201 / 365 នៃមេរៀនជីវិតរីករាយ

20 Jul 2025
201 / 365 នៃមេរៀនជីវិតរីករាយ

ក្មេងតូចអាយុ៧ឆ្នាំម្នាក់បានមើលវីដេអូព្យុះសូណាមិនៅជប៉ុន ហើយក៏ប្រាប់ទៅប៉ាខ្លួនថាមិនចង់ទៅជប៉ុនទេព្រោះព្យុះសាហាវណាស់។ ដោយសារតែក្មេងតូចចូលចិត្តមើលវីដេអូបែបហ្នឹង ទើបគាត់មិនដែលចង់ទៅណានោះទេ។ ពិតជាគួរឲ្យអាណិតក្មេងតូចកំសត់ណាស់ ដែលត្រូវបានខ្មោចទូរសព្ទ័ធ្វើឲ្យគាត់យល់ថាពិភលលោកទាំងមូលគួរឲ្យខ្លាច។

ខ្ញុំជាមនុស្សធំអាចពិចារណាបាន ទើបខ្ញុំយល់ថាពិភពលោកគឺពិតជាស្រស់ស្អាតណាស់។ តែក៏មានមនុស្សធំខ្លះបដិសេធការយល់ឃើញនេះដែរ។ ពួកគេយល់ថា ពិភពលោកពោរពេញទៅដោយមនុស្សអាក្រក់ច្រើនណាស់ វាមិនស្រស់ស្អាតទេ ដូច្នេះហើយកុំទុកចិត្តអ្នកណាឲ្យសោះ។ ឯអ្នកខ្លះទៀតក៏ធ្លាប់យល់ថាពិភពលោកស្រស់ស្អាតដែរ តែដោយសារខ្លួនជួបការបោកប្រាស់ ឬខកចិត្តច្រើនដងពេក ពួកគាត់ក៏យល់ថាពិភពលោកមិនស្រស់ស្អាតដូចអ្វីដែលខ្លួនធ្លាប់បានគិតកន្លងមកទេ។

អាក្រក់ឬល្អវាអាស្រ័យទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ។ តែទោះបីជាខ្ញុំធ្លាប់ត្រូវបានគេបោក គេកុហក កេងប្រវ័ញ្ច ឬជួបរឿងមិនល្អផ្សេងៗទៀតក៏ដោយ ក៏ខ្ញុំនៅតែយល់ថាពិភពលោកគឺស្រស់ស្អាតដដែល ព្រោះខ្ញុំយល់ពីធម្មជាតិរបស់មនុស្សដែលមានចិត្តមិនទាន់បានអប់រំដល់កំរិត គឺតែងតែអាចកុហក កេងប្រវ័ញ្ច ឬធ្វើរឿងណាមួយដែលមិនត្រឹមត្រូវបាន។ ដូច្នេះហើយ តើខ្ញុំទៅខឹងនឹងការពិតមួយនេះបានប្រយោជន៍អ្វី? អ្វីដែលខ្ញុំអាចធ្វើបានគឺរៀនសូត្រពីមេរៀនទាំងនោះ ហើយក៏ប្រើប្រាស់វាដើម្បីការពារខ្លួនទៅថ្ងៃក្រោយ។ បើយើងយល់ថាពិភពលោកគួរឲ្យខ្លាច យើងនឹងមិនអាចរស់នៅជីវិតមួយនេះឲ្យប្រសើរបានឡើយ តែបើយើងយល់ថាវាស្រស់ស្អាត និងចេះរស់នៅដោយការប្រុងប្រយ័ត្នតាមការគួរ នោះយើងនឹងរីករាយរស់នៅជីវិតមួយនេះជាមិនខាន យើងនឹងមិនរស់នៅដូចក្មេងតូចដែលបានរៀបរាប់ខាងលើនោះទេ។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ