226 / 365 នៃមេរៀនជីវិតរីករាយ

14 Aug 2025
226 / 365 នៃមេរៀនជីវិតរីករាយ

អ្នកដែលធ្លាប់ចាប់អារម្មណ៍ទេថា តើអ្នកនឹងទៅជាយ៉ាងណាពេលដែលអ្នកគ្មានដង្ហើមដក? ចុះពេលដែលអ្នកគ្មានសម្លៀកបំពាក់បិទបាំងខ្លួនប្រាណ? ចុះបើអ្នកមិនអាចមើលឃើញពិភពលោក ព្រោះភ្នែកទាំងគូរបស់អ្នកបាត់បង់? ហើយតើអ្នកមានអារម្មណ៍បែបណា បើអ្នកមិនអាចដើរបានដោយខ្លួនឯង? ចុះពេលអ្នកចង់ញ៉ាំអាហារ តែដៃរបស់អ្នកបានបាត់បង់ទៅហើយ?

សំណួរខ្លះវាពិតជាចម្លែកណាស់សម្រាប់អ្នក ព្រោះអ្នកមិនដែលគិតដល់វា។ ជាទូទៅយើងតែងតែសួរខ្លួនឯងថា៖ ហេតុអ្វីជីវិតគេល្អម្ល៉េះ? ហេតុអ្វីខ្ញុំមិនល្អដូចគេ? ហេតុអ្វីបានជាគេមានគ្រប់យ៉ាង ឯខ្ញុំខ្វះគ្រប់យ៉ាង? ហេតុអ្វីខ្ញុំអភ័ព្វម្ល៉េះ? ខ្ញុំក្រខ្លាំងណាស់ ជីវិតខ្ញុំពិបាកណាស់ជាដើម។ ឥឡូវនេះអ្នកអាចផ្អាកសួរសំណួរទាំងនេះ ហើយសាកល្បងគិតលើសំណួរខាងលើវិញម្តង នោះអ្នកនឹងឃើញថា មានរបស់មានតម្លៃជាច្រើនដែលកំពុងនៅជាមួយអ្នក។ ខ្យល់ដង្ហើមដែលអ្នកអាចដកមកដល់ពេលនេះ សម្លៀកបំពាក់ដែលជួយបិទបាំងរាងកាយរបស់អ្នក រាងកាយទាំងមូលដែលនៅជាមួយអ្នកគ្រប់ពេល ហើយចាំជួយអ្នកពេលដែលអ្នកត្រូវការ។ អ្នកឃើញទេ អ្វីដែលអ្នកកំពុងមានគឺជារបស់មានតម្លៃណាស់ ហើយអ្នកក៏ត្រូវចេះថែរក្សានិងដឹងគុណផងដល់ពួកវាផងដែរ។ ការខំប្រឹងប្រែងរករបស់ផ្សេងទៀតដើម្បីជីវិតគឺជារឿងល្អមួយ តែការចេះថែរក្សានិងចេះដឹងគុណចំពោះរឿងល្អៗដែលអ្នកកំពុងមាន គឺជារឿងមួយដ៏សំខាន់។ សូមឱ្យអ្នកអាចរីករាយជាមួយនឹងអ្វីៗដែលអ្នកកំពុងមាន។

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ