Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
201 / 365 នៃមេរៀនជីវិតរីករាយ
ក្មេងតូចអាយុ៧ឆ្នាំម្នាក់បានមើលវីដេអូព្យុះសូណាមិនៅជប៉ុន ហើយក៏ប្រាប់ទៅប៉ាខ្លួនថាមិនចង់ទៅជប៉ុនទេព្រោះព្យុះសាហាវណាស់។ ដោយសារតែក្មេងតូចចូលចិត្តមើលវីដេអូបែបហ្នឹង ទើបគាត់មិនដែលចង់ទៅណានោះទេ។ ពិតជាគួរឲ្យអាណិតក្មេងតូចកំសត់ណាស់ ដែលត្រូវបានខ្មោចទូរសព្ទ័ធ្វើឲ្យគាត់យល់ថាពិភលលោកទាំងមូលគួរឲ្យខ្លាច។ ខ្ញុំជាមនុស្សធំអាចពិចារណាបាន ទើបខ្ញុំយល់ថាពិភពលោកគឺពិតជាស្រស់ស្អាតណាស់។ តែក៏មានមនុស្សធំខ្លះបដិសេធការយល់ឃើញនេះដែរ។ ពួកគេយល់ថា ពិភពលោកពោរពេញទៅដោយមនុស្សអាក្រក់ច្រើនណាស់ វាមិនស្រស់ស្អាតទេ ដូច្នេះហើយកុំទុកចិត្តអ្នកណាឲ្យសោះ។ ឯអ្នកខ្លះទៀតក៏ធ្លាប់យល់ថាពិភពលោកស្រស់ស្អាតដែរ តែដោយសារខ្លួនជួបការបោកប្រាស់ ឬខកចិត្តច្រើនដងពេក ពួកគាត់ក៏យល់ថាពិភពលោកមិនស្រស់ស្អាតដូចអ្វីដែលខ្លួនធ្លាប់បានគិតកន្លងមកទេ។ អាក្រក់ឬល្អវាអាស្រ័យទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ។ តែទោះបីជាខ្ញុំធ្លាប់ត្រូវបានគេបោក គេកុហក កេងប្រវ័ញ្ច ឬជួបរឿងមិនល្អផ្សេងៗទៀតក៏ដោយ ក៏ខ្ញុំនៅតែយល់ថាពិភពលោកគឺស្រស់ស្អាតដដែល ព្រោះខ្ញុំយល់ពីធម្មជាតិរបស់មនុស្សដែលមានចិត្តមិនទាន់បានអប់រំដល់កំរិត គឺតែងតែអាចកុហក កេងប្រវ័ញ្ច ឬធ្វើរឿងណាមួយដែលមិនត្រឹមត្រូវបាន។ ដូច្នេះហើយ តើខ្ញុំទៅខឹងនឹងការពិតមួយនេះបានប្រយោជន៍អ្វី? អ្វីដែលខ្ញុំអាចធ្វើបានគឺរៀនសូត្រពីមេរៀនទាំងនោះ...
200 / 365 នៃមេរៀនជីវិតរីករាយ
សឹងតែគ្រប់ពេលទៅហើយដែលយើងតែងតែរត់គេចពីខ្លួនឯង និងបញ្ហារបស់យើងពេលដែលវាកើតឡើងម្តងៗ។ ពេលយើងពិបាកចិត្ត អ្នកខ្លះក៏ទាញទូរស័ព្ទមកមើលរឿង ឬលេងហ្គេម។ ឯអ្នកខ្លះទៀតក៏សេពគ្រឿងស្រវឹងដើម្បីគេចវេសពីបញ្ហាទាំងឡាយ។ វាធម្មតាណាស់ដែលធម្មជាតិរបស់មនុស្សយើងមិនចូលចិត្តភាពឈឺចាប់ និងបញ្ហាទាំងអស់នេះ។ តែការធ្វើបែបនេះ វាមិនខុសអីពីការរត់គេចពីកូនតូចរបស់យើងដែលកំពុងយំនោះទេ។ កូនតូចនឹងយំរំខានយើងរហូត យំរហូតទាល់តែយើងចាប់អារម្មណ៍លើគាត់ ចំណាយពេលជាមួយគាត់ យល់ពីគាត់ និងព្យាយាមរកមូលហេតុពិតដែលធ្វើឲ្យគាត់យំ ហើយក៏ដោះស្រាយមូលហេតុនោះទៅ។ តែបើយើងបន្តរត់គេចពេលដែលកូនតូចយំ នោះកូនតូចនឹងមិនឈប់យំនោះឡើយ។ កូនតូចអាចបាត់យំនៅខណៈណាមួយ តែបើបញ្ហាពិតរបស់គាត់មិនទាន់បានដោះស្រាយទេនោះ កូនតូចនឹងយំរកយើងនៅពេលណាមួយទៀតជាមិនខាន។ ដូច្នេះរាល់ពេលដែលអ្នកឈឺចាប់ខ្លាំង បារម្ភខ្លាំង ខ្លាចខ្លាំង អ្នកកុំរត់គេចពីវា តែអ្នកអាចសាកល្បងអង្គុយជាមួយវា យល់ពីវា លួងលោមវា ហើយព្យាយាមរកមូលហេតុពិតដែលធ្វើឲ្យវាមករំខានអ្នក ហើយបន្ទាប់មកទៀតក៏ព្យាយាមរកដំណោះស្រាយឲ្យវាទៅ។...
199 / 365 នៃមេរៀនជីវិតរីករាយ
ធម្មជាតិពិតជាបានផ្តល់ភាពអស្ចារ្យដល់អ្នកក្នុងការសម្របខ្លួនដើម្បីអាចរស់នៅជីវិតមួយនេះ ជាពិសេសពេលដែលអ្នកកំពុងជួបការលំបាកនិងឧបសគ្គនានា។ ខ្ញុំនឹងលើកយករឿងតូចមួយមកពិសោធ នោះគឺភាពងងឹត។ អ្នកអាចជាមនុស្សខ្លាចងងឹតខ្លាំង ព្រោះអ្នកធ្លាប់ឆ្លងកាត់បទពិសោធអាក្រក់មួយនៅពេលងងឹត។ អ្នកក៏ប្រហែលជាមនុស្សខ្លាចងងឹតតិចៗដែរ ព្រោះពេលងងឹតអ្នកមើលអីមិនឃើញ។ ឬមួយអ្នកអាចជាមនុស្សដែលមានចិត្តនឹងនរមិនខ្លាចងងឹតសោះ។ មិនថាបទពិសោធអ្នកយ៉ាងណាចំពោះភាពងងឹតនោះទេ អ្វីដែលខ្ញុំចង់ឲ្យអ្នកពិសោធនោះគឺ តើមានអ្វីកើតឡើងនៅពេលងងឹត? តោះសាកល្បងពិសោធមើលទាំងអស់គ្នា។ យប់នេះពេលអ្នកគេង បិទភ្លើងទាំងអស់នៅក្នុងបន្ទប់របស់អ្នកតែកុំទាន់បិទភ្នែក (សម្រួលអារម្មណ៍បើអ្នកខ្លាចងងឹតខ្លាំង ហើយមិនអាចគេងដោយបិទភ្លើងបាន)។ បន្ទាប់មកទៀតនៅស្ងៀម២ទៅ៣នាទី ពេលនោះអ្នកនឹងសង្កេតឃើញថាខ្លួនឯងនឹងចាប់ផ្តើមអាចមើលឃើញនៅក្នុងភាពងងឹតនោះ ហើយវាមិនងងឹតខ្លាំងដូចជាពេលដែលអ្នកបិទភ្លើងពីដំបូងនោះទេ។ តើមានអ្វីកើតឡើង? នៅពេលងងឹត ប្រស្រីភ្នែកខ្មៅរបស់អ្នកនឹងរីកធំជាងមុនដើម្បីឲ្យអ្នកអាចមើលឃើញសូម្បីតែពន្លឺដ៏តិចតួចមែនទែន។ ធម្មជាតិនៃប្រស្រីភ្នែករបស់យើងអាចរីកឬរួមទៅតាមស្ថានភាពដែលយើងកំពុងជួបប្រទះដើម្បីជួយយើង ដូចជាពេលងងឹត ភ្លឺខ្លាំង សប្បាយចិត្ត ឬពេលជួបគ្រោះថ្នាក់ជាដើម។ ជាទូទៅភ្នែករបស់យើងតែងតែត្រូវការពេលក្នុងការសម្របខ្លួន ឧទាហរណ៍ពីភ្លឺទៅងងឹត...
198 / 365 នៃមេរៀនជីវិតរីករាយ
យើងមានដែលឆ្ងល់ទេថា កាលពីជំនាន់មុនមិនសូវសម្បូរសៀវភៅ ឬឯកសារសិក្សាពីជីវិតនោះទេ តែហេតុអ្វីបានជាសម្បូរទស្សនវិទូម្ល៉េះតួយ៉ាងមានដូចជា ព្រះពុទ្ធ(ព្រះពុទ្ធលើសពីទស្សនវិទូ) សូក្រាត ប្លាតូ ឡាវជឺ ខុងជឺជាដើម ហើយទស្សនៈរបស់ពួកគាត់មានឥទ្ធិពលដល់របៀបរស់នៅរបស់មនុស្សយើងរហូតមកដល់សព្វថ្ងៃនេះ។ ពួកគាត់បានបង្រៀនឲ្យយើងរៀនស្គាល់ខ្លួនឯង រៀនគ្រប់គ្រងខ្លួនឯងជាជាងពិភពខាងក្រៅ ហើយត្រូវរស់នៅជាមួយធម្មជាតិ ឲ្យស្របទៅតាមច្បាប់ធម្មជាតិ។• ព្រះពុទ្ធបានបង្រៀនឲ្យយើងយល់ពីដំណើរធម្មជាតិនៃជីវិតមួយនេះ ហើយបង្កើតបញ្ញាតាមរយៈការធ្វើសមាធិ (វិប្បសនា)។ • សូក្រាតបានបង្រៀនយើងពីសារសំខាន់នៃការឆ្លុះបញ្ចាំងនិងសង្កេតមើលខ្លួនឯង។ • ឡាវជឺបានបង្រៀនយើងរៀនសូត្រពីធម្មជាតិ ហើយត្រូវរស់នៅស្របជាតាមធម្មជាតិ។ • ខុសជឺបានបង្រៀនយើងឲ្យចេះច្នៃខ្លួនឯងតាមរយៈការឆ្លុះបញ្ចាំង និងបន្តអភិវឌ្ឍខ្លួនឯងរហូត។ អ្វីដែលខ្ញុំបានរៀនពីទស្សនៈរបស់ពួកគាត់គឺ “យើងគឺជាបណ្ណាល័យមួយយ៉ាងធំ ហើយធម្មជាតិគឺជាមហាបណ្ណាល័យមួយដែរ។” បើពួកយើងចំណាយពេលជាមួយបណ្ណាល័យទាំងពីរនេះ យើងច្បាស់ជាអាចទទួលបានចំណេះដឹង...
197 / 365 នៃមេរៀនជីវិតរីករាយ
មកដល់ពេលនេះ អ្នកច្បាស់ជាធ្លាប់បានឆ្លងកាត់រឿងលំបាក និងបញ្ហាជាច្រើននៅក្នុងជីវិតហើយ។ បញ្ហាតែងតែមានតូចមានធំ ហើយក៏មានបញ្ហាខ្លះធំរហូតធ្វើឲ្យអ្នកយល់ថា វាមិនអាចដោះស្រាយបានទៀតផង។ តែមកដល់ពេលនេះ បញ្ហានោះក៏នៅតែអាចដោះស្រាយចេញ ឬយ៉ាងហោចណាស់វាមិនធំដូចកាលដែលអ្នកកំពុងជួបវាដំបូងៗនោះទេ។ បើនៅខណៈនេះ ឬទៅអនាគតអ្នកមានអារម្មណ៍ថាបញ្ហារបស់អ្នកធំខ្លាំងណាស់ អ្នកក៏ត្រូវនឹកដល់ភាពខ្លាំងរបស់អ្នកដែលធ្លាប់បានហែលឆ្លងបញ្ហារាប់មិនអស់ពីមុនមក។ កាលពីមុន អ្នកមិនទាន់មានបទពិសោធជីវិតច្រើនផង អ្នកនៅតែអាចដោះស្រាយវាចេញ រឿងអ្វីដែលពេលនេះ អ្នកមិនអាចដោះស្រាយវាបាននោះ? តែបើវាធំខ្លាំងមែនទែន ធំដែលបទពិសោធនិងកម្លាំងរបស់អ្នកមិនទាន់គ្រប់គ្រាន់ក្នុងការដោះស្រាយវាទេនោះ អ្នកក៏កុំភ្លេចប្រាប់ខ្លួនឯងថា៖ “បញ្ហាទាំងឡាយដែលខ្ញុំកំពុងជួបប្រទះនេះ គឺគ្រាន់តែជាលំហាត់ជីវិតតែប៉ុណ្ណោះ ទោះដោះស្រាយវាបានឬមិនបាន យ៉ាងហោចណាស់ក៏ខ្ញុំនឹងចំណេញបានរៀនសូត្រពីវាដែរ។” ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
196 / 365 នៃមេរៀនជីវិតរីករាយ
ឲ្យតែរដូវផ្លែឈើទុំម្តងៗ ផ្ទះខ្ញុំសម្បូរសត្វស្រមោចណាស់។ អ្នកដែលមកលេងខ្ញុំតែងតែប្រាប់ឲ្យទិញថ្នាំបាញ់មូសមកបាញ់ស្រមោចទាំងអស់នោះទៅ តែក្រោយមកទើបគាត់ដឹងថា ខ្ញុំមិនសម្លាប់សត្វទេ។ ខ្ញុំក៏ប្រាប់គាត់វិញថា៖ បើទោះបីជាខ្ញុំអាចសម្លាប់សត្វ ក៏ខ្ញុំមិនសម្លាប់ស្រមោចទាំងអស់នេះដែរព្រោះនេះមិនមែនជាកំហុសរបស់ពួកវាឡើយ។ ធម្មជាតិរបស់ស្រមោចគឺចូលចិត្តរោមរបស់ផ្អែមៗទើបបានជាយើងឃើញពួកវានៅទីនេះ ហើយបើយើងបាញ់សម្លាប់ពួកវា ក៏ស្រមោចផ្សេងទៀតនឹងមករកផ្លែឈើទុំទាំងអស់នេះដដែលនឹង។ ដូច្នេះអ្វីដែលយើងគួរធ្វើ គឺផែនការរបស់យើងទៅលើចំណីរបស់វា មិនមែនពួកវានោះទេ។ ជាញឹកញយណាស់យើងតែងតែពាក់វ៉ែនតាពណ៌ក្នុងការមើលអ្វីមួយ ដោយមិនបានឃើញធម្មជាតិពិតរបស់វានោះទេ ដែលនេះជាហេតុធ្វើឲ្យយើងកើតទុក្ខ។ តែបើយើងដោះវ៉ែនតាពណ៌ចេញ យើងច្បាស់ជាមើលឃើញដំនោះស្រាយដែលប្រសើរជាមិនខាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
195 / 365 នៃមេរៀនជីវិតរីករាយ
ទោះបីការងាររបស់អ្នកប្រើកម្លាំងច្រើន មិនសូវមានមុខមាត់នៅក្នុងសង្គម ឬមិនសូវទទួលបានប្រាក់ចំណូលច្រើន តែបើវាអាចធ្វើឲ្យអ្នកញញឹមរីករាយច្រើន អាចឲ្យអ្នកពេញចិត្តនឹងងើបពីគេងមកមើលថែវា នោះអ្នកពិតជាសំណាងណាស់ ព្រោះអ្នកកំពុងទទួលបានប្រាក់ចំណូលទាំងដែលខ្លួនមិនបានធ្វើការ។ ជាងនេះទៅទៀត អ្នកមិនចាំបាច់ចំណាយប្រាក់ដើម្បីទៅរកអ្វីផ្សេងទៀត ក្នុងការធ្វើឲ្យខ្លួនរីករាយនឹងជីវិតនោះទេ។ បើអ្វីដែលខ្ញុំកំពុងរៀបរាប់នេះជាអ្នក តែអ្នកយល់ថាខ្លួនឯងអភ័ព្វ នោះអ្នកអាចរៀនមើលពីសំណាងមួយនេះទៅមើល? ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
194 / 365 នៃមេរៀនជីវិតរីករាយ
ពេលខ្លះមានគំនិតល្អមួយបានចូលមកក្នុងការគិតរបស់ខ្ញុំម្តងហើយម្តងទៀត តែដោយសារខ្ញុំរវល់នឹងរឿងផ្សេងទៀតទើបមិនបានចាប់អារម្មណ៍សរសេរវាទុកនោះទេ រហូតដល់វាទៅណាបាត់ទោះបីជាខ្ញុំខំអង្គុយរកនឹកវាយ៉ាងណាក៏ដោយ ក៏រកវាលែងឃើញដែរ។ ឯថ្ងៃខ្លះទៀតវិញ ខ្ញុំអាចសរសេរអត្ថបទបានដល់ទៅ២០ជាប់គ្នា។ សរសេមួយចប់ គំនិតមួយទៀតក៏លេចឡើងមកមិនដឹងជាវាមកពីណាខ្លះនោះទេ។ ពេលខ្ញុំត្រលប់ទៅមើលអត្ថបទដែលខ្លួនឯងបានសរសេរ វាតែងតែធ្វើឲ្យខ្ញុំញញឹមហើយនិយាយជាមួយខ្លួនឯងថា៖ “ខ្ញុំជាអ្នកសរសេរវាមែន ចេះតែរកនឹកសរសរអីចឹងកើតដែរន៎”។ ដំណើរនៃការសរសេអត្ថបទរបស់ខ្ញុំតែងតែកើតឡើងបែបនេះដដែលៗ រហូតដល់ពេលមួយខ្ញុំបានអានសៀវភៅទាក់ទងនឹងរបៀបតែងនិពន្ធដែលមានចំណងជើងថា Big Magic: Creative Living Beyond Fear ដែលអ្នកនិពន្ធអែលីស្សាបែត (Elizabeth Gilbert) បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការតែងនិពន្ធថា៖ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែមានថាមពលទាក់ទងគ្នា ហើយគំនិតរបស់យើងក៏ដូចគ្នាដែរ។ មានគំនិតល្អៗជាច្រើននៅក្នុងចក្រវាល (Universe) ដែលត្រូវការនរណាម្នាក់ដែលមានថាមពលស្រដៀងគ្នាក្នុងការធ្វើឲ្យគំនិតនោះលេចរូបរាងចេញមកលើផែនដីនេះ។ គំនិតនោះនឹងមករំខានមនុស្សម្នាក់នោះដដែលៗ...
193 / 365 នៃមេរៀនជីវិតរីករាយ
ភាពស្មោះត្រង់ពិតជាសំខាន់ណាស់សម្រាប់គ្រប់ទំនាក់ទំនងទាំងអស់ មិនថាទំនាក់ទំនងស្នេហា គ្រួសារ ឬមិត្តិភក្តិនោះទេ។ បើភាពស្មោះត្រង់បានបាត់បង់ ការជឿទុកចិត្ត និងក្តីស្រលាញ់ក៏ធ្លាក់ចុះដូចគ្នា ហើយទំនាក់ទំនងក៏លែងរីករាយដូចមុនទៀតហើយ។ ទំនាក់ទំនងរបស់យើងជាមួយខ្លួនឯងក៏មិនខុសគ្នាពីទំនាក់ទំនងដទៃទៀតដែរ គឺត្រូវមានភាពស្មោះត្រង់បើមិនដូច្នោះទេក្តីស្រលាញ់ និងភាពជឿជាក់លើខ្លួនឯងក៏ធ្លាក់ចុះជាលំដាប់។ តើអ្វីខ្លះជាភាពស្មោះត្រង់ចំពោះខ្លួនឯង? ភាពស្មោះត្រង់ជាមួយខ្លួនឯងដែលពេលខ្លះយើងក៏បានមើលរំលងមានដូចជា៖• ការឆ្លើយបដិសេធទៅនឹងការបបួរទាំងឡាយណាដែលយើងមិនចង់ទៅ• ការនិយាយពាក្យសូមទោសជាជាងការប្រកែកយកឈ្នះអ្នកដទៃចំពោះការធ្វើខុសរបស់យើង• ការនិយាយប្រាប់តាមត្រង់ទៅកាន់សំនួរដែលយើងមិនចេះជាជាងការឆ្លើយមិនពិត ឬបញ្ឆិតបញ្ឆៀងដើម្បីឲ្យមើលទៅយើងចេះដែរ បើយើងទន្លាប់ស្មោះត្រង់ជាមួយខ្លួនឯងជារឿយៗ នោះទំនាក់ទំនងរបស់យើងនិងខ្លួនឯងក៏កាន់តែប្រសើរឡើងដូចគ្នាដែរ។ ពេលយើងមានទំនាក់ទំនងល្អជាមួយខ្លួនឯង យើងកាន់តែងាយស្រួលក្នុងការសម្រេចចិត្ត ងាយស្រួលក្នុងការរស់នៅជីវិតដែលខ្លួនឯងប្រាថ្នា និងពេញចិត្តខ្លួនឯងកាន់តែខ្លាំងឡើងៗ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
192 / 365 នៃមេរៀនជីវិតរីករាយ
បើមានគេប្រាប់ខ្ញុំថា គេអាចមើលដឹងពីខ្សែជីវិតនាពេលអនាគតរបស់ខ្ញុំ ទោះបីជាវាពិត១០០%ក៏ដោយក៏ខ្ញុំមិនចង់ដឹងដែរ ព្រោះវានឹងលែងគួរឲ្យរំភើបក្នុងការរស់នៅជីវិតមួយនេះទៀតហើយ ហើយអារម្មណ៍បែបផ្សងព្រេងក៏លែងមានទៀតដែរ។ ខ្ញុំមិនចាប់អារម្មណ៍ខ្លាំងទៅលើអ្វីដែលនឹងកើតឡើងលើខ្ញុំនោះទេ តែខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ទៅលើការឆ្លើយតបរបស់ខ្ញុំចំពោះព្រឹត្តិការណ៍ទាំងអស់នោះ។ ដោយសារការគិតបែបនេះហើយទើបធ្វើឲ្យខ្ញុំមិនខ្លាចក្នុងការរស់នៅ និងប្រឈមមុខចំពោះអនាគតឡើយ ហើយខ្ញុំជឿជាក់ថាបើយើងដាំគ្រាប់ពូជល្អនៅថ្ងៃនេះ ហើយបន្តមើលថែវាឲ្យបានល្អ ចង់មិនចង់យើងនឹងទទួលបានដើមឈើមួយដើមជាមិនខាន។ ដូច្នេះហើយកុំបារម្ភខ្វល់ខ្វាយនឹងអនាគតរបស់អ្នកពេក តែត្រូវចេះគិតគូរពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ