Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
191 / 365 នៃមេរៀនជីវិតរីករាយ
មានមនុស្សម្នាក់បាននិយាយរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនឲ្យអ្នកដទៃស្តាប់។ គាត់និយាយថា តាំងតែពីតូចមកគ្រួសារគាត់មិនសូវជាស្រលាញ់គាត់ទេ តែងតែស្រលាញ់កូនផ្សេងៗជាង។ ពេលគាត់ឡើងមករៀននៅភ្នំពេញ គាត់ត្រូវរត់ម៉ូតូដុបដើម្បីយកប្រាក់មកផ្គត់ផ្គង់ខ្លួនឯង ក៏ដូចជាការរៀនសូត្រផងដែរ។ គាត់មិនដែលគេងស្រួល ព្រោះត្រូវងើបពីយប់ហើយចូលគេងក៏យប់ជ្រៅទៀត ដែលជាហេតុធ្វើឲ្យគាត់គេងលក់នៅលើម៉ូតូរបស់ខ្លួនក៏មាន។ គាត់រៀបរាប់បណ្តើរ មានអារម្មណ៍ថាខ្លួនឯងកំសត់បណ្តើរ។ អ្នកទាំងឡាយដែលបានស្តាប់រឿងរបស់គាត់ក៏យល់ថាគាត់គួរឲ្យអាណិតណាស់ ដែលត្រូវឆ្លងកាត់ដំណើរជីវិតដែលលំបាកតាំងតែពីតូចមកបែបនេះ។ ខ្ញុំក៏និយាយទៅកាន់គាត់ថា៖ “អ្នកពិតជាសំណាងខ្លាំងណាស់ដែលបានឆ្លងកាត់រសជាតិជីវិតបែបនេះ។” ពេលនោះគ្រប់គ្នាក៏ងាកមើលខ្ញុំហើយបន្លឺឡើងថា៖ "អូននិយាយបែបនេះបាន មកពីអូនមិនធ្លាប់ឆ្លងកាត់ជីវិតដែលលំបាកទើបមិនអាចយល់អារម្មណ៍មួយនេះ។” ខ្ញុំគ្រាន់តែញញឹមដាក់ពួកគាត់ ហើយក៏មិនតបវិញច្រើននោះដែរ។ ចំពោះអ្នក តើអ្នកយល់ថាវាកំសត់ ឬក៏សំណាងទៅ? បើនិយាយពីរសជាតិជីវិត គាត់ហើយនិងខ្ញុំគឺម្យ៉ាងម្នាក់ពីគ្នាទេ។ តែបើអ្នកដទៃស្តាប់រឿងនិទានរបស់ខ្ញុំវិញ ពួកគាត់នៅតែអាចរីករាយជាមួយសាច់រឿងពិបាកៗដែលខ្ញុំធ្លាប់បានឆ្លងកាត់ជាមិនខាន ព្រោះខ្ញុំមិនដែលយល់ថា រឿងពិបាកៗដែលកើតឡើងនៅក្នុងជីវិតនេះគឺជារឿងកំសត់នោះទេ...
190 / 365 នៃមេរៀនជីវិតរីករាយ
បង្គោលរបងតែមួយដើម ក៏អាចធ្វើឲ្យរបងទាំងមូលកាច់ទៅតាមខ្លួនបាន។ វាអាចធ្វើឲ្យរបងទៅជាវៀចឬត្រង់។ ដូចគ្នាដែរ សូមកុំមើលងាយទម្លាប់តូចៗរបស់អ្នក។ ទម្លាប់ល្អមួយទោះតូចក្តី បើធ្វើវារាល់ថ្ងៃ នោះវានឹងជួយឲ្យជីវិតរបស់អ្នកអាចប្រសើរឡើងបាន។ តែបើវាជាទម្លាប់អាក្រក់វិញ វាក៏អាចធ្វើឲ្យជីវិតរបស់អ្នកធ្លាក់ចុះដូចគ្នា។ ទម្លាប់អានសៀវភៅត្រឹមតែមួយទំព័រក្នុងមួយថ្ងៃ ក៏វាអាចជួយឲ្យអ្នកក្លាយជាអ្នកចេះដឹងម្នាក់បាន។ ការដែលទម្លាប់មិនរៀបចំបន្ទប់គេងរបស់ខ្លួន ក៏អាចឲ្យជីវិតនិងការគិតរបស់អ្នករញ៉េរញ៉ៃបានដូចគ្នា។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
189 / 365 នៃមេរៀនជីវិតរីករាយ
រុក្ខជាតិខ្លះមិនមានផ្កាទេ តែវានៅតែអាចទាក់ទាញចិត្តរបស់យើងបានតាមរយៈភាពស្រស់ស្អាតនៃស្លឹកឬដើមរបស់វា។ អ្នកក៏ដូចគ្នាដែរ បើអ្នកគ្មានផ្កា អ្នកក៏អាចប្រើស្លឹកឬអ្វីដែលអ្នកមានមកធ្វើឲ្យខ្លួនឯងស្រស់ស្អាត និងទាក់ទាញបានដែរ។ អ្នកអាចនឹងយល់ថាខ្លួនគ្មានសមត្ថភាពដូចអ្នកដទៃ មិនស្អាតដូចអ្នកដទៃ ព្រោះអ្នកបានធ្វើការប្រៀបធៀបរវាងអ្វីដែលអ្នកមិនមាន ជាមួយនឹងអ្វីដែលអ្នកដទៃមាន។ អ្នកសាកឈប់ប្រៀបធៀប ហើយប្រើប្រាស់ថាមពលរបស់អ្នកទាំងស្រុងមកធ្វើការកែច្នៃនូវអ្វីដែលអ្នកមាន ជាមួយអ្វីដែលអ្នកអាចធ្វើបាន សម្រាប់រឿងដែលអ្នកស្រលាញ់ នោះភាពទាក់ទាញ និងភាពស្រស់ស្អាតរបស់អ្នកនឹងលេចឡើងជាមិនខាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
188 / 365 នៃមេរៀនជីវិតរីករាយ
ផ្តាចំប៉ីមិនចាំបាច់ត្រូវការនរណាម្នាក់មកសរសើរវា ទើបវាបញ្ចេញក្លិនក្រអូបនោះទេ ហើយធម្មជាតិនៃក្លិនក្រអូបនេះក៏មិនអាចបិទបាំងបានដែរ។ មនុស្សគ្រប់គ្នាតែងតែអាចស្គាល់ក្លិនរបស់វាជានិច្ច ទោះបីជាវានៅឆ្ងាយពីគេក៏ដោយ។ ដោយសារក្លិនក្រអូបនេះហើយ ទើបមនុស្សភាគច្រើនចូលចិត្តវា។ ទោះបីក្លិនផ្កាចំប៉ីក្រអូបយ៉ាងណាក៏ដោយ ក៏វាមិនអាចស្មើនឹងក្លិននៃអំពើល្អរបស់អ្នកដែរ។ អំពើល្អរបស់អ្នកពិតជាមានក្លិនក្រអូបខ្លាំងណាស់ ហើយក្រអូបមិនចេះស្វិតស្រពោនទៀតផង។ ចូរបន្តធ្វើល្អតទៅទៀត ធ្វើល្អគ្រប់ពេល និងគ្រប់ទីកន្លែង បើទោះបីជាគ្មាននរណាម្នាក់កំពុងចាំមើលអ្នកក៏ដោយ។ សូមឲ្យក្លិននៃអំពើល្អរបស់អ្នកបានជាប្រយោជន៍ដល់អ្នកដទៃផងចុះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
187 / 365 នៃមេរៀនជីវិតរីករាយ
តើធម្មជាតិពិតជាអាចព្យាបាលចិត្តរបស់យើងបានដែរឬទេ? ហេតុអ្វីបានជាយើងមានអារម្មណ៍រីករាយ និងស្រាកស្រាន្តពីទុក្ខបានមួយកំរិតនៅពេលដែលយើងបានផ្សារភ្ជាប់ជាមួយនឹងម្មជាតិ? សម្រាប់ខ្ញុំ ធម្មជាតិពិតជាអាចព្យាបាលចិត្តរបស់យើងបាន ព្រោះធម្មជាតិបានធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់ថា ពួកយើងគឺជាភាវៈតូចមួយនៅក្នុងចក្រវាលមួយនេះ ចំណែកឯទុក្ខរបស់យើងក៏តូចដូចគ្នាដែរ។ ធម្មជាតិមិនប្រញាប់ទេ អ្នកអាចសង្កេតបានតាមរយៈការរីកចម្រើនរបស់រុក្ខជាតិនានា ចុះហេតុអ្វីបានជាយើងប្រញាប់ម្ល៉េះ ហេតុអ្វីយើងត្រូវរត់គ្រប់ពេលវេលា គ្មានពេលសម្រាកសោះ? ធម្មជាតិតែងតែត្រូវការការផ្លាស់ប្តូរដើម្បីធ្វើការប្រែក្លាយខ្លួនឲ្យទៅជាប្រសើរជាងមុន ដូចជាដង្កូវប្រែខ្លួនទៅជាមេអំបៅដែរ ហើយយើងក៏ដូចគ្នា យើងក៏ត្រូវការការប្រែប្រួលដើម្បីប្រែក្លាយខ្លួនឲ្យទៅជាប្រសើរជាងមុនដែរ។ ការចេះសង្កេតមើលធម្មជាតិ ហើយយកវាមកឆ្លុះបញ្ចាំងលើខ្លួនឯង នឹងធ្វើឲ្យអ្នកយល់ពីតម្លៃនៃជីវិត និងដំណើររបស់វាបានកាន់តែច្បាស់ជាងមុន។ ជាងនេះទៅទៀត អ្នកនឹងរីករាយក្នុងការប្រឈមមុខជាមួយការប្រែប្រួលនានាផងដែរ។ កុំទាន់ជឿលើបទពិសោធរបស់ខ្ញុំពីការព្យាបាលមួយនេះអី អ្នកគួរតែពិសោធវាដោយខ្លួនឯងវិញ។ អនុញ្ញាតឲ្យខ្លួនឯងមានឱកាសបានសង្កេត រៀនសូត្រ និងផ្សាភ្ជាប់ជាមួយធម្មជាតិ នោះអ្នកនឹងអាចមើលឃើញពីភាពអស្ចារ្យនៃការមានជីវិតមួយនេះជាមិនខាន។ អ្នកនឹងចេះអរគុណចំពោះរាល់បញ្ហា...
186 / 365 នៃមេរៀនជីវិតរីករាយ
មនុស្សយើងគឺជាជនសង្គមដែលត្រូវការការរាប់រក ការទទួលស្គាល់ពីអ្នកដទៃ វាមិនខុសនោះទេ។ តែដើម្បីអាចចូលទៅក្នុងសង្គមមួយនេះបាន យើងពិតជាត្រូវការពន្យល់ថាយើងជានរណា មកពីណា ចូលចិត្តអ្វីខ្លះ ហេតុអ្វីយើងធ្វើនេះ ហេតុអ្វីយើងធ្វើនោះដែរឬ? ជាញឹកញយណាស់ ពេលគេមិនទាន់ដឹងរឿងណាមួយរបស់យើង យើងក៏ព្យាយាមពន្យល់ ព្យាយាមនិយាយច្រើនពីខ្លួនឯង ច្រើនរហូតដល់ពេលខ្លះអ្នកស្តាប់ធុញទ្រាន់ និងមិនឲ្យតម្លៃទៀតផង។ ត្រូវយល់ថា បើគេពិតជាចង់ដឹងចង់ស្គាល់យើងមែន វាមិនខុសអីពីយើងចង់ឲ្យគេដឹងគេស្គាល់យើងនោះទេ គឺការព្យាយាមនឹងកើតមានឡើង។ គេច្បាស់ជាព្យាយាមសួរនាំ ច្បាស់ជាបង្កើតការសន្ទនាជាមួយយើងឲ្យខាងតែបាន។ ដូច្នេះតើវាចាំបាច់ទេក្នុងការនិយាយពន្យល់បកស្រាយពីខ្លួនឯង ខណៈដែលគេមិនទាន់ចង់ដឹង? នៅខណៈខ្លះ អ្វីដែលប្រសើរបំផុតសម្រាប់យើងគឺគ្រាន់តែនៅស្ងាម ហើយរីករាយជាមួយនឹងខ្លួនឯង ឬរីករាយនឹងរៀនសូត្រពីរឿងរបស់អ្នកដទៃគឺគ្រប់គ្រាន់ហើយ។ ពេលនោះ ថាមពលវិជ្ជាមានរបស់យើង នឹងធ្វើការសន្ទនាជំនួយយើងជាមិនខាន។...
185 / 365 នៃមេរៀនជីវិតរីករាយ
ផែនដីមួយនេះកើតមកមុនយើងរយលានឆ្នាំមកហើយ ហើយព្រៃឈើ សត្វព្រៃ និងធម្មជាតិជាច្រើនទៀតក៏មាននៅលើលោកនេះយូរយារណាស់មកហើយដែរ។ ចំនែកឯពួកយើងទើបតែមករស់នៅលើផែនដីនេះមិនទាន់បានប៉ុន្មានឆ្នាំផង ហេតុអ្វីបានជាយើងហ៊ាននិយាយថា ធម្មជាតិទាំងអស់នេះជារបស់យើង ហើយនាំគ្នាដណ្តើមយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ? យើងមិនបានចូលរួមការពារ ហើយពេលខ្លះក៏ចូលរួមបំផ្លាញដោយផ្ទាល់ទៀតផង។ ពួកយើងមិនមែនជាម្ចាស់របស់ផែនដី និងធម្មជាតិដ៏ល្អឥតខ្ចោះទាំងអស់នេះទេ។ មិនខុសពីហ្វូងឃ្មុំ និងសត្វដទៃទៀតនោះទេ ពួកយើងគ្រាន់តែជាចំនែកតូចមួយនៃធម្មជាតិដែលមកជ្រកកោននៅលើផែនដីមួយនេះតែប៉ុណ្ណោះ។ ពួកយើងត្រូវរស់នៅបំពេញគ្នាទៅវិញទៅមក ការពារគ្នា ជួយគ្នា ព្រោះបើចំនែកណាមួយនៃធម្មជាតិបានបាត់បង់ឬខូចខាត ច្បាស់ណាស់មនុស្សយើងក៏ប៉ះទង្គិចដូចគ្នា ដូចអ្វីដែលពួកយើងកំពុងជួបប្រទះខ្លួនឯងផ្ទាល់នូវរាល់បញ្ហាធម្មជាតិដែលកំពុងកើតឡើងនៅលើផែនដីនេះ ដូចជាអាកាសធាតុក្តៅខ្លាំងជាងមុន រីងស្ងួតខ្លាំងនៅកន្លែងខ្លះ ខណៈនៅកន្លែងខ្លះទៀតជនលិចខ្លាំង។ អ្វីៗតែងតែប្រែប្រួលវាមិនខុសទេ តែសូមកុំឲ្យពួកយើងចូលរួមដោយផ្ទាល់ក្នុងការធ្វើឲ្យប្រែប្រួលជាអវិជ្ជមានមួយនេះ។ ស្រលាញ់ធម្មជាតិ ព្រោះធម្មជាតិជាមាតាដើមបំផុតរបស់ពួកយើង។ ដោយក្តីស្រលាញ់ពី AromToday...
184 / 365 នៃមេរៀនជីវិតរីករាយ
អណ្តើកគឺជាសត្វដែលអាចរស់នៅលើគោកផងក្នុងទឹកផង។ ថ្ងៃមួយត្រីដែលជាមិត្តភក្តិក៏បានជួបអណ្តើកបន្ទាប់ពីអត់ឃើញមួយរយៈ។ ខាងក្រោមគឺជាសន្ទនារបស់ពួកគេ។ ត្រី៖ សម្លាញ់បាត់ទៅណាមួយរយៈនេះទើបមិនដែលឃើញសោះ? អណ្តើក៖ អូសម្លាញ់! ខ្ញុំទើបតែមកពីដីគោក។ ត្រី៖ ដីគោក! តើសម្លាញ់ចង់មានន័យថាយ៉ាងម៉េច? គ្មានដីគោកឯណាទេ ខ្ញុំមិនដែលឃើញផង។ អណ្តើក៖ ហឹម បើឯងចង់គិតបែបហ្នឹងក៏ខ្ញុំមិនដឹងនិយាយថាម៉េចដែរ។ ត្រី៖ ណា! រៀបរាប់ប្រាប់ខ្ញុំតិចមើល ថាដីគោករបស់ឯងនោះវាយ៉ាងម៉េច? តើវាសើមទេ? អណ្តើក៖ ទេវាមិនសើមទេ។ ត្រី៖ ចុះតើវាត្រជាក់ទេ? អណ្តើក៖ ទេវាមិនត្រជាក់ទេ។ ត្រី៖ ចុះតើវាថ្លាដែលពន្លឺព្រះអាទិត្យអាចចាំងចូលបានទេ? អណ្តើក៖...
183 / 365 នៃមេរៀនជីវិតរីករាយ
បើដីគ្មានជីវជាតិ គ្មានសំណើម សម្បូរដោយថ្ម សត្វល្អិចចង្រៃ និងសម្បូរទៅដោយសារធាតុពុលនានា នោះរុក្ខជាតិមួយដើមពិតជាពិបាករីកលូតលាស់ល្អណាស់។ តែបើនៅក្នុងស្ថានភាពលំបាកយ៉ាងនេះហើយ វានៅតែអាចលូតលាស់ចេញជាផ្លែផ្កាបានវិញនោះ វាគឺជារុក្ខជាតិដ៏កម្រមួយ និងមានតម្លៃខ្លាំងណាស់។ អ្នកក៏ដូចគ្នាដែរ។ អ្នកអាចកើតក្នុងគ្រួសារដែលមានអំពើហិង្សា ក្រីក្រ ឬក៏នៅក្នុងសហគមន៍ដែលសម្បូរទៅដោយអ្នកជិតខាងមិនល្អ សេពគ្រឿងញៀនជាដើម។ តែបើអ្នកអាចអប់រំខ្លួនឯងឲ្យរស់នៅដោយសីលធម៌នៅក្នុងសង្គមបែបនេះបាន អ្នកគឺជាផ្កាមួយទងនោះហើយ។ ការតស៊ូ និងភាពរឹងមាំរបស់អ្នកដែលមិនព្រមដេកដួលទៅតាមសង្គមជុំវិញខ្លួន នឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលជោគជ័យនៅក្នុងជីវិត។ យើងពិតជាមិនអាចរើសកន្លែងដែលយើងត្រូវកើតបានឡើយ តែយើងពិតជាអាចហ្វឹកហាត់ចិត្តខ្លួនឯងឲ្យយកឈ្នះភាពលំបាកនានាបាន។ អ្នកហ្វឹកហាត់បណ្តើរ អ្នកក៏ត្រូវចេះអរគុណចំពោះភាពលំបាកទាំងអស់នោះផងដែរ ព្រោះពួកវានេះហើយដែលអាចឲ្យអ្នកមានឱកាសធ្វើការហ្វឹកហាត់ខ្លួនបាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
182 / 365 នៃមេរៀនជីវិតរីករាយ
ដើម្បីកុំឲ្យពិបាកចិត្ត រាងកាយមួយនេះត្រូវតែញ៉ាំអាហារ ព្រោះបើមិនដូច្នោះទេ រាងកាយនឹងឈឺ ហើយចិត្តនឹងពិបាកនឹងឈឺដែរ។ ដើម្បីកុំឲ្យពិបាកចិត្ត រាងកាយត្រូវខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីរកប្រាក់ ព្រោះបើគ្មានប្រាក់ ចិត្តនឹងពិបាក។ដើម្បីកុំឲ្យពិបាកចិត្ត សម្រស់គឺត្រូវតែស្អាត ព្រោះបើមានគេមើលងាយថាខ្លួនមិនស្អាត ចិត្តនឹងពិបាក។ ពេលពិបាកចិត្ត គំនិតចង់ដើរលេងក៏កើតមានឡើងដើម្បីធ្វើយ៉ាងណាឲ្យចិត្តបានធូរស្បើយ ព្រោះបើចិត្តនៅតែបន្តពិបាក រាងកាយក៏នឹងធ្លាក់ឈឺដុនដាបដូចគ្នា។ បើយើងសង្កេតមើលទៅ ចិត្តប្រៀបបានជាស្តេចនៃនគរមួយ ឯរាងកាយមួយនេះគឺជាកងទ័ព។ អ្វីដែលរាងកាយមួយនេះខំប្រឹងប្រែងធ្វើរាល់ថ្ងៃ គឺដើម្បីការពារចិត្ត ព្រោះបើចិត្តមានរឿង ខ្លួនក៏មិនបានសុខដែរ។ ចុះអ្នកជានរណា? អ្នកជារាជ្យគ្រូរបស់ចិត្ត (រាជ្យគ្រូរបស់ស្តេច)។ បើអ្នកអប់រំស្តេចនៃនគរអ្នកបានល្អ នោះនគរទាំងមូលនឹងរស់នៅមានសុខសន្តិភាព តែបើមិនដូច្នោះទេ នគរទាំងមូលនឹងជួបភាពវឹកវរ...