210 / 365 នៃមេរៀនជីវិតរីករាយ

29 Jul 2025
210 / 365 នៃមេរៀនជីវិតរីករាយ

តើអ្នកណានឹងអាចហាមឃាត់អ្នកមិនឲ្យរីករាយបាននោះ? អ្នកច្បាស់ជាអាចតបវិញថា គឺអ្នកនេះបានធ្វើបាបចិត្តខ្ញុំ ឬអ្នកនោះបានធ្វើឲ្យខ្ញុំឈឺចិត្ត ខូចចិត្ត ខកចិត្តទើបខ្ញុំមិនអាចរីករាយបាន។ តើអ្នកប្រាកដចិត្តទេថាពិតជាពួកគេទាំងអស់នោះ? បើអ្នកសង្កេតបន្តិចអ្នកនឹងអាចឃើញថា មនុស្សទាំងអស់ និងកត្តាខាងក្រៅទាំងអស់នោះពិតជាគ្នានឥទ្ធិពលអ្វីមកលើអ្នកក្រៅពីអ្នកខ្លួនឯងនោះឡើយ។ ពួកគេបានធ្វើរឿងដែលពួកគេយល់ថាត្រឹមត្រូវ តែការបកប្រែរបស់អ្នក ការរំពឹងទុករបស់អ្នក ក៏ដូចជារបួសចាស់របស់អ្នកដែលមិនទាន់ព្យាបាលជាសះស្បើយឯនោះទេ ដែលបានធ្វើឲ្យអ្នកឈឺចាប់ពិតប្រាកដ។ ដូច្នេះគន្លឹះដ៏សំខាន់មួយក្នុងការរស់នៅជីវិតរីករាយបានច្រើន គឺមិនមែនជាកត្តាខាងក្រៅនោះទេ តែគឺជាការគិតរបស់អ្នកផ្ទាល់។ ពេលដែលអ្នកយល់ច្បាស់នូវធម្មជាតិពិតមួយនេះ អ្នកនឹងមិនងាយខឹង មិនងាយស្អប់ និងមិនងាយពិបាកចិត្តឡើយ ហើយបើទោះបីជាពិបាកចិត្តក៏អ្នកងាយនឹងត្រលប់មករកភាពរីករាយបានលឿនវិញដែរ។


ដោយក្តីស្រលាញ់ពី AromToday ♥️ 
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ