ដើម្បីកុំឲ្យពិបាកចិត្ត រាងកាយមួយនេះត្រូវតែញ៉ាំអាហារ ព្រោះបើមិនដូច្នោះទេ រាងកាយនឹងឈឺ ហើយចិត្តនឹងពិបាកនឹងឈឺដែរ។
ដើម្បីកុំឲ្យពិបាកចិត្ត រាងកាយត្រូវខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីរកប្រាក់ ព្រោះបើគ្មានប្រាក់ ចិត្តនឹងពិបាក។
ដើម្បីកុំឲ្យពិបាកចិត្ត សម្រស់គឺត្រូវតែស្អាត ព្រោះបើមានគេមើលងាយថាខ្លួនមិនស្អាត ចិត្តនឹងពិបាក។
ពេលពិបាកចិត្ត គំនិតចង់ដើរលេងក៏កើតមានឡើងដើម្បីធ្វើយ៉ាងណាឲ្យចិត្តបានធូរស្បើយ ព្រោះបើចិត្តនៅតែបន្តពិបាក រាងកាយក៏នឹងធ្លាក់ឈឺដុនដាបដូចគ្នា។
បើយើងសង្កេតមើលទៅ ចិត្តប្រៀបបានជាស្តេចនៃនគរមួយ ឯរាងកាយមួយនេះគឺជាកងទ័ព។ អ្វីដែលរាងកាយមួយនេះខំប្រឹងប្រែងធ្វើរាល់ថ្ងៃ គឺដើម្បីការពារចិត្ត ព្រោះបើចិត្តមានរឿង ខ្លួនក៏មិនបានសុខដែរ។ ចុះអ្នកជានរណា? អ្នកជារាជ្យគ្រូរបស់ចិត្ត (រាជ្យគ្រូរបស់ស្តេច)។ បើអ្នកអប់រំស្តេចនៃនគរអ្នកបានល្អ នោះនគរទាំងមូលនឹងរស់នៅមានសុខសន្តិភាព តែបើមិនដូច្នោះទេ នគរទាំងមូលនឹងជួបភាពវឹកវរ រងគ្រោះព្រោះស្តេចត្រូវការការផ្គាប់ផ្គុនខុសទំនង។ តួនាទីរបស់អ្នកគឺពិតជាសំខាន់ណាស់ ដែលទាមទារឲ្យអ្នកត្រូវអភិវឌ្ឍខ្លួនឯងជារឿយៗ ដើម្បីអាចបង្រៀនហ្វឹកហាត់ស្តេចរបស់អ្នក(ចិត្តរបស់អ្នក) រាល់ថ្ងៃបាន។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ