233 / 365 នៃមេរៀនជីវិតរីករាយ

21 Aug 2025
233 / 365 នៃមេរៀនជីវិតរីករាយ

មានមតិមួយបានលើកឡើងថា៖ “សម្រេចគោលដៅរបស់អ្នកដោយស្ងៀមស្ងាត់ កុំប្រាប់អ្នកដទៃ។” មនុស្សផ្សេងគ្នា ការយល់ឃើញក៏ផ្សេងគ្នាដែរ។ អ្នកខ្លះក៏បកស្រាយថា ព្រោះពេលអ្នកប្រាប់អ្នកដទៃ គេនឹងច្រណែនអ្នក នឹងបង្អាក់អ្នកពីការធ្វើការងារមួយនោះ។ ឯអ្នកខ្លះទៀតបានលើកឡើងថា កាលណាអ្នកប្រាប់គេ អ្នកចំណាយពេលនិយាយច្រើនជាងធ្វើ ហើយក៏មិនមានហេតុផលអ្វីដែលអ្នកគួរប្រាប់គេដែរ។ ការបកស្រាយអាចមានច្រើនទៅតាមហេតុផលរៀងៗខ្លួន តែបើអ្នកសង្កេតបន្តិចអ្នកនឹងឃើញថា ទោះមតិច្រើនយ៉ាងណាក៏ដោយ ក៏មានមនុស្សតែពីរក្រុមប៉ុណ្ណោះដែលផ្តល់មតិទាំងនេះ។

ក្រុមទីមួយ គឺជាមនុស្សដែលផ្តោតទៅលើកត្តាខាងក្រៅច្រើនជាងខ្លួនឯង។ ក្រុមនេះតែងរកវិធីទប់ស្កាត់កត្តាខាងក្រៅ ហើយផ្តោតទៅលើកត្តាខាងក្រៅច្រើន។ ថាមពលរបស់គាត់ភាគច្រើនចំណាយទៅលើរឿងខាងក្រៅខ្លួន។ យើងអាចមើលឃើញពីឧទាហរណ៍ខាងលើគឺ គាត់មិនប្រាប់គេព្រោះខ្លាចគេច្រណែនគាត់ បង្អាក់គាត់ពីអ្វីដែលគាត់ចង់ធ្វើជាដើម។
ឯក្រុមទីពីរ គឺផ្តោតទៅលើខ្លួនឯងទាំងស្រុង។ ក្រុមនេះមិនខ្វល់ពីកត្តាខាងក្រៅនោះទេ ហើយផ្តោតច្រើនទៅលើខ្លួនឯង និងអ្វីដែលគាត់អាចធ្វើបាន អាចគ្រប់គ្រងបាន។ ក្រុមនេះចំណាយថាមពលទាំងស្រុងរបស់គាត់មកលើខ្លួនឯងក្នុងការធ្វើការងារណាមួយ។ ហើយក្រុមនេះអាចរកឃើញច្រើនជាក្រុមអ្នកជោគជ័យ ឬទស្សនវិទូ។

ហើយអ្នកដឹងទេ ក្រុមមនុស្សដែលរីករាយច្រើនក៏ជាក្រុមដែលផ្តោតថាមពលរបស់គាត់ទាំងស្រុងមកលើខ្លួនឯងដែរ។ ពួកគាត់យល់ថា គ្មាននរណាអាចគ្រប់គ្រងកត្តាខាងក្រៅបានឡើយ តែយើងពិតជាអាចគ្រប់គ្រងខ្លួនឯងបានក្នុងការឆ្លើយតបទៅនឹងកត្តាទាំងនោះ។ ចុះតើអ្នកជ្រើសរើសធ្វើជាមនុស្សក្រុមមួយណា?

ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ