Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

21 / 365 នៃមេរៀនជីវិតរីករាយ

21 / 365 នៃមេរៀនជីវិតរីករាយ

មានសៀវភៅ និងការអប់រំច្រើនណាស់ដែលនិយាយពីគន្លឹះរស់នៅដែលរីករាយ ឬក៏វិធីសាស្រ្តក្នុងការបង្កើតទម្លាប់ល្អៗណាមួយ។ តើអ្នកឆ្ងល់ទេ តើហេតុអ្វីបានជាមានមនុស្សជាច្រើនដែលអានសៀវភៅទាំងនោះហើយ មិនអាចរស់នៅដោយរីករាយ ឬបង្កើតទម្លាប់ល្អៗបាន? បើដូច្នេះ តើយើងគួអានវាធ្វើអ្វីទៅ? ការអានឬរៀនសូត្រ គឺជាការសាងសង់ផ្លូវឆ្ពោះទៅរកអ្វីដែលអ្នកចង់បាន។ បើមានតែផ្លូវ តែអ្នកមិនបានដើរទៅយករបស់នោះផង តើអ្នកនឹងអាចមានវាម៉េចនឹងកើត។ ហើយបើអ្នកមិនអានមិនរៀនសោះ នោះមានន័យថា សូម្បីតែផ្លូវក៏គ្មានសម្រាប់ឲ្យអ្នកដើរទៅយកវាដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

20 / 365 នៃមេរៀនជីវិតរីករាយ

20 / 365 នៃមេរៀនជីវិតរីករាយ

បើអ្នកដាំដើមឈើមួយដើម ហើយរំពឹងថា វានឹងអាចផ្តល់ជាម្លប់ផ្លែផ្កាក្នុងរយៈពេលមួយអាទិត្យ ឬក៏មួយខែ នោះអ្នកនឹងអស់សង្ឃឹមជាមិនខាន ហើយអ្នកប្រហែលជាឈប់បន្តមើលថែវាទៀតផង។ តែបើអ្នកជឿជាក់ថា តាមរយៈការមើលថែយ៉ាងដិតដល់រាល់ថ្ងៃ ដើមឈើមួយដើមនេះនឹងអាចផ្តល់ជាម្លប់ផ្លែផ្កានៅថ្ងៃណាមួយ នោះអ្នកតែងតែមានសង្ឈឹមជានិច្ច ទោះបីជាថ្ងៃនេះវាហាក់ដូចជាមិនធំប្លែកជាងម្សិលមិញក៏ដោយ។តើអ្នកឃើញពីភាពខុសគ្នារវាង “ការរំពឹងទុក” និង “ភាពជឿជាក់” ដែរឬទេ? ភាពជឿជាក់បានផ្តល់ឲ្យអ្នកនូវក្តីសង្ឈឹមយ៉ាងមុតមាំគ្រប់ពេលវេលា ដើម្បីឲ្យអ្នកអាចបន្តធ្វើសកម្មភាពដែលអ្នកគួរតែធ្វើ ខណៈឯការរំពឹងទុកគ្រាន់តែអាចលើកទឹកចិត្តអ្នកបានតែមួយខណៈៗតែប៉ុណ្ណោះ។ហើយខ្ញុំជឿជាក់ថា អ្នកអាចធ្វើបានគ្រប់រឿងដែលអ្នកចង់ធ្វើ ដោយគ្រាន់តែអ្នករៀនជឿជាក់លើខ្លួនឯងថាអាចធ្វើបានតែប៉ុណ្ណោះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

19 / 365 នៃមេរៀនជីវិតរីករាយ

19 / 365 នៃមេរៀនជីវិតរីករាយ

កាលពីតូច ខ្ញុំតែងតែយល់ថា ការសាក់រូបគឺជារឿងមិនល្អ ព្រោះអ្នកដែលមានសាក់រូបនៅលើខ្លួន គឺជាមនុស្សមិនល្អ។ ខ្ញុំគិតបែបនេះដោយសារ ខ្ញុំឃើញតួអង្គនៅក្នុងរឿងដែលសាក់រូបពេញខ្លួន គឺជាតួអង្គមិនល្អ ជាមនុស្សពាល។ ពេលខ្ញុំធំឡើង ធ្វើការជាមួយមនុស្សច្រើនជាតិសាសន៍ ដើរក៏បានច្រើនគួរសមដែរ ហើយក៏បានស្គាល់មនុស្សដែលមានសាក់រូបច្រើនល្មមដែរ។ ពួកគាត់គឺជាមនុស្សល្អ ជាមនុស្សចេះជួយយកអាសាអ្នកដទៃ ចេះគិតគូរបានវែងឆ្ងាយ ដែលពេលខ្លះ ខ្ញុំពិតជាស្ញប់ស្ញែងនឹងពួកគាត់ណាស់។ មកដល់ពេលនេះទើបខ្ញុំយល់ ថាការសាក់គឺជាសិល្បៈមួយបែប ដែលមនុស្សម្នាក់ៗធ្វើដើម្បីលម្អរាងកាយ ឬក៏ចងចាំលើកទឹកចិត្តពួកគាត់នូវរឿងអ្វីមួយ។ អ្នកឃើញទេ ការសាក់រូបនៅដដែល តែយើងបានដាក់ផ្លាកឲ្យវាថាល្អ ឬអាក្រក់ទៅតាមបទពិសោធន៍ ចំណេះដឹង ការគិត ឬអារម្មណ៍របស់យើង។ ហើយនេះគ្រាន់តែជាឧទាហរណ៍តូចមួយ...

18 / 365 នៃមេរៀនជីវិតរីករាយ

18 / 365 នៃមេរៀនជីវិតរីករាយ

អ្នកមិនអាចរីករាយរហូតនោះទេ។ ក្នុងដំណើរជីវិតរបស់អ្នកមួយនេះ អ្នកត្រូវតែជួបភ្លៀង ខ្យល់ ត្រជាក់ ក្តៅ។ ផ្លូវជីវិតដែលអ្នកកំពុងតែដើរនេះ ក៏មិនស្រួលរហូតដែរ គឺវាតែងតែមានរលាក់ ឡើង ចុះ រអិលជាដើម។ ពេលអ្នកដើរយូរៗទៅ មានខណៈខ្លះអ្នកនឹងអស់កម្លាំង។ ពេលខ្លះហត់ពេក រហូតលេងចង់ញ៉ាំអី លេងចង់និយាយស្តី។ វាមិនខុសអីពីដំណើរឡើងភ្នំនោះទេ។ ដើម្បីឲ្យការដើរភ្នំរីករាយបាន រឿងដំបូងបង្អស់ដែលអ្នកត្រូវធ្វើ គឺត្រូវព្រមទទួលយកការពិតមួយនេះ។ ការពិតដែលថា ដំណើរនេះ វាមិនស្រួលរហូតនោះទេ។ មានតែការទទួលយកការពិតទេ ទើបអាចឲ្យអ្នកអាចត្រៀមខ្លួនបានល្អ ទាំងចិត្តទាំងកាយទាំងគ្រឿងសម្ភារ ដើម្បីកាត់បន្ថយការលំបាករបស់អ្នកឲ្យនៅតិចជាងមុន។ ដូចគ្នាដែរ ដើម្បីរស់នៅជីវិតមួយនេះឲ្យបានប្រសើរ...

17 / 365 នៃមេរៀនជីវិតរីករាយ

17 / 365 នៃមេរៀនជីវិតរីករាយ

អ្នកជាដុំពេជ្យមួយដែលមានតម្លៃណាស់ អ្នកដឹងទេ។ ពេលដែលអ្នកយល់ថា អ្នកមិនមានតម្លៃ នោះមានន័យថា អ្នកកំពុងតែមានភក់មកបាំងពន្លឺដ៏ចែងចាំងរបស់អ្នកហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆ្កឹះភក់ដែលនៅប្រឡាក់នឹងអ្នកចេញទៅ។ ភក់ទាំងអស់នោះមានដូចជា ភាពខ្ជិលច្រអូស ការខ្វះភាពជឿជាក់លើខ្លួនឯងជាដើម។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

16 / 365 នៃមេរៀនជីវិតរីករាយ

16 / 365 នៃមេរៀនជីវិតរីករាយ

អ្នកត្រូវតែមានទឹកនៅក្នុងកែវរបស់អ្នក ទើបអ្នកអាចចែករំលែកវា ទៅឲ្យអ្នកឯទៀតបាន។ បើអ្នកនៅតែបន្តចាក់ទឹកឱ្យទៅអ្នកឯទៀត ដោយមិនបានខ្វល់ខ្វាយរកទឹកមកចាក់បំពេញបន្ថែមកែវទឹករបស់អ្នកនោះទេ មិនយូប៉ុន្មានទឹកក្នុងកែវរបស់អ្នកនឹងអស់ ហើយអ្នកក៏មិនអាចចែករំលែកទៅឲ្យអ្នកដទៃបានទៀតឡើយ។ ដូចគ្នាដែរ អ្នកត្រូវតែមើលថែខ្លួនឯងឲ្យបានល្អ ទើបអ្នកអាចមានកំលាំងមើលថែអ្នកឯទៀត។ ការមើលថែខ្លួឯងមិនមែនជាទង្វើអាត្មានិយមនោះទេ។ ការគិតតែពីខ្លួនឯងដោយមិនខ្វល់ពីអ្នកដទៃ ទើបជាទង្វើអាត្មានិយមពិតប្រាកដ។ ចូរមើលថែទឹកក្នុងកែវរបស់អ្នក។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

15 / 365 នៃមេរៀនជីវិតរីករាយ

15 / 365 នៃមេរៀនជីវិតរីករាយ

បើគ្មានខ្លី ក៏អ្នកមិនស្គាល់វែង។ បើគ្មានអាក្រក់ ក៏អ្នកមិនស្គាល់ល្អ។ បើគ្មានងងឹត ក៏អ្នកមិនស្គាល់ភ្លឺ។ បើគ្មានកំហុស ក៏អ្នកមិនស្គាល់ថាភាពត្រឹមត្រូវយ៉ាងម៉េច។ បើមិនមានការបោកប្រាស់ ក៏អ្នកមិនស្គាល់តម្លៃនៃភាពស្មោះត្រង់។ អ្នកឃើញទេ អ្វីៗគ្រប់យ៉ាងកើតឡើង គឺគ្រាន់តែដើម្បីបំពេញគ្នាតែប៉ុណ្ណោះ។ បើអ្នកយល់ នោះជីវិតរបស់អ្នកនឹងស្គាល់សុខច្រើន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

14 / 365 នៃមេរៀនជីវិតរីករាយ

14 / 365 នៃមេរៀនជីវិតរីករាយ

នៅពេលដែលអ្នកអាចរីករាយជាមួយរឿងតូចៗ របស់សាមញ្ញៗ ហើយអាចញញឹមជាមួយអ្វីៗដែលអ្នកកំពុងមាន ឬកំពុងជួបប្រទះ នោះអ្នកជាមនុស្សសំណាងណាស់។ ព្រោះអ្វីអ្នកដឹងទេ? ព្រោះថា អ្នកកំពុងរស់នៅក្នុងយុគមួយ ដែលការរីករាយបែបនេះគឺជារឿងដ៏កម្រ។ ដូច្នេះ បើអ្នកជាមនុស្សបែបនេះ កុំមានអារម្មណ៍ថាខ្មាសគេអី ហើយចូរបន្តរីករាយ និងអរគុណដែលអ្នកមានសំណាងបានទទួលកាដូជីវិតដ៏ប្រណិតមួយនេះ។ តែបើអ្នកមិនទាន់ជួបសំណាងនេះទេ អ្នកក៏អាចបង្កើតវាដោយខ្លួនឯងបានដែរ មិនចាំបាច់បន់ទេវតាទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

13 / 365 នៃមេរៀនជីវិតរីករាយ

13 / 365 នៃមេរៀនជីវិតរីករាយ

ពេលអ្នកស្ពាយធ្ងន់ខ្លាំងយូរពេក រាងកាយរបស់អ្នកនឹងឆាប់ទ្រុឌទ្រោម ងាយឈឺ ចាស់ជាងវ័យ ដើរមិនបានឆ្ងាយ(អាយុខើចជាងធម្មតា)។ អ្នកដឹងទេ ភាពស្អប់គុំកួនគឺជាសម្ពាយមួយដែលធ្ងន់ខ្លាំង ហើយជាសម្ពាយដែលមិនចាំបាច់ទាល់តែសោះក្នុងដំណើរជីវិតមួយនេះ។ ស្ពាយវាយូរទៅ នឹងធ្វើឲ្យអ្នកពិបាកដើរទៅមុខ ដើរមិនបានឆ្ងាយ ពិបាកស្ពាយរបស់ចាំបាច់ផ្សេងទៀត ពិបាកចិត្ត ពិបាកគេង ចាស់ជាងវ័យ។ ដូច្នេះហើយនៅខណៈណាដែលអ្នកដឹងថា អ្នកកំពុងស្ពាយវានោះ ក៏ទម្លាក់វាចោលនៅខណៈនោះទៅ ទោះមួយវិនាទីក៏ប្រសើរ ហើយត្រូវអនុវត្តបែបនេះជារឿយៗ។ មិនយូរប៉ុន្មាន អ្នកនឹងអាចដកវាចេញពីដំណើរជីវិតមួយនេះបានហើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

12 / 365 នៃមេរៀនជីវិតរីករាយ

12 / 365 នៃមេរៀនជីវិតរីករាយ

ពេលអ្នកធ្វើកំពប់ទឹកខ្លះចេញពីកែវរបស់អ្នក តើអ្នកជ្រើសរើសយកអារម្មណ៍មួយណា? អ្នកអាចជ្រើសរើសយកអារម្មណ៍មួម៉ៅខឹងសម្បាដែលទឹកខ្លះបានកំពប់។ តែអ្នកក៏អាចរើសយកការញញឹម ហើយអរគុណដែលទឹកក្នុងកែវនៅសល់ខ្លះសម្រាប់អ្នក។ តាមការស្រាវជ្រាវបានបបង្ហាញថា ក្នុងមួយថ្ងៃយើងធ្វើការសំរេចចិត្តជ្រើសរើសប្រហែល 35000ដង ដូចជាជ្រើសរើសរបស់ដែលយើងញ៉ាំ សម្លៀកបំពាក់ដែលយើងស្លៀក ជាដើម។ ដូច្នេះហើយអ្នកត្រូវរៀនពីរបៀបជ្រើសរើស ទើបជីវិតរបស់អ្នកបានប្រសើរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ