Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
141 / 365 នៃមេរៀនជីវិតរីករាយ
“វាមិនមែនជាចុងបញ្ចប់របស់ពិភពលោកនោះទេ។” ជាឃ្លាមួយដែលខ្ញុំចូលចិត្តប្រើនៅពេលដែលខ្ញុំធ្វើអ្វីមួយអស់ពីសមត្ថភាពហើយ តែបញ្ហានៅតែមិនទាន់ដោះស្រាយចេញ ឬក៏ នៅពេលដែលដំណោះស្រាយទាំងអស់នោះមិនទាន់ដល់កម្រិតមួយដែលខ្ញុំពេញចិត្តនូវឡើយ។ ឃ្លាមួយនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា បញ្ហាដែលខ្ញុំកំពុងតែដោះស្រាយនោះមានទំហំតូចជាងមុន។ ហើយវាក៏បានជួយខ្ញុំ ឲ្យដកខ្លួនបន្តិចចេញពីបញ្ហាដែលខ្ញុំកំពុងតែស្លុងជាមួយដែរ។ ការដកខ្លួនចេញពីវាមួយរយៈ អាចនឹងជួយឲ្យយើងនឹកឃើញពីអ្វីដែលត្រូវធ្វើបន្តទៀតបាន។ ដូចគ្នាដែរ ពេលដែលខ្ញុំពិបាកចិត្តនឹងអ្វីមួយ ហើយខ្ញុំបានស្វែងរកគ្រប់មធ្យោបាយដើម្បីវាហើយនោះ បើវានៅតែមិនប្រសើរទៀត វាក៏មិនមែនជាចុងបញ្ចប់របស់ពិភពលោកដែរ។ ទោះបីជាទុក្ខរបស់ខ្ញុំធំប៉ុណ្ណា ក៏វាមិនអាចធ្វើឲ្យពិភពលោកមួយនេះរលាយនោះដែរ។ ពេលខ្លះ យើងគិតថា ទុក្ខដែលយើងកំពុងមានធំខ្លាំងណាស់ ធំគ្មានអ្វីប្រៀបបាននោះឡើយ។ ការគិតបែបនេះហើយ ដែលធ្វើឲ្យទុក្ខមកគ្របសង្កត់យើង ហើយធ្វើឲ្យយើងយល់ថា ខ្លួនឯងតូចជាងបញ្ហាឆ្ងាយណាស់។ ដូច្នេះរាល់ពេលដែលអ្នកពិបាកចិត្ត ឬដោះស្រាយបញ្ហាណាមួយមិនចេញ ចូរចាំថា ទោះជាយ៉ាងណាក៏ដោយ...
140 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកកំពុងយល់ថាខ្លួនឯងពិបាកខ្លាំងណាស់ ទាំងដែលអ្នកអាចមានអារហារគ្រប់គ្រាន់បីពេលហើយនោះ អ្នកអាចសាកក្រឡេកទៅមើលបងៗដែលកំពុងធ្វើការបានព្រឹកខ្វះល្ងាច។បើអ្នកកំពុងយល់ថាខ្លួនឯងពិបាកខ្លាំងណាស់ ដោយសារបានព្រឹកខ្វះល្ងាច អ្នកក៏អាចសាកក្រឡេកទៅមើលបងៗដែលកំពុងអត់បាយដោយថ្ងៃ។បើអ្នកកំពុងយល់ថាខ្លួនឯងពិបាកខ្លាំងណាស់ ដោយសារអត់បាយដោយថ្ងៃ អ្នកក៏អាចសាកក្រឡេកទៅមើលបងៗដែលមានពិការភាព។បើអ្នកកំពុងយល់ថាខ្លួនឯងពិបាកខ្លាំងណាស់ដោយសារខ្លួនឯងមានពិការភាព អ្នកក៏អាចសាកក្រឡេកទៅមើលអ្នកដែលកំពុងគេងនៅលើគ្រែពេទ្យទាំងដែលមិនដឹងខ្លួនសោះ។ ការដាស់ខ្លួនឯងឲ្យក្រឡេកទៅមើលអ្នកដទៃបែបនេះ មិនមែនក្នុងគោលបំណងដើម្បីប្រៀបធៀបថាអ្នកណាគ្រាន់ជាងអ្នកណានោះទេ តែជាការដាស់សតិឲ្យពួកយើងឲ្យចេះអរគុណដែលខណ:នេះ ពួកយើងនៅមានដង្ហើមដកនូវឡើយ។ ដូច្នេះហើយ ចូរបន្តប្រឹងប្រែងដើរទៅមុខទៀត បន្តដើរដោយក្តីសង្ឃឹម។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
139 / 365 នៃមេរៀនជីវិតរីករាយ
ពេលខ្លះយើងប្រហែលជាយល់ច្រឡំថា ដោយសារតែជីវិតមួយនេះវាមានតម្លៃខ្លាំងនេះហើយ បានជាត្រូវប្រយ័ត្នប្រយែងណាស់ ប្រយ័ត្នរហូតមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្រោះវាអាចមានគ្រោះថ្នាក់។ វាល្អណាស់ដែលយើងយល់ថាជីវិតមានតម្លៃ តែយើងក៏ត្រូវចាំថា បើត្រូវស្លាប់គ្រាន់តែគេងនៅលើគ្រែ ឬញាំបាយក៏អាចធ្វើឲ្យយើងស្លាប់បានដែរ។ ទ្រឹស្តីពិតមួយនេះហើយ ដែលជួយយើងឲ្យរស់នៅជីវិតមួយនេះកាន់តែមានន័យ ព្រោះយើងអាចធ្វើអ្វីដែលយើងយល់ថាត្រឹមត្រូវនិងគួរធ្វើ ទោះបីជាវាមានគ្រោះថ្នាក់បន្តិចក៏ដោយ។ ឧទាហរណ៍ដូចជាការធ្វើដំណើរតែម្នាក់ឯងជាដើម។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
138 / 365 នៃមេរៀនជីវិតរីករាយ
ជីវិតដ៏មានតម្លៃមួយនេះ គួរតែប្រើប្រាស់សម្រាប់សម្រាលសម្ពាយទុក្ខដែលយើងកំពុងស្ពាយ។ ការប្រើប្រាស់ពេលវេលារបស់យើងសម្រាប់ភាពច្រណែនស្អប់ខ្ពើម គឺជាការខ្ជះខ្ជាយខ្លាំងណាស់។ បើនៅពេលនេះ អ្នកកំពុងច្រណែនឬស្អប់នរណាម្នាក់ អ្នកអាចប្រាប់ខ្លួនឯងថា៖ ”មនុស្សដែលខ្ញុំកំពុងច្រណែននោះ គាត់ក៏កំពុងលំបាកក្នុងការស្ពាយទុក្ខរបស់គាត់ទៅហើយ ហេតុអ្វីខ្ញុំត្រូវទៅច្រណែននឹងពួកគាត់ទៀត? បើខ្ញុំរវល់តែច្រណែននឹងពួកគាត់ តើខ្ញុំនឹងមានពេលឯណា សម្រាប់មកសម្រាលទុក្ខរបស់ខ្ញុំទៅ? ហើយបើខ្ញុំកាន់តែច្រណែនគាត់ សម្ពាយទុក្ខរបស់ខ្ញុំក៏កាន់តែធ្ងន់ឡើងដែរ។ ដូច្នេះហើយពិតជាមិនគួរច្រណែនសោះឡើយ។” បើអ្នកហ្វឹកហាត់បែបនេះជារឿយៗ អ្នកនឹងមានចិត្តមេត្តាច្រើនជាងមុន អ្នកកាន់តែអាចញញឹមបានច្រើនជាងមុខ ហើយជីវិតរបស់អ្នក ក៏នឹងរីករាយច្រើនជាងមុនដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
137 / 365 នៃមេរៀនជីវិតរីករាយ
ធ្លាប់ទេ ធ្លាប់លឺគេនិយាយថា៖ "គ្រាន់តែពាក្យមួយម៉ាត់ វាបានធ្វើឲ្យខ្ញុំមានថ្ងៃនេះ។" ឧទាហរណ៍៖ ក្មេងដែលមិនចូលចិត្ត មិនខ្វល់នឹងការរៀនសូត្រម្នាក់ ត្រូវបានគ្រូសរសើរ ហើយទទួលបានការទះដៃពីសិស្សរួមថ្នាក់សម្រាប់ការឆ្លើយត្រូវរបស់គាត់។ ពេលនោះហើយដែលធ្វើឲ្យកូនសិស្សម្នាក់នោះ បានកែប្រែទាំងស្រុង គឺប្រែពីការមិនចូលចិត្តរៀន មកក្លាយជាសិស្សដែលរៀនបានលេខ១រាល់ខែ។ អ្នកឃើញទេ ពាក្យល្អៗរបស់អ្នក ទង្វើល្អៗរបស់អ្នក ទោះបីតូចក្តីធំក្តី វាអាចធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ផ្លាស់ប្តូរបាន។ ដូច្នេះហើយ ចូរកុំអល់អែកក្នុងការនិយាយល្អ ធ្វើល្អចំពោះនរណាម្នាក់ឡើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
136 / 365 នៃមេរៀនជីវិតរីករាយ
ការកំណត់ពេលវេលាក្នុងការធ្វើអ្វីមួយ វាពិតជាជួយយើងបានច្រើនមែនទែន បើសិនជាយើងកំណត់វាឲ្យបានត្រឹមត្រូវនោះ។ អ្នកខ្លះធ្វើអ្វីៗ ក៏ចង់បានប្រញាប់ដែរ។ គាត់បានដាក់ពេលសម្រាប់ធ្វើការងារនោះតិចមែនទែន តិចរហូតធ្វើឲ្យខ្លួនឯងតានតឹងជាមួយការបំពេញការងារនោះ។ ការធ្វើបែបនេះ នឹងធ្វើឲ្យយើងមិនអាចយកគំនិតឆ្នៃប្រឌិតរបស់យើងចេញមកខាងក្រៅបាននោះទេ។ តែការកំណត់ពេលយូរខ្លាំងពេក ឬមិនបានកំណត់សោះ វាក៏បានធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់យើងដូចគ្នា គឺខ្ជះខ្ជាយទៅលើរឿងដែលមិនចាំបាច់ ព្រោះយើងអាងថានៅមានពេលច្រើនទៀត។ ជីវិតយើងក៏ដូចគ្នាដែរ។ ជីវិតក៏មានពេលវេលាកំណត់របស់វាដែរ។ ពេលវេលារបស់ជីវិតគឺខ្លីណាស់។ ខ្លីព្រោះវាមិនទៀងថា ពេលវេលាចុងក្រោយនឹងមកដល់នៅពេលណានោះទេ។ ដូច្នេះហើយ អ្វីដែលយើងត្រូវធ្វើ យើងក៏ធ្វើវាឲ្យហើយទៅ។ បើយើងរកឃើញអ្វីដែលយើងស្រលាញ់ហើយ ក៏ចាប់ផ្តើមធ្វើការលើវាបណ្តើរៗទៅ។ កុំចាំ! កុំចាំរហូតដល់ពេលវេលាចុងក្រោយរបស់យើងឈានមកដល់ នោះវានឹងធ្វើឲ្យស្តាយក្រោយខ្លាំងណាស់។ តែនេះ ក៏មិនមែនមានន័យថា យើងនឹងអង្គុយបារម្ភរាល់ថ្ងៃ...
135 / 365 នៃមេរៀនជីវិតរីករាយ
តើអ្វីទៅជាតុល្យភាពគំនិត? ពេលដែលយើងមិនសូវមានគំនិត យើងត្រូវបំពេញបន្ថែមតាមរយៈការអាន ការមើល ការស្តាប់ និងការធ្វើសកម្មភាពផ្សេងៗដើម្បីទទួលបានគំនិត និងចំណេះដឹងបន្ថែម។ តែបើយើងលើសការគិត(គិតច្រើន គិតមិនចេះចប់មិនចេះហើយ គិតដដែលៗ គិតស្មុគស្មាញពេក) យើងក៏ត្រូវរកផ្លូវឲ្យគំនិតទាំងអស់នោះចេញមកខាងក្រៅ តាមរយៈការសរសេរ ឬការធ្វើកំណត់ហេតុពីអ្វីដែលយើងកំពុងតែគិតនោះ។ នេះហើយគឺជាការធ្វើឲ្យមានតុល្យភាពនៃគំនិតរបស់យើង។ តែភាគច្រើនណាស់ យើងតែងតែមើលរំលងការយកគំនិតដ៏ស្មុគស្មាញរបស់យើងមកខាងក្រៅ។ ការធ្វើកំណត់ហេតុជាប្រចាំនឹងជួយយើងច្រើន ក្នុងការយកភាពស្មុគស្មាញដែលមាននៅក្នុងខួរក្បាលរបស់យើង មកទុកនៅលើក្រដាស ឬឧបករណ៍កំណត់ហេតុផ្សេងៗ។ ដូច្នេះត្រូវរៀនសង្កេតមើលខ្លួនឯង ហើយគួរដឹងថា ពេលណាអ្នកគួររកគំនិតបន្ថែម ហើយពេលណាអ្នកគួរយកវាចេញមកខាងក្រៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
134 / 365 នៃមេរៀនជីវិតរីករាយ
នៅសម័យកាលមួយដែលអ្វីៗងាយនឹងរកបានតាមចិត្តរបស់យើង ងាយនឹងទាក់ចិត្តយើង នោះវានឹងរឹតតែធ្វើឲ្យចិត្តមួយនេះកាន់តែរពឹសដូចសត្វស្វា ដែលមិនចេះនៅនឹងមួយកន្លែងបាន។ បើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រ មកបង្រៀនចិត្តខ្លួនឯងឲ្យចេះសម្រាក មិនឲ្យសកម្មខ្លាំងគ្រប់ពេលនោះ អ្នកអាចសាកល្បងអានសៀវភៅដែលជាប្រភេទក្រដាសម្តង ព្រោះសៀវភៅបែបនេះមិនមានការរំខានច្រើនដូចជាគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតនោះទេ។ ហើយការអានសៀវភៅបែបនេះ វាប្រៀបបាននឹងអ្នកកំពុងធ្វើសមាធិដូចគ្នាដែរ។ ការអានសៀវភៅចំណេញបានទាំងផ្លូវចិត្ត និងកើនចំណេះ។ ជាងនេះទៅទៀត ការអានក៏អាចជួយឲ្យយើងកាន់តែមានភាពជឿជាក់លើខ្លួនឯងថែមទៀតផង។ ព្រោះអ្វីអ្នកដឹងទេ? ព្រោះថា ការអានបានបង្ហាញឲ្យឃើញថា ពេលខ្លះមិនមែនមានតែយើងទេដែលយល់ឃើញបែបហ្នឹង អ្នកនិពន្ធក៏យល់ឃើញដូចយើងដែរ។ សូមបន្តការអានរបស់អ្នកឲ្យបានរាល់ថ្ងៃ ឲ្យដូចជាអ្នកញ៉ាំបាយដូច្នោះដែរ។ ហើយបើអ្នកចង់ចំណេញទាំងការហ្វឹកហាត់ចិត្តខ្លួនឯង ទាំងចំណេះដឹង អ្នកអាចសាកល្បងអានសៀវភៅដែលជាប្រភេទក្រដាសជាជាងសៀវភៅបែបអេឡិចត្រូនិច។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
133 / 365 នៃមេរៀនជីវិតរីករាយ
បើសិនជាពេលនេះ អ្នកយល់ថាខ្លួនឯងបានបាក់បែកខ្ទេចខ្ទីអស់ទៅហើយ ឬក៏បានធ្លាក់ដល់ចំណុចសូន្យហើយ សូមអ្នកចាំថា ពេលខ្លះដើម្បីបានសំណង់ដ៏ប្រណិតមួយ គេត្រូវតែវាយកម្ទេចសំណង់ចាស់ចោលជាមុនសិន។ អ្នកក៏ដូចគ្នាដែរ។ ហើយទោះបីជាវាកំពុងបាក់បែកខ្ទេចខ្ទីយ៉ាងណាក៏ដោយ ក៏ជីវិតរបស់អ្នកនៅតែបន្តទៅមុខជានិច្ច។ សូមអ្នកកុំភ័យថា គ្មាននរណាជួយអ្នក ព្រោះអ្នកគឺរឹងមាំគ្រប់គ្រាន់ក្នុងការជួយខ្លួនឯង។ អ្វីដែលអ្នកត្រូវធ្វើក្នុងពេលឥឡូវនេះ គឺគ្រាន់តែបន្តដើរជាមួយជីវិតមួយនេះតទៅទៀត ដើរដោយក្តីរីករាយ ដើរដោយក្តីសង្ឃឹមជានិច្ច ព្រោះថាទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនខាតដែរ ព្រោះអ្នកមកតែម្នាក់ឯង ហើយមកដោយទទេស្អាត។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
132 / 365 នៃមេរៀនជីវិតរីករាយ
ធ្លាប់ទេ ពេលខ្លះក៏ឆ្ងល់ថា ហេតុអ្វីក៏គាត់គិតមិនយល់ន៎! ហេតុអីគាត់មើលមិនដឹងថាគេបោកគាត់ចឹង? ហេតុអ្វីបានជាគាត់ប្លែកម្ល៉េះឥឡូវនេះ? អ្នកកុំភ្លេចថា មនុស្សម្នាក់ៗឆ្លងកាត់បទពិសោធន៍ជីវិតផ្សេងៗគ្នា ទទួលបានចំណេះដឹងក៏ផ្សេងគ្នាដែរពីជីវិតមួយនេះ។ ហើយជួនកាលទៀត អ្វីដែលគាត់បានឆ្លងកាត់ ឬកំពុងឆ្លងកាត់បានធ្វើឲ្យគាត់ប្រែទាំងស្រុង ប្រែដោយដឹងខ្លួន ឬមិនដឹងខ្លួន។ ដូច្នេះហើយ វាគ្មានអ្វីទៅឆ្ងល់ថា ហេតុអ្វីបានជាម្នាក់នេះធ្វើបែបនេះ ឬក៏ម្នាក់នោះធ្វើបែបនោះនោះទេ។ អ្វីដែលយើងត្រូវធ្វើ គឺរៀនពីជីវិតគាត់ ហើយយកវាមកឆ្លុះបញ្ចាំងអំពីខ្លួនឯង។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ