កាលពីខ្ញុំនៅតូច ខ្ញុំតែងតែចង់ដឹងថា តើនៅទីក្រុងប្លែកពីភូមិខ្ញុំយ៉ាងម៉េចទៅ? តើអ្នកនៅទីក្រុងធ្វើអ្វីខ្លះពេញមួយថ្ងៃរបស់គេ? ទោះបីជាមានគេដំណាលប្រាប់ថាយ៉ាងនេះថាយ៉ាងនោះ ក៏ខ្ញុំនៅតែចង់ដឹងតាមរយៈបទពិសោធន៍ខ្លួនឯងផ្ទាល់។
ពេលខ្ញុំបានមកនៅទីក្រុង ខ្ញុំក៏ចាប់ផ្តើមចង់ដឹងថាតើនៅប្រទេសគេ គេរស់នៅម៉េច? ហើយការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃយ៉ាងម៉េចដែរ?
ពេលខ្ញុំបានទៅក្រៅប្រទេស ខ្ញុំក៏ចង់ដឹងថាតើមនុស្សម្នាក់ៗគិតអីខ្លះ? ពេលនោះហើយដែលខ្ញុំចាប់ផ្តើមចង់ដឹងពីខ្លួនឯងរឹតតែខ្លាំង ព្រោះខ្ញុំតែងតែឃើញចិត្តខ្លះរបស់ខ្ញុំដូចជាមួយអ្នកដទៃ។
អរគុណណាស់ចំពោះ “ខ្ញុំចង់ដឹង”។ “ខ្ញុំចង់ដឹង” បានធ្វើឲ្យខ្ញុំខំប្រឹងប្រែងរៀនសូត្រ ដើម្បីចេញពីភូមិរបស់ខ្ញុំមកស្គាល់ពិភពខាងក្រៅ។ “ខ្ញុំចង់ដឹង” ធ្វើឲ្យខ្ញុំចាប់ផ្តើមធ្វើដំណើររឹតតែច្រើន។ “ខ្ញុំចង់ដឹង” នេះហើយដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯង និងអ្នកដទៃកាន់តែច្បាស់ជាងមុន ហើយតែងតែបន្តស្រាវជ្រាវជាប្រចាំ។ បើគ្មាន “ខ្ញុំចង់ដឹង” ទេខ្ញុំប្រហែលមិនអាចជាខ្ញុំថ្ងៃនេះបានទេ។