវក៏មាន។ បន្ទាប់មកទៀត ពួកគាត់ក៏ចាប់ផ្តើមធ្វើរឿងទាំងឡាយណា ដែលគាត់អាចធ្វើបានដោយខ្លួនឯង ឬពឹងអ្នកជិតខាង ដោយមិនចាំបាច់ជួលជាង។ មិនយូរប៉ុន្មាន ពួកយើងក៏ចាប់ផ្តើមរស់នៅក្រោមផ្ទះថ្មីដែលមិនទាន់រួចរាល់មួយ ដែលមានត្រឹមតែសរសរ និងគ្រោងឈើប៉ុណ្ណោះ។ ពីមួយខែទៅមួយខែ ផ្ទះក៏ចាប់ផ្តើមលេចរូបរាងបន្តិចៗម្តងៗឡើង ទោះបីជាវាប្រើពេលយូរបន្តិចក៏ដោយ។ បីឆ្នាំក្រោយមក ពួកយើងក៏អាចជ្រកកោននៅក្នុងផ្ទះរបស់យើង ដោយមិនបាច់ភ័យខ្លាចពីភ្លៀងទទឹកទៀតនោះទេ។ ពេលក្រឡេកទៅក្រោយវិញ អ្នកម៉ែមានក៏ប្រសាសន៍ថា៖ គាត់មិនដែលគិតថា ពួកយើងអាចមានប្រាក់ធ្វើផ្ទះបាននោះទេ តែឥឡូវនេះយើងមានផ្ទះនៅហើយ។

បើអ្នកក្រឡេកទៅមើលខ្លួនឯងវិញ អ្នកក៏ប្រហែលជាធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះដែរ។ បើអ្នកអង្គុយតែគិត មានរឿងច្រើនណាស់ដែលអ្នកគិតថាទៅមិនរួច តែចូរកុំអស់សង្ឃឹមនឹងទំហំគោលដៅរបស់អ្នកឡើយ។ អ្វីដែលអ្នកអាចចាប់ផ្តើមឥឡូវនេះ គឺចាប់ផ្តើមធ្វើរឿងទាំងឡាយណាដែលចាំបាច់ បន្ទាប់មក ក៏ធ្វើរឿងទាំងឡាយណាដែលអ្នកអាចធ្វើបាន ហើយបន្ទាប់មកទៀត អ្នកក៏កំពុងតែធ្វើរឿងដែលអ្នកធ្លាប់គិតថា វាទៅមិនរួចជាមិនខាន។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ