Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
221 / 365 នៃមេរៀនជីវិតរីករាយ
មានសុភាសិតអាហ្រ្វិចមួយបានលើកឡើងថា៖ “ទឹកជ្រោះពីរមិនអាចលឺសម្លេងគ្នាទៅវិញទៅមកបានទេ”។ វាប្រៀបបាននឹងយើងដែលយកពេលវេលា និងការយកចិត្តទុកដាក់របស់យើងទៅផ្តោតលើគោលដៅខ្លួនឯង ទៅអភិវឌ្ឍខ្លួនឯង នោះយើងនឹងមិនអាចប៉ះទង្គិចជាមួយនឹងអ្វីដែលអ្នកដទៃកំពុងតែធ្វើនោះទេ ហើយយើងក៏មិនមានពេលទៅអន់ចិត្ត ឬក៏ច្រណែននឹងអ្នកដទៃពេលដែលពួកគេកំពុងរស់នៅជីវិតគេដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
220 / 365 នៃមេរៀនជីវិតរីករាយ
បើនៅថ្ងៃនេះអ្នកបានឃើញមនុស្សជោគជ័យម្នាក់ដែលអ្នកស្ញប់ស្ញែងនឹងគាត់ អ្នកត្រូវដឹងថា ភាពជោគជ័យដែលគាត់ទទួលបាននៅពេលនេះ មិនមែនបានមកពីការប្រឹងប្រែងមួយឆ្នាំពីរឆ្នាំនោះទេ។ អ្នកខ្លះក៏ចាប់ផ្តើមតាំងពី២០ឆ្នាំមុនមកម្ល៉េះហើយបន្តប្រឹងប្រែងរហូតមកដល់សព្វថ្ងៃ ហើយគាត់ក៏ប្រហែលជាធ្លាប់នៅក្នុងស្ថានភាពមួយដូចជាអ្នកនៅពេលនេះដែរ។ បើនៅថ្នៃនេះ អ្នកមើលមកខ្លួនឯងមិនទាន់ដល់កំរិតមួយដែលអ្នកចង់បាន វាក៏គ្មានអ្វីដែលអ្នកត្រូវអស់សង្ឈឹមនោះឡើយ។ អ្វីដែលសំខាន់គឺអ្នកត្រូវបន្តដើរទៅមុខជានិច្ច។ ត្រូវចាំថា ដើមឈើមួយដើមដែលអាចដុះរឹងមាំ និងអាចឈរនៅយូរអង្វែងបាន គឺត្រូវប្រើពេលច្រើនដើម្បីលូតលាស់និងចាស់ឬសឲ្យបានជ្រៅ។ ដូច្នេះហើយ ចូរបន្តមើលថែដើមឈើរបស់អ្នកឲ្យបានល្អ ហើយបើអ្នកមិនទាន់បានដាក់ដាំដើមឈើរបស់អ្នកទេនោះ ឥឡូវនេះគឺជាពេលដែលល្អក្នុងការដាំវាហើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
219 / 365 នៃមេរៀនជីវិតរីករាយ
សត្វបក្សីដែលទំនៅលើមែកឈើមួយ នឹងមិនដែលភ័យខ្លាចថាខ្លួននឹងធ្លាក់ចុះមកលើដីនោះឡើយ។ នេះមិនមែនមកពីបក្សីទុកចិត្តថាមែកឈើមិនបាក់ធ្លាក់ចុះនោះទេ តែមកពីបក្សីជឿជាក់លើខ្លួនឯងយ៉ាងច្បាស់ថា ខ្លួនឯងអាចហើរបានបើទោះបីជាមែកឈើបាក់ធ្លាក់ចុះក៏ដោយ។ នៅក្នុងជីវិតមួយនេះ ក៏គ្មានអ្វីដែលយើងត្រូវខ្លាចក្នុងការរស់នៅនោះដែរ។ នេះមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងនឹងកើតឡើងដូចចិត្តរបស់យើង ឬរឿងល្អៗដែលយើងកំពុងជួបនឹងមិនផ្លាស់ប្តូរនោះទេ តែមកពីយើងជឿជាក់លើខ្លួនឯងក្នុងការជំនះនូវរាល់ឧបសគ្គទាំងអស់នោះបាន រាល់ពេលដែលវាកើតឡើងម្តងៗ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
218 / 365 នៃមេរៀនជីវិតរីករាយ
១នាទីដែលអ្នកចំណាយដើម្បីតាមដានជីវិតអ្នកដទៃរហូតភ្លេចរស់នៅជីវិតខ្លួនឯង វាស្មើនឹងអ្នកបានស្លាប់អស់៦០វិនាទីហើយ។ ១នាទីដែលអ្នកចំណាយទៅលើការច្រណែន ឬនិយាយដើមអ្នកដទៃ វាស្មើនឹងអ្នកបានបាត់បង់៦០វិនាទីដើម្បីអភិវឌ្ឍខ្លួនឯងដែរ។ ១នាទីដែលអ្នកចំណាយទៅលើការខឹងអ្នកដទៃ វាស្មើនឹងអ្នករលាកភ្លើងអស់៦០វិនាទីដែរ។១នាទីដែលអ្នកចំណាយទៅលើការអភិវឌ្ឍខ្លួនឯង វាស្មើនឹងអ្នកទទួលបានជោគជ័យ៦០វិនាទីដែរ។១នាទីដែលអ្នកចំណាយដើម្បីមើលថែខ្លួនឯង វាស្មើនឹងអ្នកបានការពាររបស់មានតម្លៃរបស់ខ្លួនបាន៦០វិនាទីដូចគ្នាដែរ។១នាទីដែលអ្នកចំណាយដើម្បីជួយយកអាសារអ្នកដទៃ វាស្មើនឹង៦០វិនាទីដែលអ្នកបានរស់នៅដោយប្រពៃ។ ១នាទីនៃជីវិតរបស់អ្នកពិតជាមានតម្លៃណាស់ ដូច្នេះហើយចូរប្រើប្រាស់វាឲ្យសមនឹងតម្លៃ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
217 / 365 នៃមេរៀនជីវិតរីករាយ
ទ្រព្យសម្បត្តិដែលខ្ញុំខំប្រឹងប្រែងរកនិងរក្សាជាងគេបំផុតនោះគឺសុខភាព។ ទ្រព្យមួយនេះហើយដែលអាចជួយខ្ញុំឲ្យបង្កើត និងបន្តស្វែងរកសេចក្តីសុខផ្សេងទៀតបាន។ មនុស្សម្នាក់ដែលហៅថាមានសុខភាពល្អបាន គឺត្រូវរាប់បញ្ចូលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ រាល់ការវិនិយោគ និងការចំណាយទាំងឡាយណាដែលធ្វើឲ្យសុខភាពរបស់ខ្ញុំរឹងមាំបាន គឺខ្ញុំព្រមចំណាយទាំងអស់ ពីព្រោះថាដើម្បីធ្វើឲ្យការចុះចតរបស់យើងនៅលើផែនដីមួយនេះមានន័យទៅបាន វាមិនមែនមាសប្រាក់លុយកាក់ដែលយើងត្រូវស្ពាយជាប់ខ្លួននោះទេ តែគឺជាសុខភាពផ្លូវចិត្តនិងកាយរបស់យើងរឹងមាំ ដែលអាចតស៊ូជាមួយនឹងព្យុះភ្លៀងព្រមទាំងរដូវកាលផ្សេងៗទៀតនៃជីវិតបាន។ បើផ្លូវចិត្តរបស់យើងមិនរឹងមាំហើយ របស់ផ្សេងទៀតមិនមែនជាទ្រព្យនោះទេ តែវានឹងអាចប្រែទៅជាបន្ទុករបស់យើងទៅវិញ ព្រោះយើងខ្វល់យើងព្រួយយើងគិតពីវារហូតធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តបាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
216 / 365 នៃមេរៀនជីវិតរីករាយ
វាគឺជាអ្នកដែលជ្រើសរើសការញញឹម បើទោះបីជាគ្នាននរណាម្នាក់ប្រាប់អ្នកឲ្យញញឹមក៏ដោយ។ វាគឺជាអ្នកដែលជ្រើសរើសការញញឹម បើទោះបីជាអ្នកស្ថិតនៅកន្លែងងងឹត ហើយពិភពលោកមិនអាចមើលឃើញស្នាមញញឹមរបស់អ្នកក៏ដោយ។ វាគឺជាអ្នកដែលជ្រើសរើសការញញឹម បើទោះបីជាអ្នកដើរតែឯងក៏ដោយ។ ការញញឹមមិនពឹងផ្អែកទៅលើកត្តាខាងក្រៅនោះឡើយ តែវាពឹងផ្អែកទាំងស្រុងទៅលើគុណភាពនៃផ្លូវចិត្តរបស់អ្នក។ ញញឹមគឺជាសញ្ញានៃក្តីសង្ឃឹម នៃពន្លឺ នៃការមើលឃើញពីតម្លៃនិងការដឹងគុណ នៃក្តីមេត្តា ករុណា មុទិតា និងឧបេក្ខា។ អ្នកកាន់តែអាចញញឹមបានច្រើន អ្នកកាន់តែមានក្តីសុខ។ អ្នកអាចមើលការញញឹមរបស់ព្រះពុទ្ធនៃយើងជាគម្រូបាន។ កុំជឿខ្ញុំអី តែអ្នកអាចសាកល្បងដោយខ្លួនឯងចុះ សាកល្បងញញឹមឲ្យបានច្រើន នោះអ្នកនឹងអាចយល់ពីអ្វីដែលខ្ញុំនិយាយជាមិនខាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
215 / 365 នៃមេរៀនជីវិតរីករាយ
យើងម្នាក់ៗខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក៏ព្រោះតែរំពឹងថា ការខំប្រឹងប្រែងរបស់យើងនឹងធ្វើឲ្យជីវិតមួយនេះជួបសេចក្តីសុខចាកផុតពីទុក្ខទាំងឡាយ។ ពួកយើងខំប្រឹងស្វះស្វែងរកទ្រព្យសម្បត្តិដើម្បីបន្តទៅរកសេចក្តីសុខនៅក្នុងជីវិត រហូតពួកយើងភ្លេចចាប់អារម្មណ៍ក្តីសុខដែលនៅជិតៗ ក្តីសុខដែលយើងអាចរកបានដោយគ្រាន់តែយើងបន្ថយល្បឿនបន្តិច។ ក្លិនក្រអូបនៃស្រូវក្នុងវាលស្រែ ភាពស្រទំនៃថ្ងៃលិចដែលយើងអាចមើលឃើញដោយភ្នែកទាំងគូ ខ្យល់ត្រជាក់ៗដែលបក់មកប៉ះនឹងកាយរបស់យើង រាងកាយដែលអាចជូនយើងទៅកន្លែងដែលយើងចង់ទៅ គ្រួសារដែលអាចរួមតុញាំអាហារជាមួយយើង ស្នាមញញឹមដែលយើងអាចបង្កើតដោយគ្រាន់តែឃើញក្មេងៗរត់លេង ទាំងអស់នេះគឺជាក្តីសុខដែលយើងអាចរកបានយ៉ាងងាយដោយគ្រាន់តែបន្ថយល្បឿនបន្តិច ហើយក៏រៀនសង្កេតមើលក្តីសុខទាំងអស់នោះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
214 / 365 នៃមេរៀនជីវិតរីករាយ
អ្នកត្រូវចាំថា ជីវិតមួយនេះគឺជារបស់អ្នក មិនមែនជារបស់អ្នកផ្សេងឡើយ។ ជារៀងរាល់ថ្ងៃ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចដឹងថាម្ហូបណាឆ្ងាញ់សម្រាប់អ្នក ជម្រើសណាត្រូវនឹងអ្នក គោលដៅណាដែលត្រូវបន្ត ឬបញ្ឈប់។ អ្នកផ្សេងអាចយល់ថាជម្រើសកឬខល្អសម្រាប់អ្នក តែត្រូវចាំថាគេមិនមែនជាអ្នកគេមិនអាចដឹងពីអ្វីដែលអ្នកពិតជាត្រូវការនោះទេ។ ដូច្នេះហើយសូមកុំអនុញ្ញាតឲ្យយោបល់ ឬការវាយតម្លៃរបស់អ្នកដទៃប៉ះទន្គិចផ្លូវចិត្តរបស់អ្នក រហូតអ្នកមិនអាចបន្តធ្វើរឿងដែលបេះដូងរបស់អ្នកត្រូវការឲ្យសោះ។ ចូរបន្តធ្វើរឿងដែលអ្នកគួរធ្វើ នោះមិនមែនមកពីអ្នកដទៃប្រាប់អ្នកឲ្យធ្វើវានោះទេ តែមកពីអ្នកដឹងយ៉ាងច្បាស់ថាអ្វីដែលអ្នកគួរធ្វើ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
213 / 365 នៃមេរៀនជីវិតរីករាយ
អ្នកមិនត្រូវការសូមការអនុញ្ញាតពីនរណាម្នាក់ដើម្បីអាចហោះហើរបាននោះទេ ពីព្រោះស្លាបមួយគូនេះគឺជារបស់អ្នក។ ហើយមេឃមួយនេះក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកណាម្នាក់នោះដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែរៀនពីរបៀបប្រើប្រាស់ស្លាបរបស់អ្នក និងរបៀបសម្រាកពេលដែលធ្វើដំណើរផ្លូវឆ្ងាយតែប៉ុណ្ណោះ។ ដូចគ្នាដែរ ក្តីសុខ ភាពរីករាយ ក្តីសុបិន្ត ភាពជោគជ័យ ក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជនណាម្នាក់ដែលអ្នកមិនអាចរីករាយ មិនអាចជោគជ័យបាននោះដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែរៀនពីរបៀបប្រើប្រាស់ស្លាបដ៏រឹងមាំរបស់អ្នកតែប៉ុណ្ណោះ ដែលស្លាបរបស់អ្នកនៅទីនេះគឺជាចិត្តរបស់អ្នកនេះឯង។ ហើយដើម្បីអាចប្រើប្រាស់ចិត្តរបស់អ្នកឲ្យកើតជាប្រយោជន៍យ៉ាងច្រើនបាន អ្នកត្រូវដឹងពីដំណើរនៃចិត្ត ដឹងពីរបៀបគ្រប់គ្រងវា ហើយក៏ប្រើប្រាស់វាដើម្បីសម្រេចនូវអ្វីដែលអ្នកប្រាថ្នាចង់បាន។ ការយកឈ្នះចិត្តទាមទាឲ្យអ្នកមានវិន័យខ្ពស់តែនេះក៏មិនមែនមានន័យថា អ្នកមិនអាចធ្វើបាននោះទេពីព្រោះអ្នកគឺជាម្ចាស់នៃចិត្តមួយនេះ មិនមែនចិត្តជាម្ចាស់អ្នកនោះឡើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
212 / 365 នៃមេរៀនជីវិតរីករាយ
គ្មាននរណាអាចមើលឃើញដូចអ្វីដែលអ្នកមើលឃើញនោះទេ បើទោះបីជាអ្នកបានមើលរូបភាពតែមួយជាមួយគ្នាក៏ដោយ។ ការមើលឃើញរបស់អ្នកគឺផ្អែកទាំងស្រុងទៅលើអ្វីដែលជាអ្នក អ្វីដែលអ្នកធ្លាប់ឆ្លងកាត់ ធ្លាប់បានរៀន ធ្លាប់បានដឹង ទាំងអស់នេះច្របាច់ចូលគ្នា។ អ្នកផ្សេងក៏មើលឃើញទៅតាមអ្វីដែលជាគេដូចគ្នាដែរ។ ដំណើរនៃការមើលឃើញនេះគ្នានអ្វីខុសគ្នានោះទេ តែបើអ្នកបើកចិត្តឲ្យទូលាយស្តាប់នូវអ្វីដែលអ្នកដទៃមើលឃើញ នោះអ្នកនឹងអាចមើលឃើញកាន់តែច្បាស់ជាងមុនជាមិនខាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ