ជាតាអាយុ២៥ឆ្នាំ ជាកូនអ្នកបាត់ដំបង ហើយឆ្នាំនេះជាតាជានិសិត្សឆ្នាំទី៤។ ពេលជាតាប្រលងជាប់បាក់ឌុបភ្លាម នាងក៏បានមករៀនបន្តនៅទីក្រុងភ្នំពេញភ្លាម ដោយជ្រើសរើសយកជំនាញគីមីវិទ្យា។ រៀនបានពីរឆ្នាំ ជាតាដឹងយ៉ាងច្បាស់ថា គីមីវិទ្យាមិនមែនជាអ្វីដែលនាងចង់រៀនបន្តទៀតនោះទេ។ ជាតាក៏បានដូរមុខជំនាញទៅខាងសង្គមសាស្ត្រវិញ។ ដោយសារតែមុខជំនាញទី២នេះវាខុសស្រឡះពីជំនាញមុន ដូច្នេះហើយតម្រូវឲ្យជាតាត្រូវរៀនចាប់ពីឆ្នាំមូលដ្ឋាន(ឆ្នាំទី១)ឡើងវិញ។ អ្នកភូមិ និង មិត្តភក្តិតែងតែសួរនាំអំពីការរៀនសូត្រនិងការងាររបស់នាងជារឿយៗ។ ការសួរនាំនេះបានធ្វើអោយជាតាមានសម្ពាធយ៉ាងខ្លាំង ហើយនាងក៏ចាប់ផ្តើមគិតថាខ្លួនឯងដើរយឺតជាងមិត្តភក្តិខ្លាំងណាស់ ខណៈដែលមិត្តរបស់នាងភាគច្រើនបានធ្វើការពីរបីឆ្នាំរួចទៅហើយ។ សព្វថ្ងៃនេះជាតាធ្វើការបណ្តើររៀនបណ្តើរ ប៉ុន្តែនាងមិនបានទទួលប្រាក់ខែច្រើននោះទេ ហើយវាក៏មិនមែនជាការងារដែលនាងចូលចិត្តដែរ។
នេះគ្រាន់តែជារឿងមួយដែលបានឆ្លុះបញ្ចាំងពីយុវជនផ្សេងទៀតដែលមានការគិតប្រហាក់ប្រហែលនឹងជាតាដែរ។ ពួកគេយល់ថាជីវិតមួយនេះចប់ហើយ ជីវិតនេះពិតជាដើរយឺតជាងអ្នកដទៃខ្លាំងណាស់។ ក្នុងជាតិនេះជីវិតមួយនេះគឺពិតជាត្រូវឆាចោលហើយ។ តើអ្នកធ្លាប់គិតទេថា តើជាទូទៅប្រជាជនខ្មែរយើងរស់នៅបានប៉ុន្មានឆ្នាំ? ជាទូទៅគឺរស់បានដល់ទៅ៦០ទៅ៧០ឆ្នាំឯណោះ។ អ្នកនិយាយថាជីវិតរបស់អ្នកបានចប់ហើយត្រឹមអាយុ២៥ឆ្នាំ ចុះ៤០ឆ្នាំទៀតអ្នកនឹងចំណាយវាធ្វើអ្វីទៅ?

មនុស្សម្នាក់ៗបានឆ្លងកាត់បទពិសោធន៍ជីវិតផ្សេងៗគ្នា។ អ្នកខ្លះត្រូវមានបន្ទុកមើលថែគ្រួសារ គ្មានឱកាសបានរៀនសូត្រ ហើយពួកគេត្រូវរស់នៅជាមួយភាពអវិជ្ជាអស់មួយជីវិត។ អ្នកខ្លះទៀតត្រូវរៀបការទាំងវ័យក្មេង ហើយទើបតែបានចូលរៀននៅសាកលវិទ្យាល័យនៅអាយុ៤០ឆ្នាំ។ ឯមួយចំនួនទៀតរៀនចប់នៅអាយុ២២ឆ្នាំ តែរកបានការងារល្អមួយនៅអាយុ៣០ឆ្នាំ។ អ្នកខ្លះទៀតរៀនចប់សាកលវិទ្យាល័យភ្លាមបានធ្វើការភ្លាម តែ១០ឆ្នាំក្រោយមកទើបគេរកឃើញមុខជំនាញដែលខ្លួនឯងស្រលាញ់ ហើយក៏រៀនបន្តនៅសាកលវិទ្យាល័យលើមុខជំនាញដែលគេស្រលាញ់នោះ។ ចំណែកអ្នកខ្លះទៀតមិនបានរៀនសូត្រនៅសាលាទេ តែតស៊ូក្នុងជីវិតតាំងពីក្មេង ខំប្រឹងស្វះស្វែងរកឱកាស រៀនសូត្រពីការលំបាក ពីកំហុស និងមនុស្សជុំវិញខ្លួនរហូតទទួលបានជោគជ័យក្នុងជីវិតនៅអាយុ៤០ឆ្នាំ។ ចុះហេតុអ្វីបានជាអ្នកត្រូវយល់ថាខ្លួនឯងដើរយឺតទៅវិញខណៈដែលអ្នកទើបតែមានអាយុ២៥ឆ្នាំនូវឡើយ?
តាមពិតវាគ្មានអ្វីយឺតពេលនោះទេ គ្រាន់តែអ្នកខ្លះស្គាល់រឺដឹងរឿងខ្លះមុនយើងតែប៉ុណ្ណោះ។ វាដូចជាការធ្វើដំណើរពីភ្នំពេញទៅសៀមរាបអញ្ជឹង។ បើអ្នកធ្វើដំណើរដោយម៉ូតូ ជាទូទៅអ្នកនឹងទៅដល់សៀមរាមដោយប្រើរយៈពេល៦ម៉ោង។ ប៉ុន្តែមនុស្សម្នាក់ៗមិនដូចគ្នាទេក្នុងការធ្វើដំណើរលើផ្លូវមួយនេះ។ មានករណីច្រើនណាស់ដែលអាចកើតឡើង ធ្វើអោយរយៈពេល៦ម៉ោងដូចគ្នាតែមនុស្សម្នាក់ៗទទួលបានបទពិសោធន៍មិនដូចគ្នា។
- អ្នកខ្លះមានម៉ូតូហើយ តែអត់ស្គាល់ផ្លូវ។ ដូច្នេះគាត់ត្រូវចំណាយពេលវេលាមើលផែនទី រឺក៏សួរនាំគេនៅតាមផ្លូវ។ ហើយមានពេលខ្លះក៏ត្រូវវង្វេងផ្លូវផងដែរ។
- រីឯអ្នកខ្លះទៀតវិញមានម៉ូតូហើយ ស្គាល់ទាំងផ្លូវ តែនៅពេលកំពុងធ្វើដំណើរស្រាប់តែម៉ូតូគាត់បែកកង់។ គាត់ត្រូវចំណាយពេលដើររកកន្លែងប៉ះម៉ូតូ និងរង់ចាំរហូតដល់ម៉ូតូគាត់ប៉ះរួចរាល់។
- អ្នកខ្លះទៀតមានម៉ូតូល្អហើយ ស្គាល់ទាំងផ្លូវទៀត តែគាត់មិនបានទៅដល់សៀមរាបក្នុងរយៈពេល៦ម៉ោងនោះទេ ដោយសារតែគាត់ស្រលាញ់ទេសភាពនៅតាមផ្លូវ ដូច្នេះគាត់ក៏ឈប់គយគន់ទេសភាព និងចំណាយពេលថតរូបជាច្រើនទៀតផង។
- អ្នកខ្លះទៀតធ្វើដំណើរធម្មតា ស្រាប់តែគាត់ត្រូវឈប់នៅតាមផ្លូវដើម្បីជួយអ្នកដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

អ្នកឃើញទេ ពេលវេលា៦ម៉ោងដូចគ្នា តែអ្នកខ្លះទៅដល់សៀមរាប ឯអ្នកខ្លះទៀតក៏ទៅមិនទាន់ដល់។ មនុស្សផ្សេងគ្នាបានជួបរឿងផ្សេងៗគ្នា។ ត្រូវហើយ បើយើងមើលទៅអ្នកដែលទៅមិនទាន់ដល់ យើងនឹងយល់ថាពួកគាត់ដើរយឺតហើយ ព្រោះរយៈពេល៦ម៉ោងគាត់គួរតែទៅដល់គោលដៅ។ បើអ្នកទាំងអស់គ្នាអង្គុយជុំគ្នា ហើយចែករំលែករឿងដែលខ្លួនបានជួបប្រទះក្នុងរយៈពេល៦ម៉ោងនេះ គឺម្នាក់ៗបានរៀននិងមានរឿងពិសេសរៀងៗខ្លួនក្នុងការចែករំលែក។ ហើយជួនកាលបទពិសោធន៍ដែលអ្នកជួបប្រទះក្នុងរយៈពេល៦ម៉ោងនេះ អាចនឹងនាំអ្នកអោយស្គាល់ខ្លួនឯងកាន់តែច្បាស់ រៀនបានអ្វីថ្មីៗដែលមិនមានបង្រៀននៅក្នុងសាលា ជួបមនុស្សថ្មីៗដែលនឹងជាយាននាំអ្នកទៅរករឿងល្អមួយដែលអ្នកនឹងមិនដែលដឹង។ ដូចគ្នាដែរ នៅអាយុ២៥ឆ្នាំបើតាមទ្រឹស្តីអ្នកគួរតែមានការងារល្អមួយ តែបើនិយាយពីបទពិសោធន៍ជីវិតដែលអ្នកឆ្លងកាត់ជាក់ស្តែងវិញគឺពិតជាគ្មានអ្វីយឺតនោះទេ។
ដូច្នេះអ្នកមិនយឺតទេ គ្រាន់តែរឿងនិទានរបស់អ្នកខុសពីរឿងនិទានរបស់អ្នកដទៃក្នុងរយៈពេល២៥ឆ្នាំនេះតែប៉ុណ្ណោះ។ អ្នកអាចរៀនពីរឿងនិទានរបស់អ្នកដទៃ តែសូមកុំឲ្យរឿងនិទានរបស់អ្នកដទៃធ្វើឲ្យអ្នកយល់ថាអ្នកដើរយឺតឲ្យសោះ។