Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

41 / 365 នៃមេរៀនជីវិតរីករាយ

41 / 365 នៃមេរៀនជីវិតរីករាយ

មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ការពិបាកចិត្ត តែមិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែបានសង្កេតមើលខ្លួនឯង រាល់ពេលដែលពិបាកចិត្តនោះទេ។ បើអ្នកជាមនុស្សពូកែសង្កេត ខ្លួនអ្នកគឺជាសៀវភៅមួយក្បាលដែលអានមិនចេះចប់។ អ្នកកាន់តែអានខ្លួនឯង អ្នកកាន់តែយល់ពីអ្នកដទៃ។ ហេតុអ្វី អ្នកដឹងទេ? ឧទាហរណ៍ដ៏សាមញ្ញមួយ៖ អ្នកប្រហែលជាធ្លាប់លឺគេនិយាយ ឬក៏ពេលខ្លះ អ្នកបាននិយាយដោយខ្លួនឯងផងក៏មិនដឹង៖ “ហ្នែងយំទៅបានអីមកវិញ? ហ្នែងគិតពីវាធ្វើអី? ហ្នែងឈប់ពិបាកចិត្តទៅ វាគ្មានប្រយោជន៍ទេ?” បើអ្នកធ្លាប់សង្កេតមើលខ្លួនឯង អ្នកប្រហែលជាមិននិយាយពាក្យទាំងអស់នេះទេ ព្រោះអ្នកយល់យ៉ាងច្បាស់ថា មិនមែនយើងចង់គិតពីវានោះទេ តែយើងពិបាកឈប់គិតពីវា។ ចូរសង្កេតមើលខ្លួនឯង និងអ្វីៗនៅជុំវិញខ្លួនឲ្យបានច្រើន ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងនឹងអ្នកដទៃ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

40 / 365 នៃមេរៀនជីវិតរីករាយ

40 / 365 នៃមេរៀនជីវិតរីករាយ

អ្នកមិនអាចមានថាមពលពេញៗរហូតនោះទេ។ វាតែងតែឡើងចុះទៅតាមការគិតរបស់អ្នក។ ហេតុនេះហើយ អ្នកត្រូវតែស្គាល់ប្រភពថាមពលរបស់ខ្លួន ដើម្បីទុកបញ្ចូលពេលដែលត្រូវការ។ មនុស្សម្នាក់ៗមានប្រភពថាមពលមិនដូចគ្នាទេ ហើយមនុស្សម្នាក់ដដែលហ្នឹង ក៏មិនអាចប្រើប្រភពថាមពលតែមួយប្រភេទបានគ្រប់ពេលនោះដែរ។ ការស្តាប់តន្រ្តី ការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ដំណើរកំសាន្ត គឺជាប្រភពថាមពលរបស់មនុស្សទូទៅ។ សម្រាប់ខ្ញុំ ការដើរព្រៃនិងផ្សារភ្ជាប់ជាមួយធម្មជាតិ ការរំលឹកដល់ភាពអស្ចារ្យនៃដូនតាពួកយើង ការចំណាយពេលជាមួយខ្លួនឯង ការអានឬស្តាប់ដែលអាចកើតបញ្ញា ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ គឺសុទ្ធតែជាប្រភពថាមពលដែលមានតម្លៃ។ ចុះអ្នកវិញ? ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

39 / 365 នៃមេរៀនជីវិតរីករាយ

39 / 365 នៃមេរៀនជីវិតរីករាយ

ភ្នែកមួយគូដែលអាចមើលឃើញអាហារ ពេលឃ្លានអាចញ៊ាំ ពេលញ៊ាំដឹងឆ្ងាញ់ នេះក៏ហៅថាសំណាងធំហើយ។ អ្នកដែលអាចមើលឃើញតម្លៃនៃរឿងតូចៗទាំងនេះ នឹងមានក្តីសុខច្រើន ហើយអ្នកដែលមិនចេះមើលវិញ ក៏ពិបាកនឹងរីករាយដែរ។ ព្រោះថា បើរបស់ដែលយើងកំពុងមាន យើងមិនអាចឃើញតម្លៃវាផង តើយើងនឹងអាចមើលឃើញតម្លៃ នៃរបស់ដែលយើងកំពុងរកមកដោយរបៀបណា? ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

38 / 365 នៃមេរៀនជីវិតរីករាយ

38 / 365 នៃមេរៀនជីវិតរីករាយ

អ្នកម៉ែតែងតែមានអារម្មណ៍ថាមិនស្រួលខ្លួន ឈឺបេះដូង ខ្យល់ចាប់ ឈឺក្រពះ គ្រឿងក្នុងអីរលួយអស់ហើយ។ តែរាល់ពេលពេទ្យពិនិត្យសុខភាពរបស់គាត់ម្តងៗ អ្វីៗគឺរឹងមាំល្អណាស់។ ជាងប្រាំឆ្នាំដែលពួកយើងដើរស្វែងរកការព្យាបាល តែមិនបានធូរស្រាលសោះ រហូតដល់ពេលមួយបានយើងដឹងថា បញ្ហាដែលគាត់ចេះតែមាននៅលើផ្លូវកាយនេះ តាមពិតមកពីផ្លូវចិត្តមិនមានសុខភាពល្អសោះ។ ខ្ញុំពិតជាកូនម្នាក់ដែលមានសំណាងខ្លាំងណាស់ ដែលអាចមានឱកាសបានជូនអ្នកម៉ែ និងញាតិមិត្តទៅពេទ្យនេះទៅពេទ្យនោះរហូតមកដល់សព្វថ្ងៃ។ រូបភាពដែលខ្ញុំបានឃើញ គឺពិតជាគ្រប់គ្រាន់សម្រាប់ឲ្យចិត្ត និងរាងកាយទាំងមូលរបស់ខ្ញុំព្រមទទួលយកថា សុខភាពផ្លូវចិត្តគឺពិតជាសំខាន់ខ្លាំងណាស់ ហើយក៏មិនមានអ្វីត្រូវខ្មាសអៀនក្នុងការនិយាយពីវានោះដែរ។ ចូរមើលថែសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អ ជាពិសេសនៅក្នុងសម័យនេះដែលអ្នកងាយនឹងឆ្លងមេរោគណាស់ បើសិនជាអ្នកមិនបានគ្រប់គ្រងការលេងបណ្តាញសង្គមរបស់អ្នកឲ្យបានល្អទេនោះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

37 / 365 នៃមេរៀនជីវិតរីករាយ

37 / 365 នៃមេរៀនជីវិតរីករាយ

ហេតុអ្វីអ្នកទៅចោលខ្ញុំ? ហេតុអ្វីអ្នកក្បត់ចិត្តខ្ញុំ? ហេតុអ្វីអ្នកចិត្ដដាច់ម្ល៉េះ? វាជាសំណួរដែលយើងតែងតែសួរ ពេលដែលទំនាក់ទំនងរបស់យើងដើរដល់ទីបញ្ចប់។ វាអាចជាទំនាក់ទំនងមិត្តភក្តិ ឬក៏ដៃគូជីវិត។ អ្នកខ្លះចាកចេញធម្មតា ខ្លះក៏ចាកចេញពីភពផែនដីនេះតែម្តង។ អ្នកដឹងទេ មនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតរបស់អ្នក គឺសុទ្ធតែមានបេសកកម្មរបស់គាត់។ ពេលពួកគាត់បំពេញភារកិច្ចចប់ជាមួយអ្នក គាត់ក៏ចាកចេញពីអ្នកទៅ។ អ្នកខ្លះមានបេសកកម្មមកបង្រៀនអ្នកឲ្យចេះស្រលាញ់ខ្លួនឯង ចេះតស៊ូរឹងមាំ។ ខ្លះទៀងមកផ្គត់ផ្គង់អ្នក មកជួយនាំអ្នកឲ្យចេញពីភាពលំបាក។ ខ្លះក៏ចូលមកធ្វើឲ្យអ្នកស្គាល់ភាពកក់ក្តៅ ឈឺចាប់ ជាដើម។ ពេលគាត់ចាកចេញទៅ វាច្បាស់ណាស់ថា អ្នកនឹងឈឺចាប់ព្រោះធ្លាប់មានអារម្មណ៍ល្អៗជាមួយគ្នា តែអ្នកពិតជាមិនអាចឃាត់គាត់បានទេ។ បើគាត់ត្រូវទៅ អនុញ្ញាតឲ្យគាត់ទៅបន្តបេសកកម្មគាត់ផ្សេងទៀតចុះ ហើយអ្នកក៏បន្តបេសសកម្មរបស់អ្នកដូចគ្នា។ ដោយក្តីស្រលាញ់ពី AromToday...

36 / 365 នៃមេរៀនជីវិតរីករាយ

36 / 365 នៃមេរៀនជីវិតរីករាយ

ពេលអ្នកនិយាយថា៖ “ចាំដល់ពេលខ្ញុំមានលុយ មាននោះ ឬមាននោះ នោះខ្ញុំនឹងមានសុភមង្គល មានក្តីសុខ។” តើអ្នកកំពុងតែគិតថា ក្តីសុខសុភមង្គល គឺជាផលិតផលដែលគេផលិតរួចជាស្រេចសម្រាប់លក់ឲ្យអ្នកឬ? អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអាចបង្កើតសុភមង្គល និងក្តីសុខឲ្យខ្លួនឯង។ វាមានគ្រឿងផ្សំសាមញ្ញណាស់ ហើយក៏មិនត្រូវការលុយច្រើនក្នុងការបង្កើតដែរ។ ទោះបីជាអ្នកស្លៀកខោអាវជជុះ ញ៊ាំអាហារនៅតាមជញ្ចើមផ្លូវ ក៏អ្នកអាចរីករាយបានដែរ។ ចូរកុំរង់ចាំដល់ពេលនេះ ឬពេលនោះទើបបង្កើតក្តីសុខឲ្យខ្លួនឯង។ ក្តីសុខមិនត្រូវការលក្ខខណ្ឌអ្វីទាំងអស់។ វាត្រូវការរបស់តែមួយគត់ នោះគឺការគិតរបស់អ្នក។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

35 / 365 នៃមេរៀនជីវិតរីករាយ

35 / 365 នៃមេរៀនជីវិតរីករាយ

អ្នកប្រហែលធ្លាប់ស្តាប់រឿងបុរសខ្វាក់៦នាក់ស្ទាបដំរីហើយ។ បុរសទី១ថា៖ "ដំរីរាងដូចសសរ" ព្រោះគាត់ស្ទាបចំជើងដំរី។ បុរសទី២ដែលស្ទាបចំកន្ទុយដំរីក៏និយាយថា៖ "មិនមែនសសរទេ តែជាខ្សែពួរ"។ បុរសទី៣ថា៖ "ទេ វាដូចជាផ្លិតទេតើ" (គាត់ស្ទាបចំត្រចៀកដំរី)។ បុរសទាំង៦បានរៀបរាប់ទៅតាមបទពិសោធន៍ពិតរបស់ខ្លួន។ អ្នកដឹងទេ ពួកយើងក៏ជាម្នាក់ក្នុងចំណោមមនុស្សខ្វាក់ទាំងអស់នោះដែរ។ តែបើយើងស្តាប់អ្នកដទៃដោយមិនវាយតម្លៃគាត់ ហើយស្វែងយល់ពីមូលហេតុដែលគាត់និយាយបែបនោះ យើងក៏ចាប់ផ្តើមភ្លឺភ្នែកបន្តិចម្តងៗ។ អ្វីដែលយើងដឹងគឺតិចតួចណាស់។ ហើយការពិតនីមួយៗដែលយើងដឹង គឺគ្រាន់តែជាចំនុចតូចមួយតែប៉ុណ្ណោះ។ ដូច្នេះហើយបានជា អាញស្តាញនិយាយថា៖ កាន់តែរៀនកាន់តែមិនដឹង។ ចូរបង្កើតចំនុចតូចៗរបស់អ្នកឲ្យបានច្រើន តាមរយៈការស្តាប់អ្នកដទៃដោយមិនវាយតម្លៃ ការអាន ឬក៏បទពិសោធន៍អ្វីមួយ។ កាលណាអ្នកមានចំនុចតូចៗច្រើន​ វានឹងជួយអ្នកឲ្យភ្ជាប់ចំនុចទាំងនោះដើម្បីឲ្យដឹងការពិតធំៗបានល្អជាងមុន។ នេះគ្រាន់តែដំរីមួយប៉ុណ្ណោះ...

34 / 365 នៃមេរៀនជីវិតរីករាយ

34 / 365 នៃមេរៀនជីវិតរីករាយ

កុំទទួលយកអ្វីមួយ ដែលអ្នកមិនអាចទទួលយកបាន ទោះបីជាមនុស្សទូទៅទទួលយកវាក៏ដោយ។ នេះមិនមែនមកពីអ្នកជាមនុស្សរឹងរូសទេ តែមកពីអ្នកស្គាល់ខ្លួនឯងច្បាស់។ ហើយក៏មិនមានន័យថា អ្នកដែលបានទទួលយកខុសនោះដែរ ព្រោះថាពួកយើងម្នាក់ៗឆ្លងកាត់រឿងផ្សេងៗគ្នា មានចំណេះដឹងនិងការយល់ឃើញក៏ផ្សេងៗគ្នាដែរ។ អ្វីដែលសំខាន់គឺយើងបានគិតគូរមុននឹងយើងទទួលយកអ្វីមួយ។ លក្ខណៈមួយនេះហើយ ដែលធ្វើឲ្យខ្ញុំស្ញប់ស្ញែងយ៉ាងខ្លាំងដែលមានកំនើតជាមនុស្ស។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

33 / 365 នៃមេរៀនជីវិតរីករាយ

33 / 365 នៃមេរៀនជីវិតរីករាយ

ខ្សែជីវិតនេះ នឹងនាំយើងទៅកាន់កន្លែងដែលយើងត្រូវទៅ ជួបមនុស្សដែលយើងត្រូវជួប ឲ្យតែយើងចេះរស់នៅស្របទៅតាមច្បាប់ធម្មជាតិ។ ការរស់បែបនេះមានន័យថា យើងនឹងមិនតោងជាប់នឹងរឿងអ្វីមួយឲ្យនៅដដែល ឬក៏ពិបាកចិត្តនៅពេលដែលវាប្រែប្រួលខុសពីអ្វីដែលយើងចង់បាននោះទេ ព្រោះថាតាមច្បាប់ធម្មជាតិ អ្វីៗទាំងអស់នឹងផ្លាស់ប្តូរជានិច្ច។ សូមបញ្ជាក់ថា ការរស់នៅបែបនេះ គឺពិតជាខុសគ្នានឹងការរស់នៅតាមយថាកម្ម។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

32 / 365 នៃមេរៀនជីវិតរីករាយ

32 / 365 នៃមេរៀនជីវិតរីករាយ

ពេលអ្នកកំពុងខឹង វាមិនខុសអីពីអ្នកកំពុងតែកាន់ចានដែលក្តៅខ្លាំង ដើម្បីគប់ទៅលើអ្នកដទៃនោះទេ។ អ្នកគឺជាមនុស្សដំបូងគេបង្អស់ ដែលត្រូវបានរលាកដោយភាពក្តៅនោះ។ — ព្រះពុទ្ធ តើអ្នកយល់ទេ? ដោយក្តីស្រលាញ់ពី AromToday #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ