Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
231 / 365 នៃមេរៀនជីវិតរីករាយ
“ទឹក” “water” “H2O” គឺគ្រាន់តែជាពាក្យតំណាងរបស់អង្គធាតុរាវម្យ៉ាងដែលភាវៈរស់ត្រូវការផឹកដើម្បីរស់រានមានជីវិតតែប៉ុណ្ណោះ។ តែហេតុអ្វីបានជាយើងត្រូវចំណាយពេលប្រកែកគ្នានឹងពាក្យតំណាងទាំងនេះ ហើយមិនព្យាយាមមើលឱ្យដល់ធម្មជាតិពិតរបស់វា? ចំនែកឯការសិក្សាពីសាសនាឬទស្សនវិជ្ជានានាក៏មិនខុសគ្នាប៉ុន្មានដែរ គឺយើងគួរតែក្រេបពីខ្លឹមសារសំខាន់ជាជាងប្រកែកគ្នា ឬបញ្ឈប់ការរៀនសូត្រត្រឹមតែពាក្យពេចន៍ដែលសាសនានីមួយបានប្រើប្រាស់។ សង្ឃឹមថាពួកយើងអាចមុជបានជ្រៅទៅដល់ខ្លឹមដែលមានតម្លៃនៃសាសនានីមួយៗ ឬទ្រឹស្តីនានាដែលយើងបានសិក្សា។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
230 / 365 នៃមេរៀនជីវិតរីករាយ
អ្នកកាន់តែមានទំនាក់ទំនងជាមួយខ្លួនឯង អ្នកកាន់តែរីករាយជាមួយវត្តមានរបស់អ្នកជាមួយនឹងខ្លួនឯង។ នេះជាហេតុធ្វើឱ្យអ្នកមិនដែលមានអារម្មណ៍ថាឯកាឡើយ បើទោះបីជាអ្នកមិនមានអ្នកដទៃនៅជាមួយក៏ដោយ។ ពេលវេលាដែលអ្នកនៅជាមួយខ្លួនឯង ប្រែជាពេលដ៏មានតម្លៃជាងការជួបជុំ និងសកម្មភាពមួយចំនួនទៀតឆ្ងាយណាស់។ វាមិនខុសទេដែលអ្នកមានគ្នា ហើយវាក៏មិនខុសដែរដែលអ្នកមានខ្លួនឯងជាមិត្ត ព្រោះមិត្តម្នាក់នេះនឹងអាចជជែកជាមួយអ្នកបានគ្រប់ពេលដែលអ្នកត្រូវការ។ បើអ្នកមិនទាន់ជិតស្និទ្ធជាមួយខ្លួនឯងទេ អ្នកអាចចាប់ផ្តើមដោយការអង្គុយជាមួយខ្លួនឯង ជជែកជាមួយខ្លួនឯង សង្កេតមើលខ្លួនឯង ចាប់អារម្មណ៍ពីអ្វីៗដែលខ្លួនឯងកំពុងគិត កំពុងមានអារម្មណ៍ ឱ្យដូចជាអ្នកកំពុងអង្គុយជាមួយមិត្តដទៃទៀតដែរ។ ចាប់ផ្តើមបង្កើតមិត្តភាពជាមួយមិត្តម្នាក់នេះ ព្រោះមានតែមិត្តម្នាក់នេះទេដែលយល់ពីអ្នកច្រើន ស្តាប់អ្នក ជួយអ្នក និងរួមដំណើរជាមួយអ្នករហូតដល់វេលាចុងក្រោយបាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
229 / 365 នៃមេរៀនជីវិតរីករាយ
គ្មានអ្នកណាដែលមិនកើតទុក្ខនោះទេ តែពិតជាមានអ្នកដែលកើតទុក្ខមិនយូរ។ អារម្មណ៍របស់យើងកើតហើយរលត់ទៅវិញ សារចុះសារឡើងទៅតាមអ្វីដែលយើងកំពុងជួបប្រទះ។ បើយើងជួបរឿងសមតាមបំណងយើងក៏រីករាយ ហើយកើតទុក្ខបើវាជារឿងខកបំណង។ ពេលដែលអ្នកកើតទុក្ខម្តងៗ អ្នកអាចស្រមៃដល់ភ្នំមួយយ៉ាងធំដែលមានពពកហោះកាត់វា។ ភ្នំមិនបានរង្គោះរង្គើដោយសារពពកទាំងនោះទេ ហើយពពកទាំងអស់នោះក៏មិននៅជាមួយភ្នំរហូតនោះដែរ។ អ្នកដឹងទេថា អ្នកគឺជាភ្នំដ៏ធំមួយនោះហើយ។ អ្នកអាចអនុញ្ញាតឱ្យពពកនៃអារម្មណ៍ទាំងឡាយអាចហោះកាត់អ្នកបានដោយសេរី។ អ្នកគ្រាន់តែទទួលដឹងថា ឥឡូវនេះពពកប្រភេទណាកំពុងហោះកាត់អ្នក ហើយអនុញ្ញាតឱ្យវាចាកចេញទៅ។ ដូច្នេះពេលអ្នកពិបាកចិត្តម្តងៗ រឿងទីមួយដែលអ្នកធ្វើគឺទទួលយកថា វាកំពុងហោះកាត់អ្នក ហើយអ្នកក៏សង្កេតមើលពពកនោះរហូតដល់វាហោះចេញទៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
228 / 365 នៃមេរៀនជីវិតរីករាយ
មានជីវិតតែងតែមានការកើតទុក្ខ មានសប្បាយ ខកបំណង ខូចចិត្ត ឈឺចាប់ជាដើម។ បទពិសោធទាំងអស់នេះគឺជាគ្រឿងផ្សំដ៏សំខាន់ដែលជីវិតនឹងឱ្យទៅមនុស្សគ្រប់គ្នា។ បើគ្មានគ្រឿងផ្សំទេ អ្នកពិតជាមិនអាចស្លសម្លមួយដែលមានឱជារសបានឡើយ។ ឥឡូវនេះ ជីវិតបានឱ្យគ្រឿងមកអ្នកហើយ អ្វីដែលអ្នកត្រូវធ្វើគឺរៀនប្រើប្រាស់ពួកវាមកច្នៃសម្លរបស់អ្នកឱ្យមានឱជារស។ សូមរីករាយទទួលយកអ្វីៗដែលជីវិតបានឱ្យមកអ្នក ហើយប្រើប្រាស់ជាប្រយោជន៍ចុះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
227 / 365 នៃមេរៀនជីវិតរីករាយ
តើមានអ្វីមកទាញអ្នកពីការរស់នៅជីវិតមួយនេះឱ្យមានន័យ ឲ្យរីករាយ ឱ្យមានប្រយោជន៍ទៅ? អ្នកដឹងទេ ពេលពួកយើងមកដល់ផែនដីនេះ ពួកយើងមានតែខ្លួនមួយតែប៉ុណ្ណោះ។ ពួកយើងត្រលប់ទៅវិញនៅពេលណាក៏យើងមិនដឹង គ្រាន់តែដឹងថាពេលទៅវិញក៏យកទៅបានតែខ្លួនដូចគ្នា។ បើដូចនេះ ហេតុអ្វីបានជាអ្នកមិនប្រើប្រាស់ពេលវេលាចុះចតមួយនេះឱ្យមានន័យ ឱ្យសមនឹងតម្លៃរបស់វាទៅ? ហេតុអ្វីបានជាអ្នកត្រូវកើតទុក្ខយូរម្ល៉េះ? អ្នកដឹងទេ មានបទពិសោធច្រើនប្រភេទណាស់ដែលកំពុងរង់ចាំអ្នក។ ស្វាគមន៍ពួកវា រៀនសូត្រពីពួកវា ហើយប្រើប្រាស់វាជាប្រយោជន៍សម្រាប់ខ្លួនឯង ក៏ដូចជាប្រយោជន៍ដល់អ្នកដទៃ។ សូមឱ្យរយៈពេលចុះចតរបស់អ្នក ជាពេលដែលអ្នកមានមោទនភាពចំពោះខ្លួនឯងបំផុត។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
226 / 365 នៃមេរៀនជីវិតរីករាយ
អ្នកដែលធ្លាប់ចាប់អារម្មណ៍ទេថា តើអ្នកនឹងទៅជាយ៉ាងណាពេលដែលអ្នកគ្មានដង្ហើមដក? ចុះពេលដែលអ្នកគ្មានសម្លៀកបំពាក់បិទបាំងខ្លួនប្រាណ? ចុះបើអ្នកមិនអាចមើលឃើញពិភពលោក ព្រោះភ្នែកទាំងគូរបស់អ្នកបាត់បង់? ហើយតើអ្នកមានអារម្មណ៍បែបណា បើអ្នកមិនអាចដើរបានដោយខ្លួនឯង? ចុះពេលអ្នកចង់ញ៉ាំអាហារ តែដៃរបស់អ្នកបានបាត់បង់ទៅហើយ? សំណួរខ្លះវាពិតជាចម្លែកណាស់សម្រាប់អ្នក ព្រោះអ្នកមិនដែលគិតដល់វា។ ជាទូទៅយើងតែងតែសួរខ្លួនឯងថា៖ ហេតុអ្វីជីវិតគេល្អម្ល៉េះ? ហេតុអ្វីខ្ញុំមិនល្អដូចគេ? ហេតុអ្វីបានជាគេមានគ្រប់យ៉ាង ឯខ្ញុំខ្វះគ្រប់យ៉ាង? ហេតុអ្វីខ្ញុំអភ័ព្វម្ល៉េះ? ខ្ញុំក្រខ្លាំងណាស់ ជីវិតខ្ញុំពិបាកណាស់ជាដើម។ ឥឡូវនេះអ្នកអាចផ្អាកសួរសំណួរទាំងនេះ ហើយសាកល្បងគិតលើសំណួរខាងលើវិញម្តង នោះអ្នកនឹងឃើញថា មានរបស់មានតម្លៃជាច្រើនដែលកំពុងនៅជាមួយអ្នក។ ខ្យល់ដង្ហើមដែលអ្នកអាចដកមកដល់ពេលនេះ សម្លៀកបំពាក់ដែលជួយបិទបាំងរាងកាយរបស់អ្នក រាងកាយទាំងមូលដែលនៅជាមួយអ្នកគ្រប់ពេល ហើយចាំជួយអ្នកពេលដែលអ្នកត្រូវការ។ អ្នកឃើញទេ អ្វីដែលអ្នកកំពុងមានគឺជារបស់មានតម្លៃណាស់ ហើយអ្នកក៏ត្រូវចេះថែរក្សានិងដឹងគុណផងដល់ពួកវាផងដែរ។...
225 / 365 នៃមេរៀនជីវិតរីករាយ
"ធុញ" ជាអារម្មណ៍មួយដែលកើតឡើងចំពោះគ្រប់គ្នា មិនថាក្មេងចាស់ប្រុសស្រីនោះទេ។ អារម្មណ៍នេះកើតឡើងខុសគ្នាទៅតាមចរិតមនុស្ស ភេទ និងវ័យ។ ពេលយើងធ្វើការងារអ្វីមួយដដែលៗ យើងក៏ធុញទ្រាន់ ពេលយើងរង់ចាំអ្វីមួយ យើងក៏អាចមានអារម្មណ៍ធុញទ្រាន់ដែរ។ ជាទូទៅណាស់ ពេលដែលមនុស្សធំមានអារម្មណ៍ធុញ ពួកយើងតែងតែទាញយកទូរស័ព្ទមកលេងហ្គេម មើលយូធូប ឬបន្តាញសង្គម។ តែអ្នកដឹងទេថា ភាពធុញទ្រាន់គឺជារឿងល្អមួយដែលយើងគួរតែជួបប្រទះ។ បើអ្នកអនុញ្ញាតឱ្យខ្លួនឯងធុញទ្រាន់ដោយមិនបន្លប់វាដោយការប្រើប្រាស់ទូរស័ព្ទ ហើយសង្កេតមើលអារម្មណ៍ធុញទ្រាន់នោះ អ្នកអាចនឹងសួរសំនួរដ៏សំខាន់មួយចំនួនដូចជា៖ តើជីវិតខ្ញុំនឹងបន្តនៅបែបនេះដល់ពេលណា? តើរស់នៅយ៉ាងម៉េចទើបប្រសើរជាងនេះ? តើអ្វីជាគោលដៅជីវិតខ្ញុំ? នេះប្រហែលមិនមែនជាការរស់នៅដែលខ្ញុំប្រាថ្នានោះទេ។ ការមានជីវិតពិតជាមានតម្លៃណាស់ តើខ្ញុំគួរចំណាយវាដូចម្តេចទើបប្រសើរ។ ដូច្នេះអនុញ្ញាតឱ្យភាពធុញទ្រាន់បាននាំអ្នកទៅរកអ្វីដែលទាក់ចិត្តអ្នក ប្រើប្រាស់វាជាជណ្តើរឆ្ពោះទៅរកអ្វីដែលជាគោលដៅជីវិតរបស់អ្នកពិតប្រាកដ។ ដោយក្តីស្រលាញ់ពី AromToday...
224 / 365 នៃមេរៀនជីវិតរីករាយ
ជាទូទៅ រដូវប្រាំងគឺជារដូវក្តៅរាំងភ្លៀង ដូច្នេះហើយទើបគេហៅវាថារដូវប្រាំង។ តែមានពេលខ្លះក៏ស្រាប់តែធ្លាក់ភ្លៀងក្នុងរដូវនេះ ដែលខ្មែរយើងតែងតែហៅថាកូនរដូវវស្សា។ ហើយនៅក្នុងរដូវវស្សាដែលតែងតែធ្លាក់ភ្លៀង ក៏មានកូនរដូវប្រាំងដែលរាំងស្ងួតផងដែរ។ អ្នកឃើញទេនៅក្នុងរដូវភ្លៀងមានរដូវវស្សា ហើយនៅក្នុងរដូវវស្សាមានរដូវភ្លៀង ដែលវាក៏មិនខុសពីពួកយើងដែរ។ នៅក្នុងភាពរីករាយរបស់ពួកយើងគឺតែងតែមានទុក្ខ ហើយនៅក្នុងទុក្ខក៏តែងតែមានភាពរីករាយដូចគ្នា។ នេះជាដំណើរធម្មជាតិ។ ដូច្នេះបើពេលនេះអ្នកកំពុងពិបាកចិត្តជួបទុក្ខ អ្នកក៏ត្រូវចាំថា អ្នកក៏មានកូនរដូវរីករាយនៅទីនោះផងដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
223 / 365 នៃមេរៀនជីវិតរីករាយ
ល្ងាចមិញពេលខ្ញុំទៅហាត់ប្រាណ ខ្ញុំក៏បានជួបក្មេងៗមួយក្រុមហាត់នៅជិតខ្ញុំដែរ។ ដោយសារពួកគាត់ជាក្មេងៗអាយុប្រហែល២០ឆ្នាំ ពួកគាត់ក៏បានចាក់បទចម្រៀងជាមួយធុងបាសធំមួយចម្រៀងស្តាយបែបយុវវ័យ (Remix)។ ខ្ញុំបានដាក់កាសបើកសម្លេងឡើងកប់ តែក៏នៅលឺសម្លេងចម្រៀង Remix នោះទៀត។ ខ្ញុំហាត់យូហ្គាត្រូវការស្ងប់ស្ងាត់ តែសម្លេងសម្រៀងពីធុងបាសពិតជាលឺខ្លាំងរហូតធ្វើឲ្យចិត្តខ្ញុំខឹង។ ខ្ញុំខឹងនឹងសម្លេងខ្លាំងៗនោះណាស់ តែភ្លាមនោះខ្ញុំក៏ញញឹមវិញព្រោះពេញចិត្តដែលពួកគាត់ក្មេងៗទេ តែអាចមានឱកាសបានហាត់ប្រាណស្រលាញ់ខ្លួនឯងស្រលាញ់សុខភាពរបស់ខ្លួន។ ចិត្តខ្ញុំក៏បាត់ខឹង បន្ទាប់មកក៏ប្រាប់ខ្លួនឯងថា ខ្ញុំនឹងចាត់ទុកការរំខានលើកនេះជាលំហាត់ហ្វឹកហាត់ចិត្តឲ្យនៅជាមួយការហាត់ប្រាណរបស់ខ្ញុំ ហើយអនុញ្ញាតឲ្យពិភពលោកខាងក្រៅប្រព្រឹត្តទៅតាមអ្វីដែលវាកំពុងកើតចុះ។ ខ្ញុំនឹងយកឱកាសនេះមកបង្រៀនខ្លួនឯងកុំឲ្យកត្តាខាងក្រៅអាចប៉ះទង្គិចចិត្តខ្ញុំបាន។ ហាត់បាន១ម៉ោង អារម្មណ៍ក៏កាន់តែស្រស់ស្រាយ។ ពេលចប់ការហាត់ប្រាណ ខ្ញុំក៏បានអរគុណខ្លួនឯងដែលព្រមទទួលយកការហ្វឹកហាត់មួយនេះ អរគុណដល់ចម្រៀងលឺៗនោះ ហើយក៏អរគុណក្មេងទាំងអស់នោះដែលច្នៃមេរៀនសម្រាប់ខ្ញុំរៀន។ មុនពេលត្រលប់មកផ្ទះវិញ ខ្ញុំក៏ឆ្លៀតបង្រៀនពួកគាត់ពីការពិតមួយដែលគាត់ប្រហែលជាមិនធ្លាប់ដឹង។ ខ្ញុំសន្ទនាជាមួយគាត់ ហើយឃើញថាពួកគាត់ទើបតែមកហាត់ទេ មិនដែលហាត់ប្រាណពីមុនមកឡើយ។...
222 / 365 នៃមេរៀនជីវិតរីករាយ
យើងគ្រប់គ្នាកំពុងតែដើរទៅរកសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ។ ពេលវេលាកាន់តែទៅមុខ យើងក៏កាន់តែកៀកទៅរកការចាកចេញមួយនេះដែរ។ អ្នកដែលដើរទៅដល់កន្លែងចាកចេញក៏តែងតែផ្តល់ជាមេរៀនសម្រាប់អ្នកដើរទៅតាមក្រោយថា ដំណើរមួយនេះខ្លីណាស់ ចូររីករាយនឹងដំណើរនេះតាមដែលអាចធ្វើបាន កុំរង់ចាំថាពេលនេះ ឬពេលនោះអី ព្រោះវាខ្លីមែនទែន។ ពួកគាត់បានប្រាប់ទៀតថា បទពិសោធន៍អ្វីក៏ដោយ មិនថាល្អ អាក្រក់ ខកចិត្ត រីករាយ ឬពិបាកចិត្ត វាសុទ្ធតែជាបទពិសោធន៍ជីវិតទាំងអស់ វាប្រៀបបាននឹងរដូវកាលដែលយើងឆ្លងកាត់ក្នុងដំណើរមួយនេះដូចគ្នា។ ដោយសារយើងទើបតែចាប់ផ្តើមដើរបាន២០ ៣០ឆ្នាំ យើងនឹងមិនដែលយល់ថាដំណើរនេះវាខ្លីនោះទេ។ ខ្ញុំក៏ធ្លាប់យល់ថាវានៅឆ្ងាយទៀតដែរ ដូច្នេះពាក្យដាស់តឿនទាំងអស់នោះពិតជាមិនបានជួយខ្ញុំឡើយ រហូតដល់ពេលមួយដែលខ្ញុំរៀនសង្កេតមើលអ្នកដែលរួមដំណើរជិតៗខ្ញុំបានចាកចេញម្តងមួយៗមានទាំងក្មេងទាំងចាស់ជាដើម។ ខ្ញុំមិនទាន់ដើរបានឆ្ងាយប៉ុន្មានទេ តែខ្ញុំក៏ព្រមទទួលថាដំណើរមួយនេះគឺខ្លីណាស់ ព្រោះខ្ញុំពិតជាមិនអាចដឹងថាដំណើររបស់ខ្ញុំនៅសល់ប៉ុន្មានឆ្នាំទៀតនោះទេ។ ការព្រមទទួលយកនេះពិតជាជួយខ្ញុំបានច្រើនមែនទែន ព្រោះខ្ញុំអាចរីករាយនឹងរឿងរាវជីវិតទាំងឡាយដែលកំពុងកើតឡើងលើខ្ញុំទាំងតូចទាំងធំ ពេលកើតទុក្ខក៏មិនកើតទុក្ខយូរនោះទេ...