រសជាតិសៀវភៅដែលអ្នកអាន

26 Dec 2024
រសជាតិសៀវភៅដែលអ្នកអាន
សៀវភៅក៏ដូចជាម្ហូបអាហារដែលអ្នកញ៉ាំរាល់ថ្ងៃដែរ។ សៀវភៅខ្លះអ្នកគ្រាន់តែភ្លក់ ខ្លះទៀតអ្នកញ៉ាំ តែមិនបានចាប់ចិត្តលើរសជាតិរបស់វាទេ ឯសៀវភៅខ្លះទៀតវិញ គឺអ្នកបានញ៉ាំ ហើយរំលាយវាដើម្បីឲ្យអ្នកធំធាត់។ សៀវភៅខ្លះអាចនឹងឆ្ងាញ់សម្រាប់អ្នកដទៃ តែសម្រាប់អ្នក គ្រាន់តែភ្លក់គឺគ្រប់គ្រាន់ហើយ។ ពេលអ្នកដទៃថារសជាតិនេះឆ្ងាញ់ វាមិនប្រាកដថាវាឆ្ងាញ់សម្រាប់អ្នកនោះទេ។ មានសៀវភៅច្រើន ហើយអ្នកមានពេលប្រហែល១ម៉ោងក្នុងមួយថ្ងៃដើម្បីអានវា។ ដូច្នេះហើយ ចូរជ្រើសរើសរស់ជាតិដែលអ្នកត្រូវការក្នុងខណៈនេះ។ បើភ្លក់ហើយ តែវាមិនឆ្ងាញ់សម្រាប់អ្នកទេក្នុងពេលនេះ កុំទ្រាំញ៉ាំវាឲ្យអស់អី។
បញ្ជាក់៖
- ភ្លក់សៀវភៅ៖ អានត្រួសៗហើយអ្នកក៏មិនចាប់អារម្មណ៏លើវាទេនៅខណៈនេះ
- ញ៉ាំសៀវភៅ៖ អានបានច្រើនតែមេរៀនខាងក្នុងមិនមានអ្វីថ្មីសម្រាប់អ្នក
- ញ៉ាំហើយរំលាយ៖ អានហើយយកខ្លឹមសារក្នុងសៀវភៅនោះមកអនុវត្តដើម្បីឲ្យអ្នករីកចំរើន។
Get the latest Thought by

More Thoughts

241 / 365 នៃមេរៀនជីវិតរីករាយ

241 / 365 នៃមេរៀនជីវិតរីករាយ

ការវិនិយោគដែលបានផលចំណេញច្រើនហើយមិនអាចខាត គឺការវិនិយោគលើសន្តិភាពផ្លូវចិត្តរបស់អ្នក។ ចិត្តដែលមានសន្តិភាព គឺជាចិត្តដែលគ្មានសង្គ្រាមជាមួយខ្លួនឯងនិងអ្នកដទៃ។ វាគឺជាចិត្តដែលនឹងនរ ដែលស្ងប់មិនតក់ស្លត់នឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ដែលនេះជាហេតុធ្វើឱ្យអ្នកដែលមានសន្តិភាពផ្លូវចិត្តមានសេចក្តីសុខច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃនិងមានប្រសិទ្ធភាពការងារខ្ពស់។ គ្រប់ការវិនិយោគគឺតែងតែត្រូវការទុន ហើយទុនសម្រាប់សន្តិភាពផ្លូវចិត្តរបស់អ្នកអាចមានច្រើនប្រភេទណាស់ដូចជា ការចេះអភ័យទោសឱ្យ ការចេះដឹងគុណនិងអរគុណចំពោះរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក ការទទួលយកការពិត សេចក្តីមេត្តា ការរស់នៅដោយសីលជាដើម។ ពេលស្តាប់ទៅវាហាក់ដូចជាច្រើនណាស់ តែវាក៏គ្មានហេតុផលណាដែលមិនគួរវិនិយោគទៅលើរឿងដ៏សែនចំណេញមួយនេះដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

240 / 365 នៃមេរៀនជីវិតរីករាយ

240 / 365 នៃមេរៀនជីវិតរីករាយ

នៅក្នុងសង្គមមួយចំនួនជាពិសេសនៅអាស៊ីយើង អាយុ៣០ ៤០ឆ្នាំ វាចាប់ផ្តើមជាវ័យចាស់មួយហើយ ខណៈដែលវ័យនេះគឺជាវ័យមួយល្អមែនទែន ព្រោះវាពោរពេញទៅដោយកម្លាំង ចំណេះដឹង និងបទពិសោធជាច្រើន។ ដោយសារតែផ្នត់គំនិត"យើងចាស់ហើយ" យើងក៏ចាប់ផ្តើមឈប់ប្រើប្រាស់ថាមពលដែលយើងធ្លាប់ប្រើកាលពីក្មេង។ អ្នកដឹងទេ ទោះអ្នកកំពុងមានអាយុ៥០ឆ្នាំ ឬស្ថិតនៅវ័យណាមួយនៃជីវិតក៏ដោយ ក៏អ្នកអាចយកថាមពលក្មេងៗរបស់អ្នកមកប្រើប្រាស់បានដែរ។ សូមអ្នកកុំច្រលំវាជាមួយ“ចាស់ព្រើល”។ ចុះតើថាមពលក្មេងៗជាអ្វី? វាជាថាមពលដែលធ្វើឱ្យអ្នកអាចរីករាយដោយមិនខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នក ជាថាមពលមួយដែលធ្វើឱ្យអ្នកពោរពេញទៅដោយភាពចង់ចេះចង់ដឹងចង់រៀនចង់អភិវឌ្ឍ ជាថាមពលដែលអាចឱ្យអ្នកផ្តោតលើអ្វីដែលអ្នកចង់បានជាជាងឧបសគ្គដែលអ្នកនឹងត្រូវឆ្លងកាត់ ហើយក៏ជាថាមពលដែលធ្វើឱ្យអ្នកផ្តោតទៅលើខណៈនីមួយៗដែលអ្នកកំពុងរស់នៅផងដែរ។ អ្នកធ្លាប់ប្រើប្រាស់ថាមពលក្មេងមួយនេះ ហើយអ្នកក៏នៅតែអាចបន្តប្រើប្រាស់វាតទៅទៀតបានដែរ។ ចូរអនុញ្ញាតឱ្យថាមពលក្មេងមួយនេះបន្តនៅជាមួយអ្នករហូតទៅ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅក្នុងវ័យណាមួយនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ