ជាញឹកញយណាស់ដែលយើងមិនទុកចិត្តខ្លួនឯង ព្រោះយើងបានទទួលឥទ្ធិពលពីសង្គមជុំវិញ។ បើយើងសង្កេតបន្តិច យើងនឹងឃើញថា មានរឿងជាច្រើនដែលបង្រៀនឲ្យយើងដើរតាមអ្នកដទៃក៏ដូចជាសង្គមខាងក្រៅ ជាជាងទុកចិត្តខ្លួនឯងដើរតាមខ្លួនឯង។ ឧទាហរណ៍ខ្លះៗ៖
- សង្គមបានប្រាប់ថា អ្វីក៏ដោយឲ្យតែខុសគេគឺមិនល្អគឺមិនត្រឹមត្រូវ។ ជាលទ្ធផល យើងនឹងមិនដែលធ្វើអ្វីដែលយើងយល់ថាល្អទេ បើគ្មាននរណាម្នាក់ធ្វើវា។
- កម្មវិធីទូរសព័្ទដែលយើងប្រើតែងតែបង្ហាញតួលេខនៃអ្នកទស្សនា អ្នកអាន អ្នកចូលចិត្តជាដើម។ ជាទូទៅ យើងតែងតែចាប់អារម្មណ៍នឹងចំនួនតួលេខច្រើន ទោះបីជាយើងយល់ថាវាមិនទំនងក៏ដោយ។ ជាលទ្ធផល យើងក៏ចូលទៅមើលវា។
- មានសៀវភៅមួយក្បាលដែលទាក់ចិត្តយើង តែវាមិនសូវមានអ្នកស្គាល់ ឬមានការបង្ហាញចំណាប់អារម្មណ៍តិច (Review) យើងក៏ស្ទាក់ស្ទើរក្នុងការអានវា។
សកម្មភាពប្រចាំថ្ងៃបែបនេះហើយដែលបង្រៀនយើងដោយមិនដឹងខ្លួន ឲ្យជឿទៅលើកត្តាខាងក្រៅជាជាងខ្លួនឯង។ មិនខុសទេ មនុស្សយើងគឺជាជនសង្គមដែលត្រូវការការរស់នៅជាមួយគ្នា តែធម្មជាតិក៏បានឲ្យសមត្ថភាពពិសេសមកយើងក្នុងការគិតពិចារណា ដូច្នេះយើងក៏ត្រូវប្រើប្រាស់វាដែរ។ ចូរយើងដើរតាមសង្គមចុះ បើយើងមិនអាចគិតឃើញពីអ្វីដែលគួរធ្វើ។ តែបើពិចារណាដឹងយ៉ាងច្បាស់ពីអ្វីដែលគួរឬមិនគួរហើយ ខ្លួនអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអ្នកគួរតែដើរតាម គួរតែទុកចិត្ត។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ