Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
61 / 365 នៃមេរៀនជីវិតរីករាយ
បើមានគេជួយឲ្យខ្ញុំចាកផុតពីបញ្ហាទាំងអស់នៅក្នុងជីវិត នោះខ្ញុំនឹងមិនទទួលយកការជួយនោះទេ។ សម្រាប់ខ្ញុំ ជីវិតដែលគ្មានបញ្ហាប្រៀបបាននឹងការរៀនគណិតតែទ្រឹស្តី មិនបានដោះស្រាយលំហាត់ដូច្នោះដែរ។ ខ្ញុំក៏នឹងមិនសូមឲ្យបញ្ហាស្រួលជាងមុននោះដែរ តែខ្ញុំសូមឲ្យខ្លួនឯងខ្លាំងជាងមុនដើម្បីដោះស្រាយបញ្ហា។ សូមយល់ថា បញ្ហាមិនមែនជាទុក្ខ។ បញ្ហាគឺជាគ្រូដែលមកបង្រៀនយើងឲ្យរឹងមាំ ឲ្យស្គាល់រសជាតិជីវិតដែលមានន័យ។ ឯទុក្ខគឺជារូបភាពដែលចិត្តមិនមានសន្តិភាពបង្កើតឡើង។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
60 / 365 នៃមេរៀនជីវិតរីករាយ
ការរស់នៅមួយដែលប្រសើរ គឺមិនមែនវាស់ទៅលើចំនួននៃពេលវេលាដែលបានរស់នៅនោះទេ តែវាស់តាមរយៈគុណភាពនៃការស់នៅ។ បើយើងរស់បាន១០០ឆ្នាំ តែមួយថ្ងៃៗ យើងស្ពាយតែគំនុំ ការស្អប់ ការច្រណែន ការភ័យខ្លាច នោះវាមិនបានប្រសើរជាងជីវិតដែលរស់នៅតិចជាងនេះ តែខណៈនីមួយៗពោរពេញដោយក្តីស្រលាញ់ ការចេះជួយយកអាសារគ្នា ការរស់នៅដែលស្របទៅតាមអ្វីដែលជាយើងនោះទេ។ សេនេកា(ទស្សនវិទូក្រិច)បាននិយាយថា៖ វាមិនសំខាន់ថាអ្នករស់នៅបានយូរអង្វែងប៉ុណ្ណានោះទេ អ្វីដែលសំខាន់គឺអ្នករស់នៅបានប្រសើរប៉ុណ្ណា។ ចូរសង្កេតមើលខ្លួនឯង ហើយចាប់ផ្តើមសួរខ្លួនឯងថា៖ តើថ្ងៃនេះ ជីវិតខ្ញុំមានគុណភាពស្របតាមស្តង់ដាដែលខ្ញុំចង់បានហើយឬនៅ? បើនៅ វាមិនទាន់យឺតពេលក្នុងការផ្លាស់ប្តូរនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
59 / 365 នៃមេរៀនជីវិតរីករាយ
តាំងពីតូចរហូតដល់ធំប៉ុននេះ ខ្ញុំមិនទាន់ជួបនរណាម្នាក់ ដែលមានមុខមាត់ដូចខ្ញុំនៅឡើយទេ។ ខ្ញុំមានមុខធំ ជាំតិចៗ ច្រមុះធំ ភ្នែកធំៗ មាត់ស្ពែះ ដៃជើងធំៗ មិនសូវខ្ពស់ សម្បុរស្រអែម សក់រួញ ញញឹមច្រើន។ ខ្ញុំខុសគេ គិតក៏ខុសគេ។ ទោះខ្ញុំឃើញអ្នកដទៃល្អយ៉ាងណា ក៏ខ្ញុំមិនដែលចង់ក្លាយទៅជាគេដែរ។ ខ្ញុំមិនចង់ដូចអ្នកណាទាំងអស់។ ខ្ញុំចង់រស់នៅជាខ្ញុំ ហើយច្នៃខ្លួនឯងដោយមើលពីចំណុចល្អ និងចំណុចមិនល្អរបស់អ្នកដទៃ។ ខ្ញុំខុសគេ តែខ្ញុំពេញចិត្តនឹងលក្ខណៈពិសេសតែមួយរបស់ខ្ញុំនេះណាស់។ នៅលើលោកនេះ ក៏គ្មាននរណាម្នាក់ដូចអ្នកដែរ។ អ្នកអាចមានមុខមាត់ដូចបងប្អូនភ្លោះ តែអ្នកនៅតែអាចប្រាប់ពីភាពខុសគ្នាបាន។ ក្នុងចំណោមមនុស្សជាង៨ពាន់លានអ្នកនេះ មានអ្នកតែមួយ មានខ្ញុំតែមួយ។...
58 / 365 នៃមេរៀនជីវិតរីករាយ
ជីវិតគឺជាបន្តុំនៃការពិសោធ។ ពីពិសោធន៍មួយទៅមួយ ទាមទារឲ្យមានការសង្កេត វិភាគ ព្យាយាម ដើម្បីច្រោះយកចំណេះដឹង និងសំនាកទៅពិសោធលើកក្រោយទៀត រហូតទាល់តែយើងអាចទទួលបាននូវអ្វីដែលយើងចង់បាន។ បើយើងមិនទាន់ពេញចិត្តនឹងរបៀបរស់នៅបច្ចុប្បន្នទេ យើងក៏ចាប់ផ្តើមពិសោធរបៀបរស់នៅថ្មីទៅ។ បើមេយើងដឹកនាំមិនល្អ យើងក៏ចាប់ផ្តើមរកផ្លូវដឹកនាំវិញម្តង។ ចូរចាំថា ទម្រាំបានជោគជ័យ យើងត្រូវពិសោធច្រើនដងណាស់។ ពេលខ្លះក៏គ្មានអ្នកណាយល់ ថាយើងកំពុងធ្វើអ្វី សើចចំអកយើង ថាឲ្យយើងដើរផ្លូវខុសហើយក៏មាន។ វាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងដឹងយ៉ាងច្បាស់ថា យើងកំពុងពិសោធជីវិត ដើម្បីទទួលបានជីវិតមួយ ដែលយើងមិនស្តាយក្រោយក្នុងការរស់នៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
57 / 365 នៃមេរៀនជីវិតរីករាយ
ឪពុកម្តាយដែលកំពុងធ្វើសំណង់ក្រោមកំដៅថ្ងៃ គឺជារឿងពិត។ ឪពុកម្តាយដែលកំពុងធ្វើការក្នុងរោងចក្រ ហើយចំណាយប្រាក់ត្រឹមតែ ៣០០០រៀលសម្រាប់អាហារមួយពេល គឺជារឿងពិត។ ឪពុកម្តាយដែលកំពុងធ្វើចំការហាលក្តៅហាលភ្លៀង គឺជារឿងពិត។ ឪពុកម្តាយដែលកំពុងឆ្លងដែនខុសច្បាប់ទៅស្រុកគេដើម្បីធ្វើការ ក៏ជារឿងពិតដែរ។ លោកទាំងពីរកំពុងធ្វើរឿងពិតជាច្រើនដើម្បីកូន។ ពួកលោកពិបាកពិត ខ្វល់ខ្វាយពិត ចង់ឲ្យកូនល្អពិត។ អ្វីដែលយើងឃើញនៅតាមប្រព័ន្ធផ្សព្វផ្សាយគឺជារឿងមិនពិត។ យើងមិនបាច់មានទូរសព្ទ័សេរីថ្មី ដើម្បីឲ្យខ្លួនឯងទាន់សម័យនោះទេ។ យើងមិនត្រូវការគ្រឿងស្រវឹងគ្រឿងផ្អែម ដើម្បីបង្កើតមិត្តនោះទេ។ យើងមិនបាច់មានគេហដ្ឋានធំស្គឹមស្គៃទើបគ្រួសារកក់ក្តៅនោះទេ។ យើងមិនត្រូវការសំលៀកបំពាក់ប្រេនដើម្បីឲ្យខ្លួនឯងស៊ីវីល័យនោះទេ។ យើងមិនបាច់មានរថយន្តទំនើបទើបជីវិតមានផាសុខភាពនោះទេ។ អ្វីដែលយើងពិតជាត្រូវការគឺ គ្រួសារដែលស្រលាញ់យើង មិត្តល្អ សៀវភៅល្អ អាហារល្អ(មិនមែនអាហារថ្លៃ) ទឹកស្អាត(មិនមែនទឹកផ្អែម) សម្លៀកបំពាក់សមរម្យ(ខោអាវជជុះក៏ប្រើបាន) ជំរកសមរម្យ(ផ្ទះជួលគេក៏មិនអីដែរ)...
56 / 365 នៃមេរៀនជីវិតរីករាយ
ធម្មជាតិបានផ្តល់កាដូឲ្យមនុស្សគ្រប់គ្នាដោយមិនអាចប្រកែកបាន។ នៅក្នុងប្រអប់កាដូនីមួយៗ គឺសុទ្ធតែជារបស់មានតម្លៃ ហើយម្នាក់ៗត្រូវរស់នៅជាមួយវាអស់មួយជីវិត។ មនុស្សផ្សេងគ្នាមានប្រតិកម្មក៏ខុសគ្នាដែរចំពោះអ្វីដែលខ្លួនបានទទួល។ មនុស្សក្រុមទី1៖ 😭ក្រុមដែលមិនព្រមទទួលយកទោះគាត់ដឹងថា ខ្លួនត្រូវនៅជាមួយវាអស់មួយជីវិតក៏ដោយ ក៏គាត់មិនព្រមទទួលយកវាដែរ។ គាត់បានចំណាយថាមពលទាំងអស់ទៅលើការខឹង ស្អប់ បិទបាំង និងភ័យខ្លាច។ គាត់មិនអាចច្នៃកាដូមួយនេះបានទេ ព្រោះគាត់មិនព្រមទទួលយកវា។ គាត់ខឹង ព្រោះខ្លួនទទួលបានកាដូមួយនេះ។ គាត់ស្អប់ ព្រោះខ្លួនត្រូវស្ពាយវារហូតអស់មួយជីវិត។ គាត់ហត់ ព្រោះត្រូវបិទបាំងខ្លាចអ្នកដទៃឃើញ។ គាត់ភ័យខ្លាច ព្រោះយល់ថា ពេលអ្នកដទៃឃើញហើយ គេនឹងមើលងាយខ្លួន។ មនុស្សក្រុមទី2៖ 🥰ក្រុមទទួលយកដោយពេញចិត្តក្រុមនេះគិតថា បើគាត់គ្មានសិទ្ធិរើសផង ហេតុអ្វីគាត់ត្រូវពិបាកចិត្ត។ គាត់ព្រមទទួលយកវាដោយរីករាយ។...
55 / 365 នៃមេរៀនជីវិតរីករាយ
ពេលអ្នកកំពុងញ៊ាំបាយ តើអ្នកដឹងរស់ជាតិរបស់វាទេ? ពេលអ្នកកំពុងស្តាប់ដៃគូរបស់អ្នកនិយាយ តើអ្នកស្តាប់គាត់បានគ្រប់ពាក្យទេ? ពេលអ្នកដើរលេងជាមួយគ្រួសារ តើបេះដូងរបស់អ្នកនៅជាមួយពួកគាត់គ្រប់ពេលឬទេ? តើអ្នកអាចអង្គុយដោយស្ងៀមស្ងាត់បាន១០នាទីដោយមិនធ្វើអ្វីសោះ មិនកាន់ទូរសព្ទ័បានទេ? នៅក្នុងសម័យមួយដែលអ្នកដទៃព្យាយាមទាញយកចំណាប់អារម្មណ៍ និងពេលវេលាពីអ្នក អ្នកត្រូវតែមានសតិរឹងមាំជានិច្ចក្នុងការការពារការទាញយកនោះ ដើម្បីទុកវាប្រើជាមួយមនុស្សដែលអ្នកស្រលាញ់ និងជាមួយខ្លួនឯង។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
54 / 365 នៃមេរៀនជីវិតរីករាយ
បើសិនជាយើងកំពុងធ្វើអ្វីមួយដែលយើងពិតជាខ្វល់ខ្វាយនឹងវាមែននោះ យើងនឹងមិនអាចឈប់បានទេព្រោះចក្ខុវិស័យ(vision) នឹងទាញយើងទៅមុខជានិច្ច។ ហើយយើងក៏អាចរីករាយជាមួយភាពពិបាកគ្រប់បែបយ៉ាងបានដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
53 / 365 នៃមេរៀនជីវិតរីករាយ
កាលពីតូច រាល់ពេលអុជធូបម្តងៗ ខ្ញុំតែងតែបន់ស្រន់សូមឲ្យឪពុកម្តាយបងប្អូនទាំងអស់មានសុខភាពល្អ រស់នៅមានសុភមង្គល អាយុវែង និងរកស៊ីមានបាន។ ពេលខ្ញុំបានយល់ពីភាពបរិសុទ្ធនៃព្រះពុទ្ធសាសនា ទើបខ្ញុំឈប់បន់ស្រន់ ព្រោះព្រះពុទ្ធបានបង្រៀនឲ្យយើងជឿលើទង្វើរបស់ខ្លួនឯង។ តែបើគេតម្រូវឲ្យខ្ញុំបន់ស្រន់ ខ្ញុំនឹងបន់តែមួយគត់ គឺសូមឲ្យខ្ញុំនិងមនុស្សគ្រប់គ្នាយល់ត្រូវ គឺយល់ត្រូវពីជីវិត។ សម្រាប់ខ្ញុំ គ្មានទ្រព្យណាមានតម្លៃជាងការដែលយើងអាចយល់ត្រូវពីជីវិតនោះទេ។ ចុះអ្នកវិញ? បើបន់ តើបន់ចង់បានអ្វី? ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
52 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំធ្លាប់ស្រលាញ់ស្បែកជើងមួយគូយ៉ាងខ្លាំង តែខ្ញុំមិនបានទិញវាទេព្រោះតថ្លៃគ្នាមិនត្រូវ (ខុសគ្នា៤០០០រៀល)។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់។ អារម្មណ៍មួយនោះពិតជាពិបាកបរិយាយ។តែខ្ញុំពិតជាអរគុណចំពោះបទពិសោធន៏មួយនោះដូចគ្នា។ វាបានបង្រៀនខ្ញុំនូវមេរៀនជីវិតដ៏សំខាន់មួយ នោះគឺ“សន្តិភាពផ្លូវចិត្តគឺពិតជាថ្លៃណាស់។” បើលុយត្រឹមតែ៤០០០រៀលអាចធ្វើឲ្យខ្ញុំមានសន្តិភាព ហេតុអ្វីខ្ញុំគួរបដិសេធ? បើរឿងមួយបានធ្វើឲ្យខ្ញុំខឹងឬពិបាកចិត្ត ខ្ញុំនឹងសួរខ្លួនឯងថា៖ “តើវាសមតម្លៃទេដែលឲ្យរឿងមួយនេះមកយាយីសន្តិភាពផ្លូវចិត្តរបស់ខ្ញុំ?”ចុះអ្នកវិញ តើសន្តិភាពផ្លូវចិត្តរបស់អ្នកថ្លៃប៉ុនណា? ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ