ម៉ាក់ ៖ ពិសី កូនឯងអាយុច្រើនហើយ ប្រញាប់គិតគូររឿងរៀបការទៅ។ ឥឡូវនេះ មិត្តភក្តិម៉ាក់ចង់បានកូនឯងធ្វើកូនប្រសារគាត់។
ពិសី ៖ ម៉ាក់ កូនទើបតែរៀនឆ្នាំទី៣ហ្នឹង។ កូនចង់រៀនឲ្យចប់ ហើយធ្វើការស្គាល់ពិភពខាងក្រៅសិនមុននឹងរៀបការ។
ម៉ាក់ ៖ កូនឯងអត់ខ្លាចគេហៅក្រមុំចាស់ទេអី? អាយុជិត២៥ឆ្នាំហើយណា។ ពេលរៀនចប់ចុងក្រោយក៏គង់តែនៅផ្ទះ ធ្វើជាប្រពន្ធគេដដែលហ្នឹង។ ចឹងហើយឆាប់រៀបការ ឆាប់មានកូនពីក្មេង ទើបពេលចាស់ទៅមិនពិបាក។ រៀបការហើយចាំរៀនតទៀតក៏មិនអីដែរ។
ពិសី ៖ …
ខ្ញុំជឿថាមានក្មេងស្រីដូចពិសីច្រើននាក់ណាស់ ដែលត្រូវបានសង្គមគ្រួសារក៏ដូចជាសង្គមទាំងមូលបានគិតបែបនេះមកលើខ្លួន។ ហើយខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលប្រឹងតទល់នឹងផ្នត់គំនិតមួយនេះតាំងពីពេលរៀនចប់ថ្នាក់ទី១២មកម្ល៉េះ។
ចុះតើអ្នកគិតយ៉ាងណាចំពោះពាក្យថា“ប្រយ័ត្នក្រមុំចាស់”នេះ?
ខ្ញុំនឹងមិនឃាត់អ្នកមិនឲ្យរៀបការមុនអាយុ២៥ឆ្នាំនោះទេ។ តែខ្ញុំចង់ឲ្យអ្នកបន្តអានបន្តិចទៀតសិនមុននឹងសម្រេចចិត្ត។
អ្នកចំណាយពេល១៨ឆ្នាំដំបូងនៃជីវិតរបស់អ្នកដើម្បីរៀនសូត្ររហូតដល់វិទ្យាល័យ។ អ្នកខំប្រឹងណាស់ជាពិសេសនៅថ្នាក់ទី១១ និង ទី១២ ព្រោះត្រូវធ្វើយ៉ាងណាប្រលងឲ្យជាប់បាក់ឌុបដើម្បីមករៀនបន្តនៅសាកលវិទ្យាល័យ។ ពេលខ្លះអ្នកត្រូវរៀនបន្ថែមឬរៀនគួររហូតដល់ដាច់បាយថ្ងៃត្រង់ក៏មាន។ ពេលចប់ថ្នាក់វិទ្យាល័យ អ្នកក៏មករៀនបន្តនៅសាកលវិទ្យាល័យចំនួន៤ទៅ៥ឆ្នាំទៀត។ ជីវិតនៅសាកលវិទ្យាល័យមិនស្រួលទេ ហើយមួយថ្ងៃៗរបស់អ្នកគ្មានពេលសេសសល់ច្រើននោះដែរ។ អ្នកអាចនឹងឆ្លៀតពេលធ្វើការបណ្តើររៀនបណ្តើរ ឬក៏កំពុងរៀនពីរបីសាកល។ មួយយប់ៗអ្នកត្រូវធ្វើកិច្ចការផ្ទះ ក៏ដូចជាកិច្ចការក្រុមដល់យប់ជ្រៅ។ ខណៈនេះអ្នកនៅចាយលុយអ្នកផ្ទះនូវឡើយទេ ទោះបីជាអ្នកកំពុងធ្វើការក៏ដោយ។
ពេលរៀនចប់បរិញ្ញាបត្រអ្នកមានអាយុប្រហែល២២ទៅ២៣ឆ្នាំ។ ខ្ញុំនឹងមិនលើកយកករណីដែលអ្នករៀនបន្តដល់ថ្នាក់អនុបណ្ឌិតឬបណ្ឌិតដែលត្រូវចំណាយពេលបីទៅបួនឆ្នាំទៀតនោះទេ។ ពេលនេះអ្នកចេញធ្វើការហើយបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ប្រាក់ខែមួយឆ្នាំពីរឆ្នាំដំបូងចិញ្ចឹមខ្លួងឯងសឹងតែមិនរស់ ព្រោះអ្នកខ្លះត្រូវជួលផ្ទះ ហើយអាចនឹងត្រូវសុំលុយអ្នកផ្ទះចាយក៏មាន។ ពីរបីឆ្នាំដំបូងនៃជីវិតការងារគឺជាវគ្គមួយដែលត្រូវប្រឹងខ្លាំង។ អ្នកធ្វើការមិនខ្លាចហត់នឿយទោះបីជាបានប្រាក់ខែតិចតួចក៏ដោយ ក៏ព្រោះតែអ្នកចង់បានបទពិសោធន៍ការងារឲ្យបានច្រើនដើម្បីទុកធ្វើជាទុនទៅថ្ងៃក្រោយ។ ក្នុងវ័យនេះអ្នកបានដើរលេងពីរទៅបីដងក្នុងមួយឆ្នាំ ចូលរួមក្នុងកម្មវិធីសង្គមក៏ដូចជាការស្ម័គ្រចិត្តនានា។ អ្នកខ្លះក៏ត្រូវជួយផ្គត់ផ្គង់ប្អូនៗឲ្យបានរៀនសូត្រផងដែរ។ អ្នករៀនអស់ពេល២២ឆ្នាំ បូកនឹង ៣ឆ្នាំចេញធ្វើការដំបូង ឥឡូវនេះអ្នកអាយុ២៥ឆ្នាំហើយ។ ក្នុងវ័យ២៥ឆ្នាំនេះ ខ្ញុំជឿថាអ្នកចាប់ផ្តើមលឺពាក្យថាស្រលាញ់ខ្លួនងឯង ក៏ដូចជាចាប់ផ្តើមអនុវត្តការស្រលាញ់ខ្លួនឯងបណ្តើរៗហើយដែរ។ អ្នកអាចមានប្រាក់កាសខ្លះដើម្បីទៅហាត់ប្រាណ ទិញរបស់ដែលខ្លួនឯងត្រូវការ ដើរកំសាន្តដើម្បីស្គាល់ខ្លួនឯងឲ្យរឹតតែច្បាស់ ក៏ដូចជាធ្វើការងារសង្គមនានា។
ធ្វើការបានពីរបីឆ្នាំទៀត អ្នកក៏ក្លាយទៅជារៀមច្បងក្នុងមុខតំណែងរបស់អ្នក។ ពេលនេះប្រាក់ខែដែលទទួលបានគឺគ្រប់គ្រាន់សម្រាប់ការចាយវាយដោយខ្លួនឯងហើយ។ អ្នកអាចមានឱកាសបានដើរលេងក្រៅប្រទេស ស្គាល់ពិភពខាងក្រៅ បានហាត់ប្រាណទៀងទាត់ ហូបអាហារសុខភាព អាចចាប់ផ្តើមមានឯករាជ្យពេញលេញលើរឿងលុយកាក់ដោយមិនចាំបាច់ឲ្យអ្នកផ្ទះពិបាកទៀតទេ។ ពេលនេះអ្នកអាយុប្រហែល២៧ឬ២៨ឆ្នាំ។ វ័យនេះអ្នកអាចចាប់ផ្តើមគិតគូររឿងគូស្រករឬរៀបការបានហើយ ព្រោះថាអ្នកបានស្គាល់រសជាតិជីវិតឯករាជ្យ ការចិញ្ចឹមខ្លួនឯង និងនៅតែម្នាក់ឯងហើយ។

ចុះហេតុអ្វីបានជាអ្នកចាំបាច់ត្រូវស្គាល់រឿងទាំងអស់នេះធ្វើអ្វី? រៀបការហើយក៏គង់តែអាចស្គាល់បានដែរទេតើ?
អ្នកសាកស្រម៉ៃមើលថា បើអ្នករៀនចប់ភ្លាមរៀបការភ្លាមនៅអាយុមិនទាន់២៥ផង តើអ្នកនឹងទៅជាយ៉ាងណា? អ្នកអាចមានសំណាងបានជួបនឹងដៃគូដែលយល់ពីអ្នក ផ្តល់ក្តីស្រលាញ់ពិតប្រាកដដល់អ្នក ក៏ប៉ុន្តែមិនមែនសំណាងចេះតែមាននោះទេ។ ហើយសូមកុំធ្វើជាមនុស្សដែលពឹងលើសំណាងអី ព្រោះសំណាងនឹងមិនកើតមានចំពោះអ្នកដែលដេកដួលរង់ចាំសំណាងនោះទេ។ ជាងនេះទៅទៀតអ្នកត្រូវយល់ថាការរៀបការមិនមែនជាការផ្សងសំណាងនោះដែរ ព្រោះថាអ្នកមានសិទ្ធិកែច្នៃនិងជ្រើសរើស។ សូមកុំបោះបង់សិទ្ធិបស់អ្នក។
បើអ្នកវិភាគបន្តិចទៀត អ្នកនឹងឃើញថាមនុស្សស្រីមានការលះបង់ច្រើនក្រោយពេលរៀបការ។ ជាទូទៅមនុស្សស្រីគិតគូរពីអ្នកជុំវិញខ្លួនច្រើនជាងខ្លួនឯង។ នេះអាចមកពីធម្មជាតិរបស់មនុស្សស្រី និងរូបភាពសង្គមដែលមនុស្សស្រីបានឃើញតៗគ្នាពីបងស្រី ពីម្តាយ ឬពីលោកយាយជាដើម។ មនុស្សស្រីតែងតែមើលថែអ្នកគ្រប់គ្នាចាប់តាំងពីការស្លៀកពាក់ ការហូបចុក ការចាត់ចែងលុយកាក់ជាដើម។ ពេលមានកូនហើយ មនុស្សស្រីគឺជាអ្នកមើលថែកូនៗ ហើយពេលខ្លះត្រូវឈប់ពីការងារដែលខ្លួនស្រលាញ់។ អ្នកអាចនឹងសំណាងដែលដៃគូរបស់អ្នកអាចនឹងឈប់ពីការងារដើម្បីមើលថែកូនជំនួសអ្នក ហើយឲ្យអ្នកនៅតែធ្វើការដែលអ្នកស្រលាញ់។ តើគាត់នឹងអាចធ្វើបានប៉ុន្មានថ្ងៃ? ទោះបីជាគាត់អាចធ្វើបាន ក៏គ្រួសារអ្នកមិនអាចទ្រាំនឹងពាក្យរបស់សង្គមទៅលើគាត់បានយូរដែរ។ ចង់មិនចង់អ្នកនឹងត្រូវឈប់ពីការងារដើម្បីមើលថែកូនដដែល។ បន្ទាប់ពីសម្រាលកូនហើយ មនុស្សស្រីភាគច្រើនគឺឡើងគីឡូប្តូររូបរាង គួបផ្សំនិងការគេងមិនឆ្អែតនិងរវល់ទៀតនោះ គឺពិបាកនឹងស្រកគីឡូណាស់ ហើយចាប់ផ្តើមលែងហ៊ានមើលខ្លួនឯង រហូតដល់ពេលខ្លះក៏ចាប់ផ្តើមបោះបង់ចោលខ្លួនឯងទៀតផង។
និយាយជារួម ខ្ញុំនឹងមិនឃាត់អ្នកមិនឲ្យខ្លាចពាក្យថា “ក្រមុំចាស់” នោះទេ តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកបានស្គាល់ជីវិតដែលឯករាជ្យ ស្គាល់ពាក្យថាស្រលាញ់ខ្លួនឯងសិន មុននឹងរៀបការ។ ដូច្នេះទោះបីជាអ្នកមានបញ្ហាក្នុងគ្រួសារក៏ដោយ ក៏អ្នកធ្លាប់មានរូបភាពនៃការស្រលាញ់ខ្លួនឯង ការរស់នៅដោយខ្លួនឯង ហើយក៏អាចយល់ពីការលំបាកក្នុងការរកប្រាក់របស់ដៃគូអ្នកបានដែរ។