Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

81 / 365 នៃមេរៀនជីវិតរីករាយ

81 / 365 នៃមេរៀនជីវិតរីករាយ

ខ្ញុំមានសេរីភាពច្រើន ព្រោះខ្ញុំមិនបានឲ្យវាទៅអ្នកដទៃ ឬសង្គមទេ។ ខ្ញុំមានសេរីភាពរស់នៅជាខ្លួនឯង ដើរតាមផ្លូវដែលខ្ញុំជ្រើសរើស មិនថាជីវិតការងារ ឬជីវិតរស់នៅធម្មតាទេ។ ខ្ញុំមានសេរីភាពរួចផុតពីការគិតរបស់អ្នកដទៃមកលើខ្ញុំ។ នេះមានន័យថា ពាក្យសំដីរបស់ពួកគាត់ មិនបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំឡើយ។ ខ្ញុំមានសេរីភាពរួចផុតពីស្តង់ដាសម្ផស្សស្ត្រីនៃសង្គមយើង ដែលគេយល់ថា មានសក់ត្រង់ ហាយឡាយ រាងតូច ស្បែកស ស្លៀកពាក់របស់ថ្លៃ ទើបជាស្រីស្អាត តែខ្ញុំនៅតែរីករាយជាមួយស្តង់ដារបស់ខ្ញុំដដែរ គឺភាពស្អាតដែលចេញពីខាងក្នុង។ ខ្ញុំក៏មានសេរីភាពក្នុងការដើរតាមអ្វីដែលខ្ញុំយល់ថាត្រូវ ទោះបីជាសង្គមទាំងមូលយល់ថា វាជាផ្លូវដែលគ្មាននរណាម្នាក់ដើរក៏ដោយ។ វាពិតជាគ្មានច្បាប់ណាយកយើងទៅដាក់គុក ដោយគ្រាន់តែមិនធ្វើតាមការនិយមរបស់មនុស្សភាគច្រើននោះទេ ប៉ុន្តែយើងចូលចិត្តដើរចូលគុកដោយខ្លួនឯង ហើយឃុំខ្លួនឯងនៅទីនោះ។ ទ្វាគុកក៏មិនបានបិទដែរ ចុះហេតុអ្វីបានជាយើងបន្តទ្រាំនៅខាងក្នុងគុកនោះទៀត?...

80 / 365 នៃមេរៀនជីវិតរីករាយ

80 / 365 នៃមេរៀនជីវិតរីករាយ

តើឲ្យនិយាយថាព្រះអាទិត្យធំយ៉ាងម៉េច បើយើងឃើញវាតូចតែប៉ុណ្ណឹងតាំងពីណាពីណីមកហើយនោះ? ហើយទោះបីជាមានការពន្យល់ពីមូលហេតុដែលយើងមើលឃើញវាតូច បូកផ្សំនឹងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ (ព្រះអាទិត្យអាចផ្ទុកផែនដីដល់ទៅជាង ១លានផែនដី ~ 1,300,000 ផែនដី) ក៏យើងនៅតែគិតថាវាតូចដដែលហ្នឹង។ ហេតុអ្វីទៅ? វាមិនខុសគ្នាពីរឿងមួយដែលថា ជីវិតវាមិនទៀងនោះទេ។ ទោះបីជាយើងឃើញការពិតខ្លះក៏ដោយ ក៏យើងនៅតែមិនបានព្រមទទួលយកវាទាំងស្រុងនោះដែរ ព្រោះអ្នកដែលនៅជុំវិញខ្លួនយើងគឺមានចាស់ៗច្រើនណាស់។ អ្នកមិនបាច់ព្រមទទួលយកការពិតដែលថា ព្រះអាទិត្យធំណាស់ក៏បានដែរ ព្រោះវាប្រហែលជាគ្មានប្រយោជន៍សម្រាប់អ្នក។ តែបើអ្នកព្រមទទួលយកការពិតមួយដែលថា ជីវិតគឺមិនទៀងនោះទេ នោះវានឹងជួយអ្នកច្រើនណាស់។ វានឹងជួយអ្នករស់នៅឲ្យមានន័យ ធ្វើអ្វីដែលអ្នកចង់ធ្វើ រស់ជាខ្លួនឯង និងធ្វើយ៉ាងណាមិនឲ្យខ្លួនឯងស្តាយក្រោយនៅខណៈណាមួយដែលយើងចាកចេញទៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

79 / 365 នៃមេរៀនជីវិតរីករាយ

79 / 365 នៃមេរៀនជីវិតរីករាយ

អារម្មណ៍របស់អ្នកប្រៀបដូចជាពពកអីចឹង វាតែងតែផ្លាស់ប្តូរជានិច្ច។ វាប្តូររូបរាងពីមួយទៅមួយទៀតឥតដាច់ ឧទាហរណ៍ដូចជា ពីស្អប់ទៅច្រណែន ពីច្រណែនទៅអស់សង្ឃឹម ពីអស់សង្ឃឹមទៅភ័យខ្លាច ពីភ័យខ្លាចទៅជាស្រលាញ់ជាដើម។ វាផ្លាស់ប្តូរគ្មានដែនកំណត់ គ្មានរបៀបនោះទេ។ ពេលខ្លះវាក៏មានពណ៍ដូចមាស ព្រោះវាបានប៉ះនឹងរបស់ពេញចិត្តណាមួយ ប្រៀបដូចពពកប៉ះនឹងពន្លឺព្រះអាទិត្យអីចឹងដែរ។ ពេលខ្លះទៀត វាក៏ខ្មៅខ្លាំង ខ្លាំងរហូតដល់ភ្លៀងចេញមកតាមភ្នែកក៏មាន។ ពេលវាចង់ភ្លៀង ចូរកុំទប់វា ព្រោះបន្ទាប់ពីភ្លៀងហើយ វានឹងលែងខ្មៅហើយ។ បើពពករបស់អ្នកផ្លាស់ប្តូរបែបនេះ តើអ្នកគួរធ្វើយ៉ាងម៉េចទៅ? ជំហ៊ានដំបូង និងសំខាន់បំផុតនោះ គឺគ្រាន់តែឃ្លាំមើលឲ្យទាន់នូវការផ្លាស់ប្តូររបស់វា។ អ្នកមិនចាំបាច់ធ្វើអ្វីទេ គឺគ្រាន់តែឃ្លាំមើលវាទៅបានហើយ។ បើអ្នកអាចអង្គុយមើលវារាល់ថ្ងៃត្រឹមតែ១០នាទី នោះអ្នកនឹងអាចដឹងថាពេលណាគួរយកឆ័ត្រ ឬអាវភ្លៀងតាមខ្លួន...

78 / 365 នៃមេរៀនជីវិតរីករាយ

78 / 365 នៃមេរៀនជីវិតរីករាយ

ធ្លាប់ទេ ទើបតែរៀនចប់ពីសាលាថ្មីៗ ចូលធ្វើការនៅកន្លែងដែលគេប្រើធ្វើនេះធ្វើនោះមិនចេះចប់ ឯប្រាក់ខែក៏មិនច្រើនប៉ុន្មាន។ ហើយភាគតិចណាស់ដែលមេមិនស្តីឲ្យ ព្រោះធ្វើមិនទាន់ត្រូវចិត្តគាត់។ ចុះពេលនោះអ្នកមានអារម្មណ៍យ៉ាងណាដែរ? ប្រាកដណាស់ ថាពេលខ្លះអ្នកក៏ឈឺចាប់នឹងពាក្យស្តីបន្ទោសទាំងនោះ ឬក៏តូចចិត្តដែលទទួលបានប្រាក់ខែតិចជាងមិត្តភក្កិជុំវិញ។ តែអ្នកដឹងទេ អ្នកឈឺចាប់ មិនមែនដោយសារការងារ ឬពាក្យបន្ទោសទាំងអស់នោះទេ តែមកពីអ្នកទុកខ្លួនឯងជាជនរងគ្រោះ។ បើអ្នកទុកខ្លួនឯងជាកូនសិស្សវិញនោះ អ្នកនឹងមិនឈឺចាប់ឡើយ ព្រោះថាអ្នកបានទាំងរៀន ថែមទាំងបានប្រាក់ទៀតផង។ គិតត្រូវជីវិតមានក្តីសុខច្រើន គិតមិនស្រួលជីវិតក៏ឈឺចាប់ច្រើនដូចគ្នា។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

77 / 365 នៃមេរៀនជីវិតរីករាយ

77 / 365 នៃមេរៀនជីវិតរីករាយ

ពេលខ្លះ អ្នកប្រហែលបានធ្លាក់ចូលអន្ទាក់នៃការគិតថា អ្នកដើរយឺតជាងអ្នកដទៃខ្លាំងមែនទែន ដោយគ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹងរបស់ពួកគាត់នៅលើបណ្តាញសង្គម។ អ្នកយល់ថា គេគ្រប់គ្នាបានរៀបការ មានផ្ទះ មានឡានអស់ហើយ នៅឡើយតែអ្នក។ អាម្មណ៍មិនល្អ អារម្មណ៍តូចចិត្តក៏កើតឡើងភ្លាម។ បើអ្នកយល់បែបនោះពិតមែន អ្នកប្រហែលជាភ្លេចមើលថា មានមនុស្សប៉ុន្មាននាក់ដែលមានជីវិតគូមិនសមប្រកប? តើឡាន ផ្ទះ និងសំភារៈដែលអ្នកបានឃើញនោះ វាគឺជាទ្រព្យ ឬជាបំណុលឲ្យពិតប្រាកដ? តែបើវាគឺជារឿងពិតមែននោះ ចូរអ្នកចូលរួមរីករាយនឹងឃើញអ្នកដទៃមានសេចក្តីសុខចុះ ហើយអ្នកក៏ប្រឹងប្រែងបន្តទៀតដែរ។ មិនយូរប៉ុន្មាន អ្នកនឹងអាចសម្រេចបានដូចគ្នា បើអ្នកពិតជាត្រូវការវាមែននោះ។ អ្នកមិនយឺតទេ មនុស្សម្នាក់ៗមានពេលវេលាខុសគ្នានៅក្នុងជីវិត។ ពេលរបស់អ្នកនឹងមកដល់នាពេលខាងមុខ។ អ្វីដែលអ្នកគួរធ្វើចូរធ្វើចុះ តែត្រូវចេះអត់ធ្មត់រង់ចាំលទ្ធផលរបស់អ្នក។...

76 / 365 នៃមេរៀនជីវិតរីករាយ

76 / 365 នៃមេរៀនជីវិតរីករាយ

តើអ្នកកើតក្នុងគ្រួសារបែបណា? អ្នកខ្លះមានសំណាងព្រោះគាត់បានកើតនៅក្នុងគ្រួសារមួយដែលអាចយល់ចិត្តគាត់ ជាប្រភពថាមពលពេលគាត់នឿយហត់។ មិនតែប៉ុណ្ណោះ គ្រួសារគាត់ក៏ចេះបង្ហាញក្តីស្រលាញ់យ៉ាងបើកចំហចំពោះគ្នា ហើយចេះលើកទឹកចិត្តគ្នាផងដែរ។ ប៉ុន្តែបើអ្នកបានកើតនៅក្នុងគ្រួសារដែលផ្ទុយពីអ្វីដែលបានរៀបរាប់ខាងលើ នោះអ្នកនឹងរឹតតែមានសំណាងថែមទៀត ព្រោះអ្នកនឹងក្លាយខ្លួនទៅជាទស្សនៈវិទូម្នាក់ដែលដឹងច្រើនពីរសជាតិជីវិត។ ឲ្យតែអ្នកពូកែរៀន អ្នកអាចយកមេរៀនទាំងល្អ ទាំងគួរជៀសវាងទៅកសាងគ្រួសារផ្ទាល់របស់អ្នកនាពេលអនាគតទៀតផង។ ដូច្នេះមានអ្វីដែលអ្នកត្រូវតូចចិត្តនោះ? ព្រោះថា ទោះបីជាអ្នកកើតនៅក្នុងគ្រួសារបែបណាក៏ដោយ ក៏អ្នកមានសំណាងដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

75 / 365 នៃមេរៀនជីវិតរីករាយ

75 / 365 នៃមេរៀនជីវិតរីករាយ

ថ្ងៃខ្លះវាពិតជាពិបាកខ្លាំងមែនទែន ពិបាកខ្លាំងរហូតអ្នកគ្មានកម្លាំងសូម្បីតែក្រោកពីគ្រែគេង ឬទៅរកអ្វីញាំ។ តែចូរអ្នកចាំថា គ្រប់យ៉ាងមិននៅបែបនេះរហូតនោះទេ។ ជីវិតតែងមានឡើងមានចុះបែបនេះឯង។ បើពេលនេះជីវិតកំពុងចុះ យើងក៏បង្អិលខ្លួនចុះតាមវាសិនចុះ។ ពេលដល់ផ្លូវឡើងចាំយើងប្រឹងសារជាថ្មីក៏មិនអីដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

74 / 365 នៃមេរៀនជីវិតរីករាយ

74 / 365 នៃមេរៀនជីវិតរីករាយ

បើអ្នកអស់កម្លាំងក្នុងការឡើយជណ្តើរហើយ អ្នកមិនគួរសម្លឹងទៅមើលគ្រប់កាំជណ្តើរដែលនៅសល់នោះទេ ព្រោះវារឹតតែធ្វើឲ្យអ្នកអស់កម្លាំងថែមទៀត។ អ្វីដែលអ្នកគួរធ្វើ គឺគ្រាន់តែផ្តោតទៅលើកាំជណ្តើរដែលនៅបន្ទាប់តែប៉ុណ្ណោះ ហើយធ្វើការឈានជើងឡើងទៅ។ ហើយមិនយូរប៉ុន្មាន អ្នកនឹងឡើងទៅដល់គោលដៅដោយមិនដឹងខ្លួន។ វាប្រៀបដូចជាភ្លើងម៉ូតូដែលមានហ្វាមានកូដអីចឹងដែរ។ យើងត្រូវប្រើប្រាស់វាឲ្យត្រូវតាមកាលៈទេសៈ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

73 / 365 នៃមេរៀនជីវិតរីករាយ

73 / 365 នៃមេរៀនជីវិតរីករាយ

នៅខណៈណាដែលអ្នកយល់ថា អ្នកបានបាត់បង់របស់មានតម្លៃអ្វីមួយ ឬមនុស្សដែលអ្នកស្រលាញ់ ចូរអ្នកចាំថា អ្នកមិនខាតនោះទេ ព្រោះអ្នកមកតែម្នាក់ឯង មកដោយទទេស្អាត។ ហើយបើអ្នករស់នៅត្រូវ អ្នកមានតែចំណេញទៀតផង គឺចំណេញកេរ្តិ៍ឈ្មោះ ព្រោះថាសេចក្តីល្អរបស់អ្នកដែលបានធ្វើចំពោះអ្នកដទៃ នឹងបន្តនៅលើផែនដីនេះ។ ដូច្នេះទោះមានរឿងអ្វីកើតឡើយក៏ដោយ កុំពិបាកចិត្តយូរពេក ព្រោះអ្នកមិនខាតនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

72 / 365 នៃមេរៀនជីវិតរីករាយ

72 / 365 នៃមេរៀនជីវិតរីករាយ

ខ្ញុំខំរៀនពេទ្យអស់១០ឆ្នាំ ធ្វើការអស់១០ឆ្នាំទៀត ដូច្នេះខ្ញុំត្រូវតែបន្តធ្វើការនេះតទៅទៀត ទោះបីជាឥឡូវ ខ្ញុំមិនចូលចិត្តវាបន្តិចទាល់តែសោះក៏ដោយ។ខ្ញុំធ្លាប់ញៀនថ្នាំ តើនរណានឹងយកខ្ញុំឲ្យធ្វើការជាមួយនោះ?ហេតុអ្វីជីវិតខ្ញុំបានឆ្លងកាត់រឿងអាក្រក់ទាំងអស់នេះ? ខ្ញុំពិតជាមិនអាចបំភ្លេចវាបានទេ? ទាំងនេះគឺជាឧទាហរណ៍មួយចំនួនដែលយើងឲ្យសិទ្ធិច្រើនហួសហេតុទៅអតីតកាលរបស់យើង។ មនុស្សម្នាក់ដែលធ្លាប់ជាចោរកាលពី១០ឆ្នាំមុន ឥឡូវនេះគាត់ក៏អាចខ្លាចទៅជាបណ្ឌិតម្នាក់បានដែរ។ យើងពីមុនខុសពីយើងឥឡូវនេះ។ អតីតកាលគ្រាន់តែជារឿងនិទានដែលយើងបានសរសេរយូរណាស់មកហើយ ហើយវាគ្មានសិទ្ធិមកកំណត់បច្ចុប្បន្ន និងអនាគតរបស់យើងនោះទេ បើយើងមិនអនុញ្ញាត។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ