Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

51 / 365 នៃមេរៀនជីវិតរីករាយ

51 / 365 នៃមេរៀនជីវិតរីករាយ

អ្នកខ្លះបានគេងជាមួយការស្អប់មនុស្សម្នាក់ពេលពេញមួយជីវិត ឬក៏ស្អប់ឆ្លងជាតិទៀតក៏មាន។ អ្នកខ្លះទៀតក៏គេងជាមួយភាពភ័យខ្លាចនានា ដូចជាខ្លាចគេក្បត់ចិត្ត ខ្លាចគេខឹងខ្លួនជាដើម។ ឯខ្លះទៀតវិញក៏គេងលក់ជាមួយអតីតកាលងើបមិនរួច ទោះបីជាវាធ្វើឲ្យគាត់ឈឺចាប់យ៉ាងណាក៏ដោយ។ ចូរភ្ញាក់ឡើងហើយបន្តដំណើរទៅមុខទៀត កុំគេងយូរពេក។ ជីវិតយើងកើតមកមិនមែនសម្រាប់តែគេងនោះទេ។ ភ្ញាក់ឡើង ហើយទទួលយកពន្លឺនៃថ្ងៃថ្មីទៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

50 / 365 នៃមេរៀនជីវិតរីករាយ

50 / 365 នៃមេរៀនជីវិតរីករាយ

បើអ្នកចេះជួយខ្លួនឯង នោះថាមពលនៃការប្រឹងប្រែងនេះនឹងទាក់ទាញអ្នកដទៃឲ្យចូលមកជួយអ្នកដោយពេញចិត្ត។ តែបើអ្នកអាងអ្នកដទៃគ្រប់ពេល នោះថាមពលនៃភាពខ្ជិលច្រអូសមួយនេះនឹងរុញច្រានជំនួយចេញពីអ្នកដូចគ្នា។ ទឹកចិត្តអ្នកជួយពិតប្រាកដ គឺចង់ឲ្យអ្នករឹងមាំ។ តែបើការជួយរបស់គាត់បានប្រែក្លាយអ្នកទៅជាមនុស្សទន់ខ្សោយ នោះគាត់នឹងឈប់ជួយអ្នកជាមិនខាន។ ចូរជួយខ្លួនឯងជាមុនសិន មុននឹងអ្នកដទៃអាចជួយអ្នកបាន។ និយាយបែបនេះមិនមែនមានន័យថា អ្នកត្រូវឈប់រកជំនួយនោះទេ តែអ្នកត្រូវចេះជួយខ្លួនឯងសិនមុននឹងរកអ្នកដទៃ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

49 / 365 នៃមេរៀនជីវិតរីករាយ

49 / 365 នៃមេរៀនជីវិតរីករាយ

គុណភាពនៃជីវិតអ្នកពឹងផ្អែកទាំងស្រុងទៅលើគុណភាពនៃការគិតរបស់អ្នក។ ឡាវជឺបាននិយាយថា៖ ចូរពិនិត្យមើលការគិតរបស់អ្នក ព្រោះវានឹងក្លាយទៅជាសំដីរបស់អ្នក។ ចូរពិនិត្យមើលសំដីរបស់អ្នក ព្រោះវានឹងក្លាយទៅជាទង្វើរបស់អ្នក។ ចូរពិនិត្យមើលទង្វើរបស់អ្នក ព្រោះវានឹងក្លាយជាទម្លាប់របស់អ្នក។ ចូរពិនិត្យមើលទម្លាប់របស់អ្នក ព្រោះវានឹងក្លាយទៅជាចរិតរបស់អ្នក។ ចូរពិនិត្យមើលចរិតរបស់អ្នក ព្រោះវានឹងក្លាយទៅជាវាសនារបស់អ្នក។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

48 / 365 នៃមេរៀនជីវិតរីករាយ

48 / 365 នៃមេរៀនជីវិតរីករាយ

បើអ្នកចង់ចេះហែលទឹក ហើយអ្នកខំតែមើលអ្នកដទៃហែល ប្រឹងអានសៀវភៅទាក់ទងនឹងវិធីសាស្ត្រឆាប់ចេះហែល ស្តាប់កីឡាករអូឡាំពិកចែករំលែកពីរបៀបហែលឲ្យបានលឿន តែអ្នកមិនបានចាប់ផ្តើមហែលខ្លួនឯងទេនោះ នោះមួយជីវិតនេះ អ្នកនឹងមិនអាចចេះហែលទឹកទេ។ ក្តីសុខអ្នកក៏មិនខុសពីការចង់ចេះហែលទឹកនេះដែរ។ ការដឹងពីរបៀបរស់នៅឲ្យមានក្តីសុខគឺជារឿងសំខាន់មួយ។ ឯការចាប់ផ្តើមរស់នៅជីវិតបែបនោះគឺជារឿងសំខាន់មួយផ្សេងទៀត។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

47 / 365 នៃមេរៀនជីវិតរីករាយ

47 / 365 នៃមេរៀនជីវិតរីករាយ

ដោយសារការចង់ស្គាល់រសជាតិគេងតង់ ទើបធ្វើឲ្យខ្ញុំមានឱកាសដឹងថា ខ្ញុំស្រលាញ់ការដើរព្រៃនិងឡើងភ្នំខ្លាំង។ ដោយសារមិត្តភក្តិ ទើបខ្ញុំបានស្គាល់ហើយលង់ស្រលាញ់យ៉ូហ្គា។ ដោយសារការដើរលេងតែម្នាក់ឯងញឹកញយ ទើបខ្ញុំងាយនឹងធ្វើមិត្តជាមួយមនុស្សថ្មី ងាយសម្របខ្លួននឹងស្ថានភាពលំបាកនានា។ ដោយសារការសាកល្បងអ្វីថ្មីៗ ទើបធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្រើន ហើយក៏ដឹងគោលដៅជីវិតបានច្បាស់ជាងមុនដែរ។ អ្នកដឹងទេ ផ្លូវជីវិតពិតជាគ្មានផែនទីណាអាចប្រាប់ឲ្យយើងដើរតាមនេះឬតាមនោះទេ មានតែបទពិសោធន៍ថ្មី មនុស្សផ្សេងគ្នា ដែលអាចជាទិន្នន័យជាព័ត៌មានឲ្យយើងអាចប្រើប្រាស់ដើម្បីគូសវាស ថាគួរដើរផ្លូវណាបន្តទៀត គួរស់យ៉ាងម៉េចឲ្យបានប្រសើរ។ ភាពចង់ចេះចង់ដឹងចង់សាកអ្វីថ្មីនេះ មាននៅក្នុងខ្លួនអ្នកតាំងពីតូចមកម្ល៉េះ គ្រាន់តែពេលនេះ វាអាចនឹងដេកលក់តែប៉ុណ្ណោះ។ ចូរដាស់វាឲ្យភ្ញាក់ឡើង ហើយបន្តសាកល្បងអ្វីដែលអ្នកយល់ថាល្អទៀតចុះ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

46 / 365 នៃមេរៀនជីវិតរីករាយ

46 / 365 នៃមេរៀនជីវិតរីករាយ

ចូរធ្វើខ្លួនឲ្យដូចដើមឈើ ដែលអនុញ្ញាតឲ្យស្លឹកដែលងាប់ៗជ្រុះចេញពីវា។ ―រូមី (Rumi) ដើមឈើមិនបានស្តាយស្រណោះទេ ព្រោះបើវាមិនអនុញ្ញាតឲ្យស្លឹកងាប់ជ្រុះទៅ ស្លឹកថ្មីក៏មិនអាចដុះមកបានដែរ។ ដូចគ្នាដែរ រឿងទាំងឡាយណាដែលធ្វើឲ្យអ្នកឈឺចាប់ ក៏អនុញ្ញាតឲ្យវាចាកចេញពីអ្នកចុះ។ មនុស្សទាំងឡាយណាដែលមិនអាចរួមដំណើរជាមួយអ្នកបាន ក៏អនុញ្ញាតឲ្យគេទៅចុះ។ ចូរទុកកន្លែងទំនេរនេះសម្រាប់ស្វាគមន៍ឱកាសថ្មី មនុស្សថ្មីដែលនឹងចូលមកក្នុងជីវិតអ្នកនាពេលខាងមុខនេះ។ ដោយក្តីស្រលាញ់ពី AromToday #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

45 / 365 នៃមេរៀនជីវិតរីករាយ

45 / 365 នៃមេរៀនជីវិតរីករាយ

ក្តីស្រលាញ់មាននៅគ្រប់ទីកន្លែងគ្រប់ខណៈទាំងអស់។ ឲ្យតែអ្នកយកបេះដូងទៅតាមខ្លួនជានិច្ច នោះអ្នកច្បាស់ជាបានឃើញបានទទួលក្តីស្រលាញ់ជាមិនខាន។ ក្តីស្រលាញ់មានច្រើនទំរង់ដូចជា ក្តីស្រលាញ់ចំពោះដៃគូស្នេហា ចំពោះគ្រួសារ មិត្តភក្តិ ជាតិមាតុភូមិ ចំពោះខ្លួនឯង មនុស្សជាតិទាំងមូល ចំពោះធម្មជាតិ។ ទោះបីជាក្តីស្រលាញ់មានច្រើនទំរង់ តែវាមិនខុសគ្នាទេ។ ក្តីស្រលាញ់ពិតមានទិសដៅតែមួយគត់ គឺឲ្យដោយមិនប្រាថ្នាអ្វីត្រលប់មកវិញ។ ដោយសារតែភាពបរិសុទ្ធនៃការឲ្យនេះហើយ ទើបធ្វើឲ្យអ្នកទទួលបានក្តីស្រលាញ់ត្រលប់មកវិញដូចគ្នា។ នេះហើយជាច្បាប់ធម្មជាតិ។ សូមឲ្យអ្នកនិងមនុស្សគ្រប់គ្នាបានស្គាល់រសជាតិនៃក្តីស្រលាញ់ពិតប្រាកដ។រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

44 / 365 នៃមេរៀនជីវិតរីករាយ

44 / 365 នៃមេរៀនជីវិតរីករាយ

ពេលយើងចង់ញ៊ាំអី ឬចង់បានសម្លៀកបំពាក់ណាមួយ យើងគ្រាន់តែចុចប៉ុន្មានក្លីក មិនយូរប៉ុន្មានក៏មានគេដឹកវាមកឲ្យយើងដល់កន្លែង។ ពេលយើងចង់បានរបស់អ្វីមួយដូចជាទូរសព្ទ័ ម៉ូតូ ឬក៏ផ្ទះ យើងក៏ងាយនឹងបានវាជាងសម័យមុនដែរ ដោយសារមានសេវាកម្មបង់រំលោះ និងកម្ចីជាច្រើន។ ពេលយើងចង់មើលរឿងអ្វីមួយ យើងមិនចាំបាច់រង់ចាំដល់ម៉ោងដូចពីមុនទេ យើងគ្រាន់តែចូលទៅ Youtube ឬ Netflix យើងក៏អាចមើលបាន។ ពេលយើងចង់ស្រកគីឡូ ក៏មានផលិតផលផ្សេងៗជួយយើងឲ្យស្រកបានលឿន។ ពួកយើងកំពុងរស់នៅក្នុងបិរបទមួយ ដែលបង្រៀនយើងមិនឲ្យចេះរង់ចាំ។ បរិបទបែបនេះហើយដែលធ្វើឲ្យយើងងាយនឹងតានតឹងផ្លូវចិត្ត ពេលដែលអ្វីមួយមិនបានលឿនដូចបំណង។ យើងចង់បានជោគជ័យក្នុងរយៈពេលខ្លី។ យើងចង់ឆាប់មានទ្រព្យលឿន ដោយមិនបានខ្វល់ខ្វាយពីសុខទុក្ខ ឬសុខភាពអ្នកដទៃ។ ឡាវជឺបាននិយាយថា៖ “ធម្មជាតិមិនប្រញាប់ទេ ប៉ុន្តែគ្រប់យ៉ាងគ្មានអ្វីខ្វះចន្លោះ។”...

43 / 365 នៃមេរៀនជីវិតរីករាយ

43 / 365 នៃមេរៀនជីវិតរីករាយ

អ្នកដែលកំពុងហាលស្រូវ ក៏ចង់ឲ្យមេឃក្តៅខ្លាំង។ អ្នកដែលមិនចូលចិត្តក្តៅ ក៏ចង់ឲ្យមេឃស្រទំ។ អ្នកចំការដែលទើបដាំដំណាំហើយថ្មីៗ ក៏ចង់ឲ្យមេឃភ្លៀងបានស្រោចស្របដំណាំគាត់ ខណៈដែលអ្នកកំពុងចូលរោងការមិនចង់ឲ្យមេឃភ្លៀងទេ។ តើមេឃគួរផ្គាប់ចិត្តអ្នកណា? អ្នកក៏មិនខុសពីមេឃដែរ។ មនុស្សផ្សេងៗគ្នាមានការរំពឹងទុកលើអ្នកក៏ផ្សេងគ្នាដែរ។ បើអ្នកព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាដើម្បីឲ្យពួកគាត់ស្រលាញ់អ្នក មិននិយាយអាក្រក់ពីអ្នក អ្នកច្បាស់ជាឆ្គួតមុននឹងគ្រប់គ្នាស្រលាញ់អ្នក មិននិយាយដើមអ្នកជាមិនខាន។ ដូច្នេះហើយ ចូរស្តាប់ខ្លួនឯង រស់នៅជាខ្លួនឯង។ ចូរអនុញ្ញាតឲ្យអ្នកដែលនិយាយមិនល្អពីអ្នកបន្តនិយាយទៀតចុះ ព្រោះថាពេលនេះគាត់មិនទាន់អាចទាញប្រយោនជ៍ពីអ្នកបាន។ ពេលដែលគាត់ចេះទាញប្រយោជន៍ពីអ្នក គាត់ច្បាស់ជាស្រលាញ់អ្នកជាមិនខាន។ តែអ្នកក៏ត្រូវចេះស្តាប់អ្នកដទៃហើយយកមតិពួកគាត់មកឆ្នៃទៅតាមអ្វីដែលជាអ្នកបានផងដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

42 / 365 នៃមេរៀនជីវិតរីករាយ

42 / 365 នៃមេរៀនជីវិតរីករាយ

ពេលព្រះអាទិត្យរះ ចូរអ្នករីករាយនឹងថ្ងៃរះទៅ។ ពេលព្រះអាទិត្យក្តៅខ្លាំង អ្នកក៏អាចងូតទឹកដើម្បីឲ្យត្រជាក់បាន។ ពេលព្រះអាទិត្យលិច ចូរអ្នករីករាយជាមួយនឹងថ្ងៃលិចចុះ។ ពេលអ្នកមិនអាចមើលឃើញពន្លឺព្រះអាទិត្យ ហេតុអ្វីអ្នកមិនឆុងតែញ៊ាំ ហើយរីករាយជាមួយភាពត្រជាក់នោះទៅ? ចូររៀនសម្របខ្លួនជាមួយនឹងអ្វី ដែលអ្នកមិនអាចផ្លាស់ប្តូរបាន។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ