អ្នកបានផ្ញើរសារទៅមិត្តភក្តិ តែគាត់មិនទាន់តបសាររបស់អ្នកទេ។ ពេលនោះ អ្នកក៏ខឹង ក៏អន់ចិត្ត អ្នកក៏រងទុក្ខ។
អ្នកធ្វើការអស់ពីសមត្ថភាពហើយ តែមេរបស់អ្នកនៅតែស្តីបន្ទោស អ្នកខឹង អ្នកអន់ចិត្ត អ្នកក៏រងទុក្ខ។
អ្នកពេញចិត្តនឹងនរណាម្នាក់ តែគាត់មិនមានចិត្តលើអ្នកវិញទេ អ្នកក៏ពិបាកចិត្ត អ្នកក៏រងទុក្ខ។
មានគេប្រាប់អ្នកថា ហាងអាហារមួយកន្លែងឆ្ងាញ់ណាស់ អ្នកក៏សាកម្ហូបនៅទីនោះ តែវាមិនឆ្ងាញ់ដូចអ្វីដែលអ្នករំពឹងទុក អ្នកមិនសប្បាយចិត្ត អ្នកក៏រងទុក្ខ។
ក្នុងមួយថ្ងៃៗមានរឿងច្រើនណាស់ដែលធ្វើឲ្យយើងរងទុក្ខ។ ហើយពេលដែលរឿងទាំងអស់នោះកើតឡើង យើងតែងតែនិយាយថា មកពីអ្នកនេះមកពីអ្នកនោះទើបខ្ញុំរងទុក្ខ។ តែបើយើងសង្កេតមើលឲ្យជ្រៅបន្តិច យើងមិនមែនរងទុក្ខដោយសារកត្តាខាងក្រៅទាំងអស់នោះទេ តែយើងរងទុក្ខដោយសារការចង់បានឲ្យអ្វីៗគ្រប់យ៉ាងដូចចិត្តរបស់យើង។
ធម្មជាតិពិតជាយល់យ៉ាងច្បាស់ថា ពួកយើងមិនគួរមានអំណាចគ្រប់គ្រងលើរឿងគ្រប់យ៉ាងនោះទេ ព្រោះបើមិនដូច្នោះទេ ពិភពលោកទាំងមូលនឹងរលាយជាមិនខាន ដោយសារភាពខ្វែងគំនិតគ្នា ភាពមិនដូចគ្នា និងមហាអំណាចដែលយើងម្នាក់ៗមាននៅក្នុងដៃ។ តែធម្មជាតិពិតជាយល់យ៉ាងច្បាស់ថា ពួកយើងគួរតែមានអំណាចគ្រប់គ្រងខ្លួនឯង ដើម្បីសម្របខ្លួនរស់នៅជាមួយគ្នាបាន។
ដូច្នេះ រាល់ពេលដែលអ្នកមិនសប្បាយចិត្តម្តងៗ អ្នកអាចធ្វើការឆ្លុះបញ្ចាំងទៅមើលថា តើអ្វីដែលធ្វើឲ្យអ្នករងទុក្ខពិតប្រាកដ? ហើយសាកគិតទៀតថា បើមនុស្សគ្រប់គ្នាមានអំណាចអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងឲ្យទៅតាមចិត្តរបស់ខ្លួន តើពិភពលោករបស់យើងនឹងទៅជាយ៉ាងណាដែរ? ធម្មជាតិបានឲ្យអំណាចគ្រប់គ្រងខ្លួនឯងមកឲ្យអ្នកហើយ តើអ្នកអាចប្រើប្រាស់វាដោយវិធីណា?
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ