199 / 365 នៃមេរៀនជីវិតរីករាយ

18 Jul 2025
199 / 365 នៃមេរៀនជីវិតរីករាយ

ធម្មជាតិពិតជាបានផ្តល់ភាពអស្ចារ្យដល់អ្នកក្នុងការសម្របខ្លួនដើម្បីអាចរស់នៅជីវិតមួយនេះ ជាពិសេសពេលដែលអ្នកកំពុងជួបការលំបាកនិងឧបសគ្គនានា។ ខ្ញុំនឹងលើកយករឿងតូចមួយមកពិសោធ នោះគឺភាពងងឹត។ អ្នកអាចជាមនុស្សខ្លាចងងឹតខ្លាំង ព្រោះអ្នកធ្លាប់ឆ្លងកាត់បទពិសោធអាក្រក់មួយនៅពេលងងឹត។ អ្នកក៏ប្រហែលជាមនុស្សខ្លាចងងឹតតិចៗដែរ ព្រោះពេលងងឹតអ្នកមើលអីមិនឃើញ។ ឬមួយអ្នកអាចជាមនុស្សដែលមានចិត្តនឹងនរមិនខ្លាចងងឹតសោះ។ មិនថាបទពិសោធអ្នកយ៉ាងណាចំពោះភាពងងឹតនោះទេ អ្វីដែលខ្ញុំចង់ឲ្យអ្នកពិសោធនោះគឺ តើមានអ្វីកើតឡើងនៅពេលងងឹត? តោះសាកល្បងពិសោធមើលទាំងអស់គ្នា។

យប់នេះពេលអ្នកគេង បិទភ្លើងទាំងអស់នៅក្នុងបន្ទប់របស់អ្នកតែកុំទាន់បិទភ្នែក (សម្រួលអារម្មណ៍បើអ្នកខ្លាចងងឹតខ្លាំង ហើយមិនអាចគេងដោយបិទភ្លើងបាន)។ បន្ទាប់មកទៀតនៅស្ងៀម២ទៅ៣នាទី ពេលនោះអ្នកនឹងសង្កេតឃើញថាខ្លួនឯងនឹងចាប់ផ្តើមអាចមើលឃើញនៅក្នុងភាពងងឹតនោះ ហើយវាមិនងងឹតខ្លាំងដូចជាពេលដែលអ្នកបិទភ្លើងពីដំបូងនោះទេ។ តើមានអ្វីកើតឡើង? នៅពេលងងឹត ប្រស្រីភ្នែកខ្មៅរបស់អ្នកនឹងរីកធំជាងមុនដើម្បីឲ្យអ្នកអាចមើលឃើញសូម្បីតែពន្លឺដ៏តិចតួចមែនទែន។ ធម្មជាតិនៃប្រស្រីភ្នែករបស់យើងអាចរីកឬរួមទៅតាមស្ថានភាពដែលយើងកំពុងជួបប្រទះដើម្បីជួយយើង ដូចជាពេលងងឹត ភ្លឺខ្លាំង សប្បាយចិត្ត ឬពេលជួបគ្រោះថ្នាក់ជាដើម។ ជាទូទៅភ្នែករបស់យើងតែងតែត្រូវការពេលក្នុងការសម្របខ្លួន ឧទាហរណ៍ពីភ្លឺទៅងងឹត (dark adaptation)។ នេះជាការពិតមួយដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ។

eyes pupil darkness adaptation

ចុះតើខ្ញុំលើកវាមកបកស្រាយធ្វើអ្វី? អ្វីដែលខ្ញុំចង់និយាយនោះគឺ ការរស់នៅជីវិតអ្នកក៏ដូចគ្នា។ អ្នកអាចធ្លាប់ឆ្លងកាត់បញ្ហានៅក្នុងជីវិតរហូតដល់អ្នកបាក់ស្បាត ឬអ្នកអាចជួបបញ្ហាភ្លាមភ័យភ្លាម តែភ័យមិនយូរទេ រួចហើយអ្នកក៏បន្សាំខ្លួនឯងជាមួយបញ្ហានោះ បន្ទាប់មកព្យាយាមរកដំណោះស្រាយសម្រាប់វា។ ពេលអ្នករៀនបន្សាំខ្លួនយូរៗទៅ អ្នកនឹងយល់ច្បាស់ពីដំណើរនៃការជួបបញ្ហាក្នុងជីវិត និងដំណើរនៃការដោះស្រាយវាជាមិនខាន ហើយពេលនោះ អ្នកនឹងមិនតក់ស្លត់ពេលជួបបញ្ហាទាំងអស់នោះទៀតទេ។ តែបើខណៈណាដែលអ្នកពិបាកសម្របខ្លួននឹងវា អ្នកក៏ត្រូវប្រាប់ខ្លួនឯងថា៖ “ធម្មជាតិបានឲ្យសមត្ថភាពដ៏អស្ចារ្យមកខ្ញុំក្នុងការសម្របខ្លួននឹងស្ថានភាពផ្សេងៗ ហើយផ្នែកជាច្រើននៃរាងកាយរបស់ខ្ញុំក៏បានប្រើប្រាស់សមត្ថភាពពិសេសមួយនោះហើយ ចុះមានរឿងអ្វីដែលចិត្តខ្ញុំមិនអាចធ្វើបាននោះ?”

ដូច្នេះហើយ គ្រប់ពេលដែលអ្នកជួបបញ្ហាហើយអ្នកខ្លាចវានោះ កុំភ្លេចទុកពេលឲ្យខ្លួនឯងរៀនសម្របខ្លួនជាមួយវា ហើយបន្ទាប់មកទៀត អ្នកនឹងអាចដឹងពីអ្វីដែលត្រូវធ្វើជាមិនខាន។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ